
ខ្សែប្រយុទ្ធអន្តរជាតិក្រូអាស៊ី Luka Modric (ឆ្វេង) និងខ្សែប្រយុទ្ធ Neymar របស់ប្រេស៊ីល ត្រៀមដឹកនាំក្រុមរបស់ខ្លួន ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងឈានទៅកាន់ការប្រកួត World Cup វគ្គ៨ក្រុម ជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ទាំងការជឿជាក់ ក្រោយពីការវិលត្រឡប់របស់ Neymar បានជួយបង្កើនទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ ទាំងក្នុងតំបន់ប្រយុទ្ធ និងការពារ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។
ការដណ្តើមបានជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេក្នុងលទ្ធផល ៤-១ លើក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលបានកើតឡើងតាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីកីឡាករ Vinicius Junior, Richarlisonនិង Lucas Paqueta ក៏ដូចជា Neymar បានបង្ហាញពីសារមួយទៅកាន់គូប្រកួតរបស់ពួកគេ ក្នុងប្រទេសកាតា។
ក្នុងរយៈពេលត្រឹមតែ៤៥ដំបូង ប្រេស៊ីល បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ភ្នែក ខណៈដែលកីឡាកររបស់ពួកគេ បានអបអរការរកបានគ្រាប់បាល់របស់ពួកគេ តាមរយៈការបញ្ចេញក្បាច់រាំនានា ហើយសូម្បីតែ Titeដែលជាគ្រូបង្វឹកវ័យ៦១ឆ្នាំរបស់ពួកគេ ក៏បានចូលរួមរាំជាមួយផងដែរ។
ការបង្ហាញពីទម្រង់លេងយ៉ាងល្អ និងមុតស្រួចជាពិសេស នាកីឡដ្ឋាន Stadium 974 បាននាំឲ្យមានការប្រៀបធៀបទៅនឹងគូប្រកួតផ្សេងទៀតក្នុងវគ្គ៨ក្រុមចុងក្រោយ ក៏ដូចជាក្រុមដ៏ខ្លាំងបំផុតរបស់ប្រេស៊ីល ក្នុងចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨២ ដែលមានលោក Pele ជាកីឡាករ និងលោក Socrates ជាគ្រូបង្វឹក។
ប៉ុន្តែ នេះគ្រាន់តែជាការប្រកួតតែ១លើកប៉ុណ្ណោះ ហើយជ័យជម្នះនេះ បានកើតឡើង ក្រោយពីក្រុមម្ចាស់ជើងឯក៥សម័យកាលមួយនេះ បានស៊ុតបាល់បញ្ចូលទីតែ៣គ្រាប់គត់ ក្នុងការប្រកួត៣លើកក្នុងវគ្គចែកពូល ហើយក៏បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិកាមេរូន ផងដែរ ដែលជាការចាញ់ជាលើកដំបូងរបស់ពួកគេ ក្នុងវគ្គចែកពូល បើគិតចាប់តាំងពី Worl Cup ឆ្នាំ១៩៩៨។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar រាំអបអរជាមួយនឹងខ្សែប្រយុទ្ធ Vinicius Junior, Raphinha និងខ្សែបម្រើ Lucas Paqueta ក្នុងពេលប្រកួតជាមួយកូរ៉េខាងត្បូង។ AFP
ពិតណាស់ ប្រេស៊ីល ត្រូវតែដណ្តើមឲ្យបានជ័យជម្នះដ៏កក់ក្តៅមួយ ដោយមិនចាំបាច់សំញ៉ែងពីកីឡាបាល់ទាត់ឡើយ នៅពេលដែលក្រុមពួកគេជួបជាមួយនឹងក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៨ ក្រូអាស៊ី នៅកីឡដ្ឋាន Education City ដើម្បីលុបចោលការចងចាំដ៏ខកចិត្តនានា ក្នុងព្រឹត្តិការណ៍ World Cup នាពេលថ្មីៗនេះ។
បើគិតចាប់តាំងពីតាំងពីពួកគេបានឈ្នះពានជាលើកទី៥របស់ពួកគេ ក្នុងឆ្នាំ២០០២ ប្រេស៊ីល បានធ្លាក់ចេញជាបន្តបន្ទាប់ក្រោមស្នាដៃក្រុមរបស់អឺរ៉ុប ក្នុងនោះរាប់បញ្ចូលទាំងការចាញ់ទាំងអាម៉ាស់ ក្នុងលទ្ធផល ៧-១ ក្រោមស្នាដៃក្រុមជ្រើសជាតិអាល្លឺម៉ង់ នៅលើទឹកដីខ្លួនឯងកាលពីឆ្នាំ២០១៤ និងការចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពី៤ឆ្នាំមុន ក្នុងប្រទេសរុស្ស៊ី ផងដែរ។
ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិកូរ៉េខាងត្បូង Neymar បានឲ្យដឹងថា៖ «ពិតណាស់ យើងកំពុងតែសុបិនចង់ឈ្នះពាន ប៉ន្តែ យើងត្រូវតែបោះជំហានមួយជំហានម្តងមួយជំហានម្តង។ នេះគឺជាការប្រកួតទី៤។ នៅសល់ការប្រកួត៣លើកទៀត ប៉ុន្តែ យើងត្រៀមខ្លួនរួចរាល់ហើយ។ ស្មារតីរបស់យើងគឺផ្តោតលើការឈ្នះពាន»។
Neymar ទើបតែបានវិលចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងវិញ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រោយពីបានរងរបួសកជើ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិស៊ែប៊ី ក្នុងលទ្ធផល ៣-០ ស្របពេលដែលខ្សែការពារ Danilo ក៏វិលចូលលេងវិញផងដែរ៕ AFP