ភ្នំពេញៈ ​ភាព​រីកចម្រើន​ទៅលើ​គុណភាព និង​បច្ចេកទេស​នៃ​ការសម្តែង ព្រមទាំង​ការទទួលបាន​ជោគជ័យ សម្រាប់​ការ​ដណ្តើមបាន​មេដាយប្រាក់ និង​សំរឹទ្ធ ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​បន្តបន្ទាប់​កន្លងមក​នេះ បានធ្វើឱ្យ​ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា កាន់​តែមាន​ភាពជឿជាក់ ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​ឈ្នះ​មេដាយមាស​ជូន​កម្ពុជា នៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ក្រុម​កាយសម្ព័ន្ធ ក៏​ទើបតែ​ទទួលបាន​ប្រាក់រង្វាន់​ពី​រាជរដ្ឋាភិបាល ចំពោះ​ជ័យជម្នះ​របស់​ពួកគេ​ផងដែរ​។​

មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា បាន​វាយតម្លៃ​ជារួម​ថា កម្រិត​ប្រកួតប្រជែង​របស់​ក្រុម​កាយសម្ព័ន្ធ ពិត​ជាមាន​សម្ទុះ​ឡើង​ខ្លាំង ដោយសារតែ​ពួកគេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង ហើយ​មានចិត្ត ក្នុងការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ទាំង​នៅក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២២ និង​ការប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការចង់​ឈ្នះ​ខ្លាំង​របស់​កីឡាករ កីឡាការិនី​របស់​យើង បានធ្វើឱ្យ​ការប្រកួតប្រជែង មាន​សម្ទុះ​ឡើង​ខ្លាំង ដែល​ធ្វើឱ្យ​យើង​ទទួលបាន​កីឡាករ កីឡាការិនី​ល្អៗ​ច្រើន គឺ​កីឡាការិនី​ផ្នែក​អា​ទី​ស្ទិ​ក ខ្ញុំ​ឃើញ​៣​ទៅ​៤​នាក់ ចំណែក​ផ្នែក​អេ​រ៉ូ​ប៊ិក ខ្ញុំ​ឃើញ​៧​ទៅ​៨​នាក់ គឺ​យើង​ឃើញ​ច្រើន សម្រាប់​បន្តវេន​ទៅ​ថ្ងៃ​អនាគត​នៃ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​របស់​យើង​»​។​

ជាមួយ​ការបង្ហាញ​ពី​ភាព​រីកចម្រើន​ក្នុងការ​ប្រកួតប្រជែង​គ្នា នៅក្នុង​ស្រុក​នេះ ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កាយសម្ព័ន្ធ បាន​នឹង​កំពុង​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​របស់ខ្លួន មានការ​ជឿជាក់​ទៅលើ​ពួកគេ ក្នុងការ​ឈានទៅ​ដណ្តើមបាន​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​១ ក្នុង​ស៊ី​ហ្គេម នៅ​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២ និង​ការ​ដណ្តើមបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​១ ពី​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​ជើងឯក​អាស៊ី លើក​ទី​៧ ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ​។​

លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ថ្លែងថា នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ ថា​៖ «​កន្លងមកនេះ កីឡា​កាយសម្ព័ន្ធ​របស់​យើង នៅមានកម្រិត​ទាប ប៉ុន្តែ​យើង​បាន​តស៊ូ​ណាស់ ហើយ​ការតស៊ូ​ចុងក្រោយ យើង​បាន​គ្រូបង្វឹក​ប្រេ​ស៊ី​ល មកជួយ​បង្ហាត់​យើង ធ្វើឱ្យ​យើង​មានការ​រីកចម្រើន រហូត​យើង​ឈ្នះ​បាន​មេដាយប្រាក់ និង​សំរឹទ្ធ នៅ​ស៊ី​ហ្គេម ប្រទេស​វៀតណាម និង​ដណ្តើមបាន​មេដាយប្រាក់ និង​សំរឹទ្ធ ពី​ការប្រកួត​ជើងឯក​អាស៊ី នៅ​បាងកក​»​។​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បន្ថែមថា​៖ «​ពី​ពេលនេះ ទៅដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅសល់​ពេល ៥​ទៅ​៦​ខែ​ទៀត អ៊ីចឹង​យើង​អាចយ​កបាន​មេដាយមាស​។ ខ្ញុំ​មានសង្ឃឹម​ណាស់ ដោយសារ​ការដាក់​សម្ទុះ​របស់ CAMSOC គឺ​កីឡា​កាយសម្ព័ន្ធ​របស់​យើង​ហ្នឹង ត្រូវបាន​មេដាយមាស​យ៉ាងតិច​១ ហើយ​យ៉ាងតិច​១​នេះ មិនមែន​មានន័យថា ១​ទេ គឺ​លើសពី​១ អ៊ីចឹង​យើង​ត្រូវ​ប្តេជ្ញាចិត្ត​ទាំងអស់គ្នា​ថា ត្រូវ​ដណ្តើម​មេដាយមាស​ឱ្យបាន​លើសពី​១ ព្រោះនេះ​ជា​ជោគជ័យ និង​ជា​កិត្តិយស​សម្រាប់​ជាតិ​យើង​»​។​

ជុំវិញ​ការបង្ហាញ​ភាពជឿជាក់​របស់ លោក ថោង ខុន ដែលថា ក្រុម​កាយសម្ព័ន្ធ​កម្ពុជា នឹង​អាច​ដណ្តើមបាន​មេដាយមាស នៅ​ស៊ី​ហ្គេម​នេះ ត្រូវបាន​លោក ណ​យ ផា​ណា ជា​អ្នកជំនាញ បាន​អះអាងថា មកពី លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ បាន​យល់​ពី​លក្ខណៈ​បច្ចេកទេស ស្របពេល​ការដាក់​ផែនការ​២​លើក​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សុទ្ធតែ​ធ្វើបាន​សម្រេច​ទៅទៀត​។​

លោ ណ​យ ផា​ណា បាន​បញ្ជាក់ថា​៖ «​កាលដែល​ឯកឧត្តម​ប្រធាន ថោង ខុន ហ៊ាន​វាយតម្លៃថា ត្រូវយក​មេដាយមាស​ឱ្យបាន​១ ឬ​លើសពី​១ នៅ​ស៊ី​ហ្គេម​នេះ ដោយសា​លោក​បាន​យល់​ពី​លក្ខណៈ​បច្ចេកទេស និង​ការពិនិត្យ​ជាក់ស្តែង​ទៅលើ​លទ្ធផល​ដែល​យើង​បាន​ដាក់ចេញ​នេះឯង​។ ចំណែក​ខ្ញុំ​ជា​អ្នកជំនាញ ពិតជា​យល់ស្រប ចំពោះ​អ្វីដែល​លោក​បានលើកឡើង គឺ​រឿង​បញ្ហា​មេដាយមាស​១ យើង​នឹងធ្វើ​ឱ្យបាន ហើយ​បើ​បាន​លើសពី​១ កាន់តែ​ប្រសើរ​»​។​

ចំពោះ​ផែនការ​ទាំង​២ ដែល​លោក ណ​យ ផា​ណា បានលើកឡើង​នេះ គឺ​ទី​១ សំដៅ​ទៅលើ​ការ​ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​១ នៅ​ស៊ី​ហ្គេម ប្រទេស​វៀតណាម ដែល​លោក​អះអាងថា ជា​ជោគជ័យ​លើសពី​ផែនការ និង​ទី​២​ការដណ្តើម​បាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​១ សម្រាប់​ការប្រកួត Aerobic Gymnastics Asian Championship 2022 នៅ​ខេត្ត​ប៉ា​តា​យ៉ា ប្រទេស​ថៃ កាលពី​ខែកញ្ញា​។​

សម្រាប់​ការ​ដណ្តើមបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​១ ពី​ការ​ជើងឯក​អាស៊ី លើក​ទី​៧ ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ​នេះ គឺ​ក្រុម​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ទើបតែ​ទទួលបាន​ប្រាក់រង្វាន់​ពី​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៦ ខែធ្នូ​នេះ ដោយ​ក្នុងនោះ អ្នកឈ្នះ​មេដាយប្រាក់ ទទួលបាន​២០​លាន​រៀល​ដូចគ្នា ចំណែក​អ្នក​បាន​មេដាយ​សំរឹទ្ធ ទទួលបាន ១៦​លាន​រៀល​។​

ចំពោះ​គ្រូបង្វឹក ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​១០០​ភាគរយ ស្មើនឹង​មេដាយ​ខ្ពស់បំផុត​របស់​កីឡាករ​កីឡាការិនី និង​គ្រូ​ជំនួយ ទទួលបាន​៧០​ភាគរយ នៃ​មេដាយ​របស់​កីឡាករ កីឡាការិនី ទទួលបាន​ផងដែរ ដូច្នេះ​ប្រាក់រង្វាន់ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដល់​ម្ចាស់​ជយលាភី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​ជើងឯក​អាស៊ី លើក​ទី​៧​នេះ មាន​ចំនួន​សរុប ២៣៦​លាន​រៀល​៕