ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ឱ្យ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ត្រូវ​ធ្វើតេស្ដ​គ្រឿងញៀន​ជាការ​ចាំបាច់ មុន​អនុញ្ញាត​ឱ្យ​កីឡាករ- កីឡាការិនី ចូលរួម​ការប្រកួត ឬ​ហ្វឹកហាត់។​

​លោ​កស ខេង បាន​មានប្រសាសន៍​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់​ដឹកនាំ ប្រតិភូ ប្រតិភូ​រង គ្រូបង្វឹក និង​កីឡាករ-កីឡាការិនី នៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី ៥ ខែ​មករា ឆ្នាំ ២០២៣។​

​លោក​បាន​ណែនាំ​ដល់​កីឡាករ-កីឡាការិនី របស់​ក្រសួងមហាផ្ទៃ​ទាំងអស់ ត្រូវ​ចៀសវៀង​ឱ្យបាន​ដាច់ខាត​ការប្រើប្រាស់​គ្រឿងញៀន។​

​លោក​មានប្រសាសន៍ថា​៖ «​ចាប់ពី​ថ្ងៃនេះ​តទៅ សូម​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់ទុក​ការធ្វើ​តេស្ដ​គ្រឿងញៀន ជាការ​ចាំបាច់ មិនអាច​ខាន​បាន​។ កាលណា​យើង​ខកខាន​មិនបាន​ធ្វើ​តេស្ដ​សារធាតុ​ញៀន គឺ​មិនទាន់​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​បានទេ​។ អ៊ីចឹង​មុន​ចូលរួម​ប្រកួត ចាំបាច់​ត្រូវតែមាន​ការបញ្ជាក់​អំពី​ការធ្វើ​តេស្ដ​សារធាតុ​ញៀន​ជាមុនសិន»។​

​បើ​អវិជ្ជមាន បានអនុញ្ញាត​ឱ្យចូល​ប្រកួត និង​ហ្វឹកហាត់ ប៉ុន្ដែ​បើ​វិជ្ជមាន គឺ​មិន​អនុញ្ញាត​ឡើយ ហើយក៏​មិន​អនុញ្ញាតឱ្យ​នៅក្នុង​ក្រុមកីឡា​ក្រសួង​មហាផ្ទៃ​ផងដែរ។​

​លើសពីនេះ​ទៀត លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ឱ្យ​យកចិត្ត​ទុកដាក់​លើ​ប្រភេទ​កីឡា​មាន​ឧត្តមភាព ហើយ​ជាមួយគ្នា​នេះ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ដែល​ទទួល​ជួយ​ប្រភេទ​កីឡា​នីមួយៗ ត្រូវ​បង្កើន​ការគាំទ្រ​ឱ្យបាន​កក់ក្ដៅ ដើម្បី​អភិវឌ្ឍន៍​ប្រភេទ​កីឡា​ទាំងនោះ ឱ្យ​កាន់តែ​មានការ​រីកចម្រើន។​

​ជាងនេះទៅទៀត លោ​កស ខេង ក៏បាន​សន្យាថា នឹង​ពិនិត្យ​លទ្ធភាព ដើម្បី​ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រីរាជការ ពិសេស​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដល់​កីឡាករ កីឡាការិនី ដោយ​ជាបឋម​នឹង​ផ្ដល់​អាទិភាព​លើ​កីឡាករ និង​កីឡាការិនី​ដែល​មាន​ស្នាដៃ​ដណ្ដើម​បាន​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ។

​លោក​បាន​ណែនាំ​ឱ្យ​កីឡាករ កីឡាការិនី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​ខ្លួន​៕​