ភ្នំពេញៈ ជាក្រុមហ៊ុនឯកជនមួយដែលមានភាពស្ទាត់ជំនាញលើការរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក(Esports)ប្រចាំនៅកម្ពុជាT.Y Media បានសម្រេចចាប់ដៃគូជាមួយក្រុមហ៊ុនវៀតណាម Mineski Global ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាEsportsនៅកម្ពុជាឱ្យកាន់តែរីកចម្រើនដែលអាចឈានទៅបង្កើតស្នាដៃជូនជាតិក្នុងការប្រជែងយកមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា(MoU)នេះ ថ្នាក់ដឹកនាំរបស់ T.Y Media និង Mineski Global បានអះអាងថា នឹងរួមគ្នាជួយសម្រួលដល់ការបង្កើតនូវបណ្តេញទំនាក់ទំនងដែលអនុញ្ញាតឱ្យបង្កើត និងផ្លាស់ប្តូរព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ សម្រាប់ស្ថាប័ននៅក្នុងតំបន់នៃកីឡាអេឡិចត្រូនិក និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាឱ្យមានការរីកចម្រើនថែមទៀត សម្រាប់ត្រៀមចូលរួមការប្រកួតនៅស៊ីហ្គេម។
លោក ធី វាយ អគ្គនាយកក្រុមហ៊ុនT.Y Media បានថ្លែងថា៖ «ការចុះ MoU នៅពេលនេះ ខ្ញុំនឹងរួមចំណែកមួយយ៉ាងធំដើម្បីបណ្តុះបណ្តាលវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាឱ្យឈានទៅដល់ការលេងហ្គេមដ៏ពិតប្រាកដមួយ ហើយក្រុមអាជីពរបស់យើងទាំងអស់នឹងអាចប្រកួតប្រជែងជាមួយក្រុមអាជីពរបស់ប្រទេសផ្សេងៗទៀតបាន ជាពិសេសខាងហ្វីលីពីន ដែលមានកម្រិតបច្ចេកទេសខ្លាំងដែលយើងគួរឱ្យប្រុងប្រយ័ត្ន»។
ទន្ទឹមនឹងនេះ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលបានចូលរួមជាសក្ខីភាពនៅក្នុងពិធីចុះ MoU កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នោះដែរ បានដាក់ក្តីសង្ឃឹមថា T.Y Media និងMineski Global នឹងរួមគ្នាបង្កើតឱ្យមានព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីផ្តល់ឱកាសឱ្យកីឡាករកម្ពុជាបានប្រកួតប្រជែងគ្នាដកស្រង់បច្ចេកទេសគ្នា និងពង្រឹងសមត្ថភាពបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «យើងសង្ឃឹមថា ការចាប់ដៃគ្នារវាងភាគីវៀតណាម និងភាគីកម្ពុជារបស់យើង នឹងនាំមកនូវការប្រកួតច្រើនជាលក្ខណៈផ្លូវការ និងស្តង់ដា ហើយយើងក៏រំពឹងដែរថា T.Y Media និង Mineski Global នឹងនាំយកព្រឹត្តិការណ៍ប្រកួតអន្តរជាតិលើវិញ្ញាសាកីឡា Esports នេះ មកកម្ពុជាបាន អ៊ីចឹងរំពឹងថា ការប្រកួត Mobile Legends: Bang Bang Southeast Asia Cup (MSC) នៅឆ្នាំក្រោយ នឹងបានមកកម្ពុជា»។
យ៉ាងណាក៏ដោយ លោក ធី វាយ បានប្រាប់ទៅគ្រូបង្វឹក ក៏ដូចជាតំណាងក្រុមកីឡាអេឡិចត្រូនិកនៅកម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងបច្ចេកទេសឱ្យបានខ្លាំងផងដែរ ព្រោះពិតណាស់ T.Y Media និងMineski Global នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ធំៗជាច្រើន ហើយនេះជាឱកាសយ៉ាងល្អសម្រាប់ក្រុម Esportsកម្ពុជា ជាពិសេសក្រុមកីឡាករជម្រើសជាតិកម្ពុជាក្នុងការប្រកួតដុសខាត់ជំនាញឱ្យបានកាន់តែល្អដើម្បីឈានទៅកាន់ការប្រកួតស៊ីហ្គេម។
លោកបានបញ្ជាក់ថា៖«ការខិតខំពង្រឹងសមត្ថភាពនេះ មិនមែនត្រឹមតែដើម្បីខ្លួនឯង និងកីឡា Esports នោះទេ ប៉ុន្តែយើងខំប្រឹងដើម្បីជាតិ ព្រោះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងចូលមកដល់នៅខែឧសភា អ៊ីចឹងយើងត្រូវតែបង្កើនសមត្ថភាពរបស់យើងឱ្យល្អនៅលើឆាកអន្តរជាតិដើម្បីឱ្យគេឃើញថាវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ក៏មិនធម្មតានោះដែរ»។
ជុំវិញការគាំទ្រដល់ការចុះ MoU របស់ក្រុមហ៊ុន T.Y Media និង Mineski Global លោក លន់ សាមឌី បានអះអាងថា ត្រូវបានធ្វើឡើងទៅតាមគោលការណ៍កីឡាទាំងអស់ ហើយសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា តែងតែមើលច្បាស់ណាស់ទៅលើគោលការណ៍ Fair play ជាធំ ទាំងជាមួយកីឡាករ ក្លិប និងអ្នកពាក់ព័ន្ធផ្សេងទៀត គឺយើងមិនឱ្យប៉ះពាល់ ឬធ្វើខុសនាំឱ្យសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ធ្វើការពិន័យនោះទេ។
លោកបានសង្កត់ធ្ងន់ថា៖ «បើសហព័ន្ធយើងធ្វើខុស នោះសហព័ន្ធអន្តរជាតិ នឹងពិន័យព្យួរយើងហើយ គឺមិនអនុញ្ញាតឱ្យយើងបញ្ជូនកីឡាករទៅចូលរួមការប្រកួតជើងឯកពិភពលោកបាននោះទេ ប៉ុន្តែសហព័ន្ធរបស់យើង តែងតែធ្វើអ្វីដែលគោរពទៅតាមគោលការណ៍កីឡា ដូច្នេះហើយទើបយើងទទួលបានសិទ្ធិរៀបចំការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣»។
យ៉ាងណាមិញ លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាធ្លាប់បានអះអាងដែរថា ជាចក្ខុវិស័យរបស់លោកគឺត្រូវរៀបចំវិស័យកីឡា Esports នេះ ឱ្យទៅជាកីឡាពិតប្រាកដនៅក្នុងសង្គមកម្ពុជា ដែលសហព័ន្ធត្រូវតស៊ូមតិច្រើនណាស់ ប៉ុន្តែមានតែការគោរពនូវគោលការណ៍យុត្តិធម៌(Fair Play)ទេ ទើបអាចធ្វើឱ្យ Esports ឈានទៅមុខបាន។
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ច័ន្ទបរិបូរណ៍ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«យើងត្រូវរក្សាឱ្យបាននូវ Fair play ព្រោះកាលណាយើងរក្សាមិនបាននូវ Fair play ទេ យើងមិនអាចពង្រឹងវិស័យហ្នឹងបានទេ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់បណ្តាអ្នកពាក់ព័ន្ធទាំងអស់ថា ប្រសិនជាមានបំណងចង់រៀចំអ្វីក៏ដោយ នៅក្នុងវិស័យ Esports គឺសុំឱ្យសហការជាមួយសហព័ន្ធដើម្បីយើងជួយរៀបចំ និងជួយតម្រង់ទិសឱ្យវាត្រូវទៅនឹងកីឡាពិតប្រាកដ»៕