
ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Luka Modric (ស្តាំ) ត្រៀមប៉ះជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែធ្នូ នេះ។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅរាត្រីថ្ងៃអង្គារ ទី២៣ ខែធ្នូ នេះ ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងតម្រូវឲ្យក្រុមមកពីអាមេរិកខាងត្បូងមួយនេះ ត្រូវប្រកួតជាមួយនឹងតារាឆ្នើម Luka Modric និងក្រុមប្រកបដោយស្មារតីប្រយុទ្ធរបស់គេ។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូផ្សេងទៀត នៅថ្ងៃពុធ ក្រុមម្ចាស់ការពារជើងឯកបារាំង នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក ដែលបានក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលបានឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup។
ប៉ុន្តែ ជាដំបូង ការចាប់អារម្មណ៍នានានឹងធ្លាក់ទៅលើកីឡដ្ឋាន Lusail ដែលជាកន្លែង Messi វ័យ៣៥ឆ្នាំ ត្រូវព្យាយាមជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ក្នុងរយៈពេល៨ឆ្នាំ នៅពេលប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៨។
Messi ដែលបានរងបរាជ័យយ៉ាងខកចិត្តក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤នោះ កំពុងតែសង្ឃឹមថា អាចបំពេញអាជីពដ៏អស្ចារ្យរបស់គេ តាមរយៈការឈ្នះពាន World Cup និងតាមស្មើកំណត់ត្រារបស់វីរបុរសអាហ្សង់ទីន គឺលោក Diego Maradona។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ចូលរួមការហ្វឹកហាត់ កាលពីថ្ងៃទី១២ ខែធ្នូ នៅមុនពេលក្រុមខ្លួន ត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ AFP
ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ បានក្លាយជាសមាជិកដ៏សំខាន់ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតយ៉ាងក្តៅគគុកវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រ ដែលនៅពេលនោះ កាតលឿងចំនួន១៨ត្រូវបានពិន័យ ហើយកីឡាករនៃក្រុមទាំង២ ក៏បានប៉ះទង្គិចគ្នាផងដែរ។
ការប្រកួតនេះ បានបញ្ចប់ដោយកីឡាកររបស់អាហ្សង់ទីន ហាក់បានប្រើប្រាស់ពាក្យសម្តីចំអកឡកឡឺយដល់គូប្រកួតហូឡង់របស់គេ នៅមុនពេលធ្វើការអបអរ ក្រោយពីបានយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី។
សូម្បីតែកីឡាករចិត្តត្រជាក់ដូចជា Messi ក៏បានបង្ហាញពីការផ្ទុះកំហឹងផងដែរ តាមរយៈការស្រែកដោយប្រើពាក្យសម្តីមិនសមរមទៅលើកីឡាកររបស់ហូឡង់ ក្នុងពេលរូបគេត្រូវបានសម្ភាស បន្ទាប់ពីការប្រកួត។
លោក Lionel Scaloni គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន បានការពារការប្រព្រឹត្តរបស់កីឡាលោក នាសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ តាមរយៈការបញ្ជាក់ថា ពួកគេមិនមានអ្វីត្រូវសុំទោសឡើយ។
គ្រូបង្វឹកវ័យ៤៤ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ការប្រកួតមួយគូមុន ត្រូវបានលេងតាមរបៀបដែលត្រឹមត្រូវដោយក្រុមទាំង២។ នេះហើយគឺជាកីឡាបាល់ទាត់»៕ AFP