ភ្នំពេញៈមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ក្នុងពិធីបុណ្យសមុទ្រ ក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែធ្នូ គឺជាបុរេព្រឹត្តិការណ៍ ឬ Pre-Sea Games សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ពិធីបុណ្យសមុទ្រ លើកទី៩ ដែលនឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យនេះ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមទាំងក្រសួងទេសចរណ៍ មានរៀបចំទស្សនីយភាព និងព្រឹត្តិការណ៍កីឡាជាច្រើន ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នកចូលរួមផ្ទាល់ ហើយសន្និបាតក្លិបឆ្នេរស្អាតជាងគេ នៅលើពិភពលោក ក៏ត្រូវធ្វើឡើង នៅខេត្តព្រះសីហនុ ក្នុងពេលជាមួយគ្នានេះផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា៖«ពិធីបុណ្យសមុទ្រ លើកទី៩នេះ បានវិលមកដល់ជុំខេត្តព្រះសីហនុវិញ ដោយភ្ជាប់ជាមួយនឹងការធ្វើសន្និបាតក្លិបឆ្នេរស្អាតជាងគេ នៅលើពិភពលោក ហើយបុណ្យសមុទ្រនេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ហេតុនេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំបុណ្យសមុទ្រ បានជំរុញឱ្យគណៈកម្មការរៀបចំបានរៀបរយល្អប្រសើរ និងមានភាពហ្មត់ចត់បំផុត»។
ជាមួយគ្នានេះ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិ NOCC និងជាអនុប្រធានអចិន្រ្តៃយ៍របស់ CAMSOC ផងនោះ បានអនុញ្ញាតឱ្យ NOCC រៀបចំនៅព្រឹត្តិការណ៍កីឡា អមជាមួយនឹងព្រឹត្តិការណ៍តាំងពិព័រណ៍ ព្រឹត្តិការណ៍ម្អូបអាហារ និងព្រឹត្តិការណ៍ទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើនទៀត នៅក្នុងពិធីបុណ្យសមុទ្រនេះ ផងដែរ ដើម្បីធ្វើឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។
ចំពោះប្រភេទកីឡា ដែល NOCC បានរៀបចំឱ្យមានការប្រកួត នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ រួមមានការប្រកួតកីឡាបាល់បោះ៣នាក់ទល់៣នាក់ ការរត់ប្រណាំង៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ការប្រណាំងកង់ចម្ងាយ៤០គីឡូម៉ែត្រ ២០គីឡូម៉ែត្រ និងការជិះកង់កម្សាន្តចម្ងាយ១៥គីឡូម៉ែត្រ ព្រមទាំងការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ និងការបង្ហាញសមត្ថភាពរបស់ក្រុមទូកក្តោង នៅលើផ្ទៃសមុទ្រ ដើម្បីផ្តល់ភាពរីករាយ សម្រាប់អ្នកចូលរួមទាំងអស់។
តែទោះបីជាយ៉ាងណា នៅក្នុងចំណោមប្រភេទកីឡា ដែលត្រូវបានរៀបចំឱ្យមានការប្រកួត នៅបុណ្យសមុទ្រនេះ គឺការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ មានសារៈសំខាន់ និងត្រូវរៀបចំឡើងដោយភាពស្តង់ដាខ្ពស់ ព្រោះការប្រកួត ត្រូវបានចាត់ទុកថា ជាបុរេព្រឹត្តិការណ៍សម្រាប់កម្ពុជា ក្នុងការឈានទៅរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នៅបុណ្យសមុទ្រនេះ គឺយើងរៀបចំឱ្យគ្រប់ស្តង់ដា ក្នុងការឈានទៅស៊ីហ្គេម។ យើងហៅថា ជាបុរេព្រឹត្តិការណ៍ ឬ Pre-Sea Games សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ អ៊ីចឹងយើងត្រូវធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ»។
ជាមួយគ្នានេះ CAMSOC ក៏បានរៀបចំវគ្គអាជ្ញាកណ្តាល-ចៅក្រមគុនខ្មែរអន្តរជាតិ ដោយមានសិក្ខាកាមជាអាជ្ញាកណ្តាល-ចៅក្រមខ្មែរចំនួន៣០នាក់ និងមន្ត្រីអន្តរជាតិ២៥នាក់ ដើម្បីត្រៀមចូលរួមកាត់សេចក្តី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (KUN KHMER SEA Championship 2022)នេះ ហើយវគ្គនេះ បានបិទបញ្ចប់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅខេត្តព្រះសីហនុនោះតែម្តង។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ដែលបានចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គនោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់ពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ក្នុងការបម្រើដល់ការរៀបចំជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ក្នុងពិធីបុណ្យសមុទ្រនេះ ឱ្យទទួលបានជោគជ័យ។
យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន ក៏បានលើកទឹកចិត្តដល់សិក្ខាកាម ដែលជាមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់គុនខ្មែរ ត្រូវខិតខំដុសខាត់សមត្ថភាពឱ្យបានល្អប្រសើរបន្ថែមទៀត នៅក្នុងការប្រកួត KUN KHMER SEA Championship 2022នេះ ដើម្បីពង្រឹងសមត្ថភាព ត្រៀមធ្វើម្ចាស់ផ្ទះ នៅស៊ីហ្គេម ឆ្នាំ២០២៣។
លោកបញ្ជាក់ថា៖ «តាមរយៈការអនុវត្តផ្ទាល់ នៅក្នុងការប្រកួតដ៏មានសារៈសំខាន់មួយនេះ វាជាពេលវេលាដ៏ល្អ ដែលមន្រ្តីអាជ្ញាកណ្តាល ចៅក្រមរបស់យើង បានពង្រឹងគុណភាពឱ្យកាន់តែរឹងមាំ សម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា»។
សម្រាប់ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ក្នុងពិធីបុណ្យសមុទ្រ លើកទី៩ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុនេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតជាង១៤០នាក់ មកពីប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ខណៈកីឡាករ កីឡាការិនីកម្ពុជាមាន១៧នាក់ (ស្រី៤នាក់) ដោយពួកគេ ត្រូវប្រកួតលើវិញ្ញាសាផ្នែកបុរសចំនួន៧ប្រភេទទម្ងន់ ផ្នែកនារី៤ប្រភេទទម្ងន់ និងវិញ្ញាសាគុនគ្រូ២វិញ្ញាសា៕