
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Goncalo Ramos ស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៥របស់ក្រុមខ្លួន និងជាគ្រាប់បាល់ទី៣របស់គេ ក្នុងពេលព័រទុយហ្គាល់ ប្រកួតជាមួយនឹងស្វ៊ីស ក្នុងវគ្គ១៦ក្រុម។ AFP
វីរបុរសនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Goncalo Ramos បាននិយាយថា រូបគេមិនធ្លាប់បានគិតសូម្បីតែជាប់ក្នុងជម្រើសទាំង១១នាក់ដំបូងនាការប្រកួត World Cup វគ្គចាញ់-ធ្លាក់ ក្រោយរូបគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្នុងក្នុងជម្រើសដំបូងជាលើកទី១របស់ពួកគេនៃយុទ្ធនាការនេះ។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសដំបូងដ៏មិននឹកស្មានដល់ ដើម្បីជំនួសកន្លែងរបស់ម្ចាស់ពានរង្វាន់បាល់មាស Ballon d''Or ៥សម័យកាល Cristiano Ronaldo និងបានផ្តល់ការតបស្នងដល់លោក Fernando Santos តាមរយៈការបង្ហាញពីទម្រង់លេងយ៉ាងឥតខ្ចោះ។
តារាឆ្នើមទើបតែរះរូបនេះបានឲ្យដឹងថា៖ «សូម្បីតែក្នុងសុបិនរបស់ខ្ញុំ ខ្ញុំមិនធ្លាប់គិតថា នឹងជាប់ក្នុងជម្រើសទាំង១១នាក់ដំបូងនៃការប្រកួត World Cup វគ្គចាញ់ធ្លាក់ និងស៊ុតបាល់បញ្ចូលទី៣គ្រាប់ឡើយ»។
Ramos បានបន្ថែមទៀតថា៖ «ប៉ុន្តែ យើងត្រូវតែគិតពីមួយប្រកួតទៅមួយប្រកួតទៀត និងត្រៀមសម្រាប់ការប្រកួតវគ្គ៨ក្រុចុងក្រោយ ជាមួយនឹងម៉ារ៉ុក។ លទ្ធផលនេះ លែងជាបញ្ហា្ហហើយ។ យើងទាំងអស់គ្នានឹងត្រូវផ្តោតលើការប្រកួតបន្ទាប់»។
Ramos មានវ័យត្រឹមតែ២ឆ្នាំប៉ុណ្ណោះ នៅពេលដែល Ronaldo បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយរូបគេបាននិយាយកោតសរសើរដល់តារាឆ្នើមវ័យ៣៧ឆ្នាំរូបនេះជារឿយៗ។ កីឡាករឆ្នើមប្រចាំការប្រកួតនាកីឡដ្ឋាន Lusail រូបនេះ ក៏ត្រូវបានចោទសួរពីស្ថានភាពក្នុងក្រុម ក៏ដូចជា Ronaldo ផងដែរ ដែលបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើល ចំពោះការជ្រើសរើសក្រុមរបស់លោក Santos។
Ramos បាននិយាយថា៖ «និយាយឲ្យត្រង់ទៅ គ្មាននរណាម្នាក់ក្នុងក្រុមនេះ បាននិយាយពីករណីនេះឡើយ។ Cristiano ក្នុងនាមជាប្រធានក្រុម បានធ្វើអ្វីដែលរូបគេត្រូវធ្វើ ដោយរូបគេបានជួយ ពិភាក្សាជាមួយយើង មិនមែនត្រឹមតែជាមួយខ្ញុំឡើយ ប៉ុន្តែ ក៏ជាមួយមិត្តរួមក្រុមផងដែរ»។
ស្របពេលជាមួយគ្នានេះ លោក Santos គ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកក្នុងការដាក់ឲ្យ Ronaldo ស្ថិតជាកីឡាករបម្រុង ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិស្វ៊ីស ក្នុងវគ្គ១៦ក្រមចុងក្រោយ «គឺជាយុទ្ធសាស្រ្តប៉ុណ្ណោះ ហើយគ្មានអ្វីលើសហ្នឹងឡើយ»។
លោកបានឲ្យដឹងថា៖ «ខ្ញុំបាននិយាយថា រឿងនេះបានបញ្ចប់ហើយ។ Cristiano Ronaldo គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ដែលលេងប្រកបដោយវិជ្ជាជីវៈ និងលេងជាប្រធានក្រុម។ ហេតុនេះ យើងត្រូវតែគិតអំពីក្រុមជារួម»។

ខ្សែការពារម៉ារ៉ុក Achraf Hakimi (ស្តាំទី២) អបអរជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួន ក្រោយពីបានស៊ុតបាល់ប៉េណាល់ទីចុងក្រោយ អំឡុងពេលនៃការស៊ុតបាល់កាត់សេចក្តីជាមួយអេស្ប៉ាញ។ AFP
ម៉ារ៉ុក ទម្លាក់ម្ចាស់ជើងឯកឆ្នាំ២០១០ អេស្ប៉ាញ ដើម្បីទៅវគ្គ៨ក្រុម
ខ្សែការពារ Achraf Hakimi បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្នុងការស៊ុតបាល់ប៉េណាល់កាត់សេចក្តី ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ឈានទៅប្រកួត World Cup វគ្គ៨ក្រុមចុងក្រោយ ជាលើកដំបូង កាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ ខណៈដែលក្រុមរបស់អាហ្វ្រិកមួយនេះ បានទម្លាក់អេស្ប៉ាញ ដ៏មិននឹកស្មានដល់ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០។
លោក Luis Enrique គ្រូបង្វឹកនៃក្រុមជម្រើសជាតិអេស្ប៉ាញ បានបញ្ជាក់ថា លោកបានកំណត់ឲ្យកីឡាកររបស់លោកម្នាក់ ហាត់ស៊ុតបាល់ប៉េណាល់ទីឲ្យបាន១០០០គ្រាប់។
ប៉ុន្តែ កីឡាករ Pablo Sarabia, Carlos Solerនិង Sergio Busquets សុទ្ធសឹងស៊ុតបាល់ប៉េណាល់ទីអត់ចូលទី នៅមុនពេល Hakimi បានស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួល ខណៈដែលក្រុមជម្រើសជាតិម៉ារ៉ុក បានទទួលជ័យជម្នះក្នុងការស៊ុតបាល់ប៉េណាល់ ក្នុងលទ្ធផល ៣-០ ដើម្បីបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លា ក្នុងចំណោមអ្នកគាំទ្រ។
ជ័យជម្នះនេះ មានន័យថា ម៉ារ៉ុក នឹងត្រូវជួបក្រុមខ្លាំងព័រទុយហ្គាល់ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីប្រជែងយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅប្រទេសកតា៕ AFP