The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា ៧ នាក់ ទទួលបានពាន មុនប្រកួតជាមួយក្រុមម៉ាឡេស៊ី

កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា ៧ នាក់ ទទួលបានពាន មុនប្រកួតជាមួយក្រុមម៉ាឡេស៊ី

Content image - Phnom Penh Post
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលត្រូវប្រកួតជាមួយម៉ាឡេស៊ី ។ រូបថត សហការី

កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា ៧ នាក់ ទទួលបានពាន មុនប្រកួតជាមួយក្រុមម៉ាឡេស៊ី

ភ្នំពេញៈ កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាចំនួន៧នាក់សុទ្ធតែត្រូវទទួលបានពាននៅក្នុងពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២(CPL FOOTBALL AWARD 2022) មុនពេលពួកគេប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃទី៩ ធ្នូនេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ។

សម្រាប់ពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅផ្សារទំនើបអ៊ីអនម៉ន កាលពីថ្ងៃទី៧ ខែធ្នូ កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន,ឆេង ម៉េង, អ៊ុក សុវណ្ណ, សា ទី របស់វិសាខា, សារ៉េត គ្រីយ៉ា របស់ស្វាយរៀង, ម៉ាត់ នូរុណ និង សៀង ចន្ធា របស់បឹងកេត សុទ្ធតែបានជាប់នៅក្នុងចំណោមកីឡាករទាំង១១នាក់ ដែលលេងបានល្អប្រចាំលីគកំពូលកម្ពុជា ឆ្នាំ២០២២។

ចំណែកបេក្ខភាព៤នាក់ទៀត មានអ្នកចាំទី សាវ៉ែង សំណាង, Fareed Sadat របស់ភ្នំពេញក្រោន ព្រមទាំងខ្សែកីឡាករ Mizuno Hikiru និង Marcus Haber របស់ស្វាយរៀង ហើយអ្នកទាំង១១នាក់នេះ ទទួលបានពានម្នាក់១ដូចគ្នា ដែលប្រគល់ជូនដោយលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

បន្ថែមលើនេះ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ ក៏បានជាប់ជាកីឡាករល្អជាងគេអាយុក្រោម២២ឆ្នាំ ហើយសាវ៉ែង សំណាង បានឈ្នះពានជាអ្នកចាំទីល្អជាងគេប្រចាំព្រឹត្តិការណ៍នេះបន្ថែមមួយទៀតដូចគ្នា ប៉ុន្តែរូបគេ មិនត្រូវបានជាប់ជាកីឡាករជម្រើសជាតិដូច លឹម ពិសុទ្ធ នោះទេ។ រីឯខ្សែប្រយុទ្ធ Marcus Haber បានឈ្នះពាន២បន្ថែមទៀតគឺពានជាកីឡាករស៊ុតបាល់បញ្ចូលទីល្អជាងគេនិងពានជាកីឡាករល្អជាងគេ ចំណែកពានជាគ្រូបង្វឹកល្អជាងគេ បានទៅគ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynakyi។

បន្ទាប់ពីទទួលបានពានពីកម្មវិធី CPL FOOTBALL AWARD 2022នេះគឺនៅថ្ងៃពុធនោះដដែល លឹម ពិសុទ្ធ, ឆេង ម៉េង, អ៊ុក សុវណ្ណ, សារ ទី, សារ៉េត, ម៉ាត់ នូរុណ និងសៀង ចន្ធា បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជាមួយមិត្តរួមក្រុមចំនួន១៧នាក់ទៀត រួមមាន អ្នកចាំទី កែវ សុខសិលា, វីរ់ៈ ដារ៉ា, ហ៊ុល គឹមហ៊ុយ ខ្សែការពារ ជួន ចាន់ចាវ, សឿត បារាំង, ទេស សម្បត្តិ, តាំង ប៊ុនឆៃ, សឿយ វិសាល, កុក បូរីស ខ្សែបម្រើ យ៉ើ មូស្លីម, អ៊ន ចានប៉ូលីន, អ៊ិន សូដាវីដ, ធារី ចន្ថាប៊ីន, សុះ ស៊ូហាណា និងខ្សែប្រយុទ្ធ កែវ សុខផេង, រ៉ឺង ប៊ុនហៀង និងកីឡាករខ្មែរ-អាមេរិក ថេឡរ នីកូឡាស់។

សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនេះ ក្រុមជម្រើសជាតិកម្ពុជា ទើបតែហ្វឹកហាត់ជុំគ្នាបានរយៈពេល២ថ្ងៃទេ ហើយពួកគេនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃទី៩ ខែធ្នូនេះ ខណៈកម្ពុជា និងម៉ាឡេស៊ី សុទ្ធតែប្រើការប្រកួតនេះដើម្បីដកស្រង់បច្ចេកទេស និងពង្រឹងសមត្ថភាព ត្រៀមការប្រកួត AFF Mitsubishi Electric Cup 2022 ដូចគ្នា។

នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកួតមិត្តភាពអន្តរជាតិនេះកាលពីរសៀលថ្ងៃទី៨ ធ្នូ លោក Hirose Ryu គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា៖ «យើងទើបតែបញ្ចប់ការប្រកួតលីគកំពូល កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បន្ទាប់មកពួកយើងចាប់ផ្តើមប្រមូលផ្តុំនៅកម្ពុជា មុនពេលមកទីនេះ។ វាពិតជាមានរយៈពេលខ្លីសម្រាប់ពួកយើង ប៉ុន្តែយើងរៀបចំបានយ៉ាងល្អដើម្បីធ្វើឱ្យប្រាកដថា យុទ្ធសាស្ត្រ និងបច្ចេកទេសចម្បងរបស់យើងអាចឆ្ពោះទៅមុខដោយរលូន»។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបន្ថែមថា៖«សម្រាប់ការប្រកួតដ៏សំខាន់លើកនេះពួកយើងចង់ធ្វើឱ្យបានលទ្ធផលល្អ និងទទួលបានជ័យជម្នះ ហើយការប្រកួតនេះ ក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ការប្រកួតនៅ AFF Mitsubishi Electric Cup នៅពេលខាងមុខ ដូច្នេះយើងនឹងខំប្រកួតឱ្យបានល្អបំផុត»។

ចំណែកលោក Kim Pan Gon គ្រូបង្គោលក្រុមជម្រើសជាតិម៉ាឡេស៊ីបានប្រាប់ឱ្យដឹងដែរថា ក្រុមរបស់លោក ទើបតែបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាកាលពីថ្ងៃចន្ទ សប្តាហ៍នេះ ប៉ុន្តែលោកបានអះអាងថា ដំណើរការនៃការរៀបចំក្រុមគឺបានល្អ ដោយក្រុមម៉ាឡេស៊ីរបស់លោក បានចែករំលែកព័ត៌មានជាច្រើនជាមួយគ្នា ជាពិសេសគឺទម្រង់លេង និងគម្រោងនៃការលេង។

លោកបានបន្ថែមថា៖«ខ្ញុំគិតថា មានកីឡាករមុខថ្មីៗច្រើន ជាពិសេសគឺយុវជន ហើយយើងបានផ្តល់ព័ត៌មាន និងមេរៀនជាច្រើនទៅកាន់ពួកគេ តែពួកគេរាងអស់កម្លាំងបន្តិច សម្រាប់ការគិតអំពីមេរៀន និងទម្រង់លេងថ្មីៗ ដែលយើងបានផ្តល់ឱ្យ។បន្ថែមលើនេះពួកគេត្រូវដាក់មេរៀនទាំងនោះចូលទៅក្នុងការហ្វឹកហាត់របស់ពួកគេជាប្រចាំថ្ងៃ។ ទោះយ៉ាងណា គិតមកទល់ពេលនេះ ខ្ញុំគិតថា វាល្អក្នុងការបង្កើននូវគុណផលរបស់ពួកគេ ដើម្បីឱ្យសមត្ថភាពសមប្រកបជាមួយនឹងការរៀបចំសម្រាប់ការប្រកួតលើកនេះ»។

សម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះ ពេលជួបក្រុមហ្វីលីពីន សម្រាប់ការប្រកួតបើកឆាកប្រចាំពូលA នៅថ្ងៃទី២០ និងការជួបក្រុមប្រ៊ុយណេនៅថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ប៉ុន្តែសម្រាប់ការប្រកួតជាមួយក្រុមឥណ្ឌូនេស៊ីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ និងការប្រឈមជាមួយក្រុមថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ គឺកម្ពុជា ត្រូវធ្វើដំណើរទៅប្រកួត នៅលើទឹកដីរបស់ប្រទេសទាំង២នេះ ចំណែកពូលB មានក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ៕

អត្ថបទគួរចាប់អារម្មណ៍