
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi លើកពាន FIFA World Cup ក្នុងពេលដែលរូបគេអបអរជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន នៅកីឡដ្ឋាន Lusail។ AFP
Lionel Messi បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឈ្នះពាន World Cup កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ដោយបានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុត ខណៈដែលក្រុមមកពីអាមេរិកខាងត្បូងមួយនេះ គ្រប់គ្រងអារម្មណ៍របស់ខ្លួនយ៉ាងល្អ ដើម្បីទទួលជ័យជម្នះក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។
ទីបំផុត Messi បានបំពេញអាជីពដ៏ត្រចះត្រង់របស់ខ្លួន តាមរយៈការឈ្នះពានដ៏ធំបំផុតក្នុងកីឡាបាល់ទាត់ តាមរយៈការបង្ហាញពីទម្រង់លេងដ៏ល្អដែលនឹងត្រូវកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រ World Cup ក្រោយពីបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ក្នុងតង់ទី១ និងបន្ថែម១គ្រាប់ទៀតនៅនាទីបន្ថែម១៥នាទី២ដង។
ក្រុមជម្រើសជាតិបារាំង បានវាយបកតាមពីក្រោយក្នុងលទ្ធផល ២-០ នៅរយៈពេល១០នាទីចុងក្រោយ ខណៈដែលតារាឆ្នើម Kylian Mbappe បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីតាមស្មើវិញ និងបង្ខំឲ្យឈានដល់នាទីបន្ថែម១៥នាទី២ដង ក្នុងការប្រកួតមួយដែលមានអ្នកទស្សនារហូតដល់ទៅ៨៩០០០នាក់ នៅកីឡដ្ឋាន Lusail។
Messi ទំនងដូចជាបានកាត់សេចក្តីការប្រកួត នៅនាទីបន្ថែម១៥នាទី២ដងទៅហើយ តាមរយៈការរកគ្រាប់បាល់ទី២របស់គេក្នុងការប្រកួតនេះ នៅមុនពេល Mbappe ដែលជាមិត្តរួមក្លិប Paris Saint-Germain របស់គេ បានបំពេញការរកបានគ្រាប់បាល់៣គ្រាប់ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រជាលើកទី២របស់គេ ដើម្បីតាមស្មើ ៣-៣ និងបង្ខំឲ្យឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។
ខ្សែការពារ Gonzalo Montiel បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីជួយឲ្យអាហ្សង់ទីន ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-២ ប៉ុន្តែ នេះគឺជាវេលាដ៏រំភើបរីករាយសម្រាប់ Messi។
រូបគេបានភ្លក្សរសជាតិនៃការចាញ់ដ៏ជូរចត់ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៤ ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ុន្តែ ក្នុង World Cup ជាលើកទី៥ និងជាលើកចុងក្រោយ តារាឆ្នើមវ័យ៣៥ឆ្នាំរូបនេះ បានតាមស្មើកំណត់ត្រារបស់វីរបុរសអាហ្សង់ទីនគឺលោក Diego Maradona តាមរយៈការជួយឲ្យប្រទេសរបស់គេឈ្នះពាន World Cup។ នេះគឺជាការឈ្នះពាន World Cup ជាលើកដំបូងរបស់អាហ្សង់ទីន បើគិតចាប់តាំងពីលោក Maradona បានឈ្នះពាននេះក្នុងឆ្នាំ១៩៨៦ ក្នុងទីក្រុងម៉ិកស៊ិកូ។

អ្នកគាំទ្ររាប់លាននាក់ បានប្រមូលផ្តុំគ្នាតាមដងវិថីនានានៃក្រុង Buenos Aires ដើម្បីអបអរ ក្រោយពីអាហ្សង់ទីន បានឈ្នះពាន FIFA World Cup ឆ្នាំ២០២២។ AFP
អ្នកគាំទ្រអាហ្សង់ទីន រាប់ម៉ឺននាក់ បានអបអរដល់ Messi ក្នុងពេលដែលតារាឆ្នើមរូបនេះ បានប្រាប់ពួកគេថា «យើងជាម្ចាស់ជើងឯកពិភពលោកហើយ» ក្នុងពេលនិយាយតាមរយៈមីក្រូហ្វូន នៅកីឡដ្ឋាន។
ក្រោយមក រូបគេបាប្រាប់ទូរទស្សន៍អាហ្សង់ទីនថា៖ «ពិតណាស់ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំបែបនេះ។ ខ្ញុំមិនអាចស្នើសុំអ្វីដែលលើសពីហ្នឹងឡើយ។ អាជីពរបស់ខ្ញុំនឹងបញ្ចប់ដោយសារតែប៉ុន្មានឆ្នាំនេះ គឺជាឆ្នាំចុងក្រោយរបស់ខ្ញុំ។ តើនឹងមានអ្វីបន្ថែមទៀត បន្ទាប់ពីនេះ?»។

អ្នកគាំទ្ររាប់លាននាក់ បានប្រមូលផ្តុំគ្នាតាមដងវិថីនានានៃក្រុង Buenos Aires ដើម្បីអបអរ ក្រោយពីអាហ្សង់ទីន បានឈ្នះពាន FIFA World Cup ឆ្នាំ២០២២។ AFP
ជាមួយគ្នានេះ មានការអបអរយ៉ាងខ្លាំងនៅអាហ្សង់ទីន ខណៈដែលអ្នកគាំទ្ររាប់លាននាក់ បានប្រមូលផ្តុំគ្នាតាមដងវិថីនានា ដើម្បីច្រៀងចម្រៀង និងរាំ ដើម្បីអបអរការឈ្នះពាន World Cup របស់ក្រុមខ្លួន៕ AFP