ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​បន្ត​អភិនិហារ​​របស់​គេ ក្នុង​ព្រឹត្តិ​ការណ៍ World Cup តាមរយៈ​ការរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​របស់ពួក​គេ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​អង់គ្លេស កាលពីថ្ងៃ​សៅរ៍ ទី​១០ ខែ​ធ្នូ (ម៉ោង​នៅកម្ពុជា) និង​បាន​ទទួល​ស្គាល់​ថា ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​របស់ក្រុម​ម្ចាស់​​ការ​ពារ​ជើង​ឯក​មួយនេះ បាន​បំផុស​ឲ្យ​មាន​ស្មារតី​នៃ​ការ​ទទួល​ជ័យ​ជម្នះ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០១៨​​។

បច្ចុប្បន្ន បារាំង ត្រូវ​ការ​ឈ្នះ​​ត្រឹមតែ​២លើក​ទៀត​ប៉ុណ្ណោះ ដើម្បីក្លាយ​ជា​ក្រុម​ដំបូង​គេ​​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ ដែល​បាន​ការ​ពារពាន​ពាន​យ៉ាង​ជោគ​ជ័យ ក្រោយពី​គ្រាប់បាល់​ទី​៤​របស់ Giroud ប្រចាំ​យុទ្ធនា​ការ​នេះ បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុងការ​ប្រកួត​ដ៏រំភើប​នា​កីឡដ្ឋាន Al Bayt​។

ក្រុម​ម្ចាស់​ការ​ពារ​ជើង​​​ឯក​បារាំង បាន​រក​គ្រាប់បាល់​នាំមុខ​មុន​តាមរយៈ​កីឡាករ Aurelien Tchouameni ប៉ុន្តែ ត្រូវ​បាន​តាមស្មើ​វិញ​នៅ​ដើម​តង់ទី​១ ហើយ​លទ្ធផល​ស្មើ​នោះ បាន​បន្ត​ក្នុង​រយៈពេល​ដ៏យូរ មុន​ពេល Giroud បាន​តែត​បាល់បញ្ចូល​ទី​យ៉ាងល្អ​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​នៅនាទី ទី​៧៨ ដើម្បី​បំពេញ​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ តែម្តង​។

ខ្សែ​ការ​ពារអន្តរ​ជាតិ​អង់គ្លេស Kyle Walker និង​ខ្សែ​ប្រយុទ្ធ Harry Kane បញ្ចេញ​ប្រតិកម្ម​ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត World Cup វគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយនឹង​បារាំង​​។ AFP

បារាំង មាន​ភាគរយ​នៃ​ការ​គ្រប់គ្រង​បាល់​តិ​ចជាង ក៏ដូច​ជា​ឱកាស​រក​គ្រាប់​បាល់​តិច​ជាង​ដល់ទៅ​ពាក់កណ្តាល ប៉ុន្តែ បាន​ជួប​សំណាងល្អ នៅ​ពេល​​ដែល Harry Kane ដែល​បាន​ស៊ុត​បាល់ប៉េណាល់ទី​តាម​ស្មើ​​​កាល​ពី​ដើម​តង់ទី​២​​នោះ បាន​ស៊ុត​បាល់​ប៉េណាល់ទីមួយ​ទៀត​រំលង​របាទី ដើម្បី​បញ្ចប់​ក្តី​សង្ឃឹម​របស់​ក្រុម​ខ្លួន​តែម្តង​​។

Giroud បាន​និយាយ​ថា ការ​ប្រកួត​នេះ បាន​បង្កើត​ឲ្យ​មានការ​ចង​ចាំ​ពី​ការ​ប្រកួតរបស់​ក្រុម​ខ្លួន​ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រក្នុង​ប្រទេស​រុស្ស៊ី កាល​ពី​៤ឆ្នាំមុន នៅពេល​ដែលពួកគេ​បាន​យក​ឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ក្នុងលទ្ធផល ១-០ ក្នុង​ទីក្រុង Saint-Petersburg នៅ​មុន​ពេល​យកឈ្នះ​លើ​ក្រូអាស៊ី និង​ឈ្នះពាន World Cup​។

ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​ឲ្យដឹងថា៖ «ការ​ប្រកួតនេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញពី​ការ​ប្រកួត​ជាមួយ​នឹងក្រុម​បែលហ្ស៊ិក ក្នុងឆ្នាំ​២០១៨ បើ​ទោះ​បី​សេណា​រីយ៉ោ​ខុស​គ្នា​ក៏ដោយ ពីព្រោះ​អង់គ្លេស បាន​វាយ​បក​វិញ និង​ជឿជាក់​លើ​ឱកាស​របស់ពួក​គេ និង​វាយ​សម្រុក​ជានិច្ច​។ យើង​បាន​បង្ហាញពី​ស្មារតី​ដ៏អស្ចារ្យ និង​បាន​ខិត​ខំព្យាយាម​ខ្លាំង​។ នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ស្មារតី​ដូច​គ្នា​ទៅនឹង​ឆ្នាំ​២០១៨ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​ធ្វើ​ដំណើរ​ទៅ​តាន​ឆ្ងាយ ពីព្រោះ​ក្រុម​នេះ មាន​សមត្ថភាព​ដ៏អស្ចារ្យ​»៕