
ខ្សែការពារអន្តរជាតិម៉ារ៉ុក Achraf Hakimi (ឆ្វេង) នឹងត្រូវទទួសខុសត្រូវលើការរារាំងខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងត្រូវជួបជាមួយនឹងក្រុមដែលបានបង្កើតប្រវត្តិសាស្ត្រ ម៉ារ៉ុក ក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃពុធ ទី១៤ ខែធ្នូ នេះ ស្របពេលដែលក្រុមជម្រើសជាតិអាហ្សង់ទីនរបស់តារាឆ្នើម Lionel Messi កំពុងតែរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីការបង្ហាញពីទម្រង់លេងដ៏ល្អមួយផ្សេងទៀត ពីខ្សែប្រយុទ្ធជើងចាស់រូបនេះ។
ក្រុមការពារតំណែងជើងឯកបារាំង ដឹងថា ការដណ្តើមបានជ័យជម្នះនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក នឹងធ្វើឲ្យពួកគេត្រូវការត្រឹមតែជ័យជម្នះមួយទៀតប៉ុណ្ណោះ ដើម្បីក្លាយជាក្រុមដំបូងគេក្នុងរយៈពេល៦០ឆ្នាំ ដែលបានការពារពាន World Cup យ៉ាងជោគជ័យ។
ក្រុមជម្រើសជាតិបារាំងរបស់លោក Didier Deschamps ត្រូវបានចាត់ទុកថា ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះនៅកីឡដ្ឋាន Al Bayt ប៉ុន្តែ ត្រូវជួបក្រុមមួយ ដែលបានរបូតគ្រាប់បាល់តែ១គ្រាប់គត់ ក្នុងដំណើរផ្សងព្រេងដ៏មិននឹកស្មានដល់ពួកគេឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អ្នកចាំទី Hugo Lloris របស់ក្រុមជម្រើសជាតិបារាំង សង្ឃឹមថា ក្រុមរបស់ខ្លួននឹងមិនបង្ហាញពីការជឿជាក់លើខ្លួនឯងពេកឡើយ ក្រោយពីស៊ាំទៅនឹងការប្រកួតដ៏ស្វិតស្វាញជាច្រើនក្នុងយុទ្ធនាការធំៗ។
Lloris បានឲ្យដឹងថា៖ «នៅពេលដែលក្រុមមួយ មានសមត្ថភាពក្នុងការផ្តួលបែលហ្ស៊ិក អេស្ប៉ាញ និងព័រទុយហ្គាល់ និងបញ្ចប់ដោយការឈរលេខ១ក្នុងពូល នេះគឺដោយសារតែពួកគេមានគុណភាពជាច្រើន នៅលើទីលាន ហើយច្បាស់ណាស់ ពួកគេក៏មានភាពស៊ីសង្វាក់ និងស្មារតីដ៏អស្ចារ្យផងដែរ។ ពួកគេនឹងក្លាយជាគូប្រកួតដ៏ខ្លាំង ហេតុនេះ វានឹងមានការប្រជែងគ្នាដ៏តានតឹងនៅលើទីលានប្រកួត»។

ខ្សែបម្រើអន្តរជាតិបារាំង Eduardo Camavinga (កណ្តាល) និងខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann (ស្តាំ) ចូលរួមហ្វឹកហាត់ ត្រៀមសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ AFP
ក្រុមរបស់លោក Deschamps កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ការឈ្នះពាន World Cup ជាលើកទី៣របស់ខ្លួន ក្នុងចំណោមយុទ្ធនាការ៧លើក ប៉ុន្តែ ដឹងយ៉ាងច្បាស់ថា មិនមានក្រុមណាបានការពារពាន World Cup យ៉ាងជោគជ័យ បើគិតចាប់តាំងពីប្រេស៊ីល ធ្វើបានសម្រេចក្នុងឆ្នាំ១៩៦២។
ក្រុមជើងឯកពិភពលោកមួយនេះ ទំនងដូចជាមិនអាចដណ្តើមបានជ័យជម្នះដោយងាយឡើយ ក្នុងពេលប្រកួតជាមួយនឹងក្រុមដ៏រឹងមាំមួយដូចជាម៉ារ៉ុក។
ម៉ារ៉ុក បានបញ្ចប់ដោយការឈរលេខ១ក្នុងពូល ពោលគឺឈរពីលើក្រូអាស៊ី និងបែលហ្ស៊ិក នៅមុនពេលផ្តួលអេស្ប៉ាញ ដោយការស៊ុតបាល់ប៉េណាល់ទី ហើយបន្ទាប់មក ទម្លាក់ក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ Cristiano Ronaldo ចេញពីយុទ្ធនាការនេះ។
ម៉ារ៉ុក គឺជាក្រុមអាហ្វ្រិកដំបូងគេ និងជាជាតិអារ៉ាប់ទី១ ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ World Cup៕