ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​ប៉េ​ណាល់ទី​បញ្ចូល​ទី​១​គ្រាប់ ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Julian Alvarez បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែល​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ផ្តួល​ក្រុម​​ជម្រើស​ជាតិ​ក្រូ​អាស៊ី ក្នុងលទ្ធ​ផល ៣-០ កាលពីថ្ងៃ​អង្គារ ទី​១៣ ខែ​ធ្នូ ដើម្បី​ឈាន​ទៅ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​២ក្នុង​រយៈពេល​៨ឆ្នាំ​។

ក្រុម​ម្ចាស់​ជើ​ង​​ឯក​ពិភព​លោក​២​សម័យ​កាល​មួយ​នេះ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​គាំទ្រ​ជាច្រើន​ពាន់នាក់​នៅ​កីឡដ្ឋាន Lusail បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​បំផុត​របស់ពួក​គេ​ប្រចាំ​យុទ្ធនា​ការ​នេះ ដើម្បីធា​នា​ថា ពួក​គេ​នឹង​ត្រូវ​ជួប​ជាមួយនឹងក្រុម​ឈ្នះ​​ពី​ក្នុង​​ជំនួប​​វគ្គ​ពាក់​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​មួយ​គូ​ទៀត នៅ​រាត្រីថ្ងៃពុធ​នេះ រវាង​ក្រុម​ម្ចាស់​​ការ​ពារ​ជើង​ឯក​បារាំង និង​ម៉ា​រ៉ុក ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ​។

Mess វ័យ​៣៥​ឆ្នាំ ដែល​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១៤​នោះ កំពុង​តែ​សង្ខឹម​​ថា អាច​បំពេញ​អាជីព​ដ៏អស្ចារ្យ​របស់​គេ តាមរយៈ​ការ​ឈ្នះ​ពាន World Cup ជាលើក​ដំបូង​របស់​គេ និង​ជាលើក​ទី​៣​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្រោយពី​ពួកគេ​បាន​ឈ្នះ​ក្នុង​ឆ្នាំ​១៩៧៨ និង​ឆ្នាំ​១៩៨៦​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន Lionel Messi (ឆ្វេង) ព្យា​យាម​ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​បម្រើ​​អន្តរ​ជាតិក្រូអាស៊ី Ivan Perisic ក្នុងការ​ប្រកួត World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ AFP

ក្រោយពី​​បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ធ្វើ​ដំណើរ​​ទៅកាន់​ជ័យ​ជម្នះ​ជាមួយនឹង​ការ​​ស៊ុត​បាល់ប៉េណាល់ទី​បញ្ចូល​ទី​យ៉ាងល្អ តារាឆ្នើម​រូប​នេះ បាន​ធ្វើ​ឲ្យ​ជ័យ​ជម្នះ​របស់​ពួក​គេ​មាន​ភាពច្បាស់​លាស់ តាម​រយៈ​ការ​ជួយ​ឲ្យ​មិត្ត​រួមក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់ទី​៣​។

ក្រោយពី​​បាន​អប​អរ​ពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើនកុះ​ករ​របស់​ខ្លួន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​នោះ Messi បាននិយាយ​ថា៖ «នេះ​គឺ​ជាការ​ប្រកួត​ដ៏​រំភើប ហើយ​យើង​ធ្វើ​បានហើយ​។ យើង​នឹង​​ធ្វើដំណើរទៅ​លេង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តង​ទៀត​។ អាហ្សង់ទីន ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ម្តង​ទៀត​ហើយ​»​។

ជា​មួយ​គ្នានេះ ក្រូអាស៊ី ដែល​ជា​ជើង​ឯក​រង​នៅ​រុស្ស៊ី កាលពី​៤ឆ្នាំមុន បាន​​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​ធ្វេស​ប្រហែស​ក្នុង​តំបន់​កា​រពារ ខណៈ​ដែលពួក​គេ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៤​ក្រុម​ចុងក្រោយ ជាលើក​ទី​២ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងឆ្នាំ​១៩៩៨​៕