
លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង ឱបខ្សែប្រយុទ្ធ Kylian Mbappe បន្ទាប់ពីបារាំង បានយកឈ្នះលើក្រុមជម្រើសជាតិម៉ារ៉ុក ក្នុង World Cup វគ្គ១/២។ AFP
លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានទទួលស្គាល់ថា លោក «មានមោទនភាពក្រៃលែង» ក្រោយពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិម៉ារ៉ុក កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ នេះ បានជួយឱ្យក្រុមម្ចាស់ការពារជើងឯកមួយនេះ ឈានទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្រុមរបស់លោក នឹងព្យាយាមស្វែងរកមធ្យោបាយក្នុងការទប់ទល់នឹង Lionel Messi ដែលកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។
ការស៊ុតបាល់បញ្ចូលទីនៅដើមតង់ទី១ពីខ្សែការពារ Theo Hernandez និងគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករបម្រុង Kolo Muani នៅកីឡដ្ឋាន Al Bayt បានទម្លាក់ក្រុមជម្រើសជាតិម៉ារ៉ុក ដែលបានក្លាយជាក្រុមហ្វ្រិក ឬអារ៉ាប់ ដំបូងគេ ដែលបានឈានទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ តែម្តង។
លោក Deschamps បាននិយាយបន្ទាប់ពីការប្រកួតថា៖ «ខ្ញុំពិតជាមានមោទនភាពក្រៃលែង។ នេះគឺជាលទ្ធផលដ៏អស្ចារ្យដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ វាមិនមែនជាជ័យជម្នះដ៏ងាយស្រួលឡើយ។ យើងបានត្រូវការការច្របាច់បញ្ចូលគ្នារវាងគុណភាព បទពិសោធន៍ និងស្មារតីជាក្រុម ហើយក្នុងដំណាក់លំបាក យើងត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាព ប៉ុន្តែ ខ្ញុំពិតជាពេញចិត្ត និងមានមោទនភាពលើកីឡាកររបស់ខ្ញុំ»។
បារាំង កំពុងតែមានបំណងក្លាយជាក្រុមដំបូងគេក្នុងរយៈពេល៦០ឆ្នាំ ដែលបានឈ្នះពាន World Cup ២លើកជាប់ៗគ្នា ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីល បានឈ្នះ២លើកជាប់ៗគ្នា ក្នុងឆ្នាំ១៩៥៨ និង១៩៦២។
ទោះបីជាយ៉ាងណា ពួកគេត្រូវតែប៉ះជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រោមជំនួយដ៏ធំពី Messi ស្របពេលដែលអាហ្សង់ទីន ក៏នឹងសម្លឹងរកការសងសឹកចំពើការចាញ់ក្នុងលទ្ធផល ៤-៣ នៅពេលដែលក្រុមទាំង២ បានជួបគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពី៤ឆ្នាំមុន។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi (ឆ្វេង) ដណ្តើមបាល់ជាមួយនឹងខ្សែការពារក្រូអាស៊ី Josko Gvardiol ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ AFP
លោក Deschamps បានទទួលស្គាល់ថា៖ «Messi កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ចាប់តាំងពីដើមនៃរដូវកាលនេះ។ កាលពី៤ឆ្នាំមុន អ្វីៗមានភាពខុសគ្នា។ រូបគេបានលេងជាខ្សែប្រយុទ្ធកណ្តាល ដែលផ្ទុយពេលពីពេលនេះ ដោយរូបគេលេងក្នុងតំបន់ប្រយុទ្ធស្លាប ឬនៅពីក្រោយខ្សែប្រយុទ្ធកណ្តាល»៕ AFP