ភ្នំពេញៈ​ ខ្សែ​វីដេអូ​ខ្លីបង្ហាញ​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​ដ៏អស្ចារ្យរបស់​សមាជិក​ក្រុម​ណិ​ច​ស្តិប​អេ​ហ្វ​ស៊ី Bruno Wellington Krenkel សម្រាប់​ការ​ប្រកួត​ជម្រើស​ជើង​ឯក​កម្ពុ​ជា​លី​គ ​២ (Cambo​dian League 2) ប្រចាំ​ឆ្នាំ​ ២០២២ ​បាន​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅលើ​​ពិភព​លោក ​ជាពិសេស​នៅ​អង់​គ្លេស​ ដែល​ជា​ប្រទេស​មាន​វិស័យ​បាល់​ទាត់​រីក​ចម្រើន​ខ្លាំង​ជាង​គេ ​។​

​​បើទោះ​បីជា​គ្រាប់​បាល់​ស៊ុត​ពី​ពាក់​កណ្តាល​ទី​របស់​ខ្សែប្រ​យុទ្ធ Bruno Wellington Krenkel បាន​កើត​មាន​ឡើង​តាំងពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ គឺ​នៅ​ពេល​ក្រុម​ណិ​ច​ស្តិប​អេ​ហ្វ​ស៊ី បាន​ចាញ់​ក្រុម​ព្រៃ​វែង​

អេ​ហ្វ​ស៊ី ៤-២ នៅ​កីឡដ្ឋា​ន​សៀម​រាប ប៉ុន្តែ​សកម្ម​ភាព​អូស​បាល់​រំលង​កីឡា​ករទាំង​២​នាក់​របស់​ក្រុម​ព្រៃវែ​ង រួច​ស៊ុត​បំ​ផ្លោង​ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ល្អ​បំផុត​នៅត្រឹម​នាទី​ទី​៤ របស់​ម្ចាស់​អាវ​លេខ​១៧ Bruno​ Krenkel បាន​ក្លាយ​ជា​វីដេអូ ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​។​

​​ខ្សែ​វីដេអូ​ខ្លី​ប្រមាណ​២០​វិនាទី​ស្តីពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ Bruno Krenkel នេះ បាន​ធ្វើឱ្យ​អ្នក​គាំទ្រ​បាល់​ទាត់​នៅលើ​ពិភព​លោក​ មានការ​កោត​សរសើរ​ និង​ភ្ញាក់​ផ្អើល​ខ្លាំង ហើ​យ​ពួកគេ​កាន់តែ​មិន​នឹក​ស្មាន​ដល់​ថា គ្រាប់​បាល់​ដ៏​ល្អ​បំផុត​នេះ​បាន​កើត​មាន​ឡើងនៅ​ក្នុង​កា​រប្រកួត​ជម្រើស​ជើង​ឯក​កម្ពុ​ជា​លី​គ​២​។

អ្នក​គាំទ្រ​ភាគ​ច្រើន បានចា​ត់ទុក​គ្រាប់​បាល់​នោះថា ​ជា​គ្រាប់​បាល់​ដ៏​កម្រ ដែល​​សម​នឹង​ទ​ទួលបាន​រង្វាន់​ពី FIFA ហើយ​បច្ចុប្ប​ន្ន វី​ដេអូ​ខ្លី​នេះ បាន​និង​កំពុង​បន្ត​ចែក​រំលែក​កាន់​តែ​ទូលំ​ទូលាយ និង​ច្រើន​ឡើងៗ ​តាម Twitter នៅ​ប្រទេស​អង់​គ្លេស​។​

​លោក T​om Watson ដែល​ជា​វិស្វករ​ម្នាក់ម​កពី​ទីក្រុង Derby ប្រទេស​អង់​គ្លេស​ បាន​ថ្លែងថា​​៖ «​នេះ​គឺជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ដែល​បាន​បង្ហោះ​នៅ​លើ Twitter របស់ខ្ញុំ ហើយ​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​នោះ​ឡើយ​! វា​ជា​គ្រាប់​បាល់​កម្រិត​ពិភព​លោក ​ហើយ​អ្នក​អធិ​ប្បាយ​កម្ពុជា ជួយ​បំពេញ​នូវ​រូប​ភាព​វីដេអូ​នេះ​។ ទោះបី​ខ្ញុំមិន​ចេះ​និយាយ​ភាសា​នោះ ​(​ភាសា​ខ្មែរ​) ប៉ុន្តែ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ពី​អា​រម្មណ៍​របស់​អ្នក​អធិ​ប្បាយ​​»​។​

«​នេះ​ជា​រឿង​ដ៏​អស្ចា​រ្យដែល​គ្រាប់​បាល់​១ បាន​ស៊ុត​ពី​ចម្ងាយ​ដ៏​ឆ្ងាយ​ក្នុង​ការ​ប្រកួត​នៅ​កម្ពុជា ហើយ​គ្រាប់​បាល់​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម Twitter ដោយ​អ្នក​គាំទ្រ​បាល់​ទាត់​រាប់​ពាន់​នាក់ ​នៅ​អង់គ្លេ​ស ហើយ​នេះ​ជាការ​បង្ហាញ​ពី​កម្រិត​ទូទៅ​នៃ​បាល់​ទាត់​។ក្រុម​ដែល​ខ្ញុំ​គាំទ្រ ​គឺ Newcastle United ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ក្លិប​នេះ​អាច​នាំយក​កីឡា​ករ​លេខ​១៧ ដើម្បី​មក​ធ្វើការ​តេស្ត​សមត្ថ​ភាព​!»​។ លោក Tom Watson បាន​បន្ថែម​។​

​ចំណែក​ Bruno Wellington Krenkel វិញ នៅតែ​ចង​ចាំ​មិន​ភ្លេច​ចំពោះ​គ្រាប់​បាល់ ដែល​​រូបគេ​បាន​ស៊ុត​បញ្ចូល​ទីទៅ​លើ​ក្រុម​ព្រៃវែង​។ ខ្សែ​ប្រ​យុ​ទ្ធប្រេ​ស៊ី​ល​រូបនេះ​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​បែប​នេះ​ថា​៖«​ខ្ញុំ​ទទួល​បាន​វីដេអូ​នេះ កាល​ពីដើម​ខែធ្នូ​ ដោយ​ខ្ញុំ​ចាំ​ថា បេះ​ដូង​របស់ខ្ញុំ​ពិតជា​លោត​ញាប់​ណាស់ ហើយ​​ខ្ញុំ​ក៏​ចង​ចាំ​រឿ​ងរ៉ាវ និង​ការ​បង្ហោះ​ជា​ច្រើន​ ដោយ​ខ្ញុំ​បាន​សរសេរ​បែប​នេះ«​ខ្ញុំ​ចង់​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​នៅ​កម្ពុជា ក្នុ​ង​ក្លិប​ណិ​ច​ស្ដិប​»ឬ«​ខ្ញុំ​ដឹងថា វា​លំបាក​ ប៉ុន្តែ​គ្មាន​អ្វី​អាច​យ​កឈ្នះ​ការខិតខំ​ព្យាយាម​​បាន​ឡើយ​»ឬក៏​សរសេរ​ថា«​អ្នក​ដឹង​ទេអ្នក​កំពុង​តែ​ស្ថិត​លើ​ផ្លូវ​ដែល​ត្រឹម​ត្រូវ​ហើយ​»​។​

Bruno Krenkel បាន​បន្ថែមថា​៖ «​មួយ​រយៈ​ពេល​ក្រោយ​មក គ្រាប់​បាល់​១​គ្រាប់ បាន​​ផ្លាស់​ប្តូរជីវិត​របស់​អ្នក ហើយ​ចំពោះ​មនុស្ស​ជាច្រើន វា​មិន​មាន​ន័យ​អ្វី​ឡើយ ​ប៉ុន្តែ​គ្រាប់​បាល់​នេះ បាន​បង្កើតឱ្យ​មាន​ការ​ផ្លាស់ប្តូ​រ​។ ១​ថ្ងៃ មុនពេ​ល​រកបាន​គ្រាប់​បាល់​នេះ ខ្ញុំ​បាន​លុត​ជង្គង់​ដើម្បី​និយាយ​បន់​ស្រន់​ទាំង​ទឹកភ្នែក​ទៅ​ព្រះ​ជា​ម្ចាស់​ឱ្យ​ទាត់​បាល់​ឱ្យ​ខ្ញុំដើ​ម្បី​រឿង​ដ៏​អស្ចារ្យ​មួយ​។ នៅពេ​ល​ភ្ញាក់​ឡើង​រាល់​អ្វីៗ​ដែល​ខ្ញុំ​បានធ្វើ​ ហាក់ដូច​ជា​ខុស​ប្លែក​ពី​ធម្មតា​ ខ្ញុំ​បាន​ដឹង​ពីអ្វី​ដែល​ខ្ញុំ​បានធ្វើ​ និង​កម្រិត​នៃ​ការ​ខិតខំ​ដែល​ខ្ញុំ​មាន​។ មនុស្ស​ជាច្រើន​ប្រហែល​ជា​ភ្លេច​ខ្ញុំ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់ មិន​បាន​ភ្លេច​ឡើយ​!»​។

​ទន្ទឹម​នឹង​នេះ លោក ​កែវ សារ៉េត អគ្គលេ​ខាធិកា​រ​សហ​ព័ន្ធ​កីឡា​បាល់ទា​ត់​កម្ពុជា(FFC)ដែល​ធ្លាប់​ជា​អ្នក​លេង​បាល់​ទាត់​១​រូប​ផង​នោះ បាន​អះ​អាង​ថា គ្រាប់​បាល់​របស់​ខ្សែប្រ​យុទ្ធ Bruno Wellington Krenkel វា​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បែបនេះ​ព្រោះ​អ្នកគាំទ្រ​​បាល់ទា​ត់​នៅលើ​​ពិភព​​លោកពិតជា​ចង់​ឃើញ​គ្រាប់​បាល់​ដ៏​អស្ចារ្យ ​ដែល​កើត​ចេញពី​បច្ចេក​ទេស​ពិត​ប្រាកដ​បែបនេះ​​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កា​ល​ពី​ថ្ងៃអាទិត្យ​ថា​៖ «​ពិតជា​ណាស់ អ្ន​កគាំទ្រ​ ពិតជា​ចង់​ឃើញ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បែប​នេះ ​ហើយ​វា​កាន់​តែមាន​មោទន​ភាព ​ដែល​គ្រាប់​បាល់​នេះ បាន​កើត​មាន​ឡើង​នៅលើ​ទឹកដី​កម្ពុជា​ និង​ក្នុង​ការប្រ​កួត​ជម្រើស​ជើងឯ​ក​កម្ពុ​ជាលី​គ​២​របស់​យើង​។ នៅ​ពេល​វីដេអូ នៃ​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នេះ ត្រូ​វបាន​ចែក​រំលែក​លើ​ឆាក​អន្តរជាតិ​ ហើ​យក៏​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅ​អង់​គ្លេស​ទៀត​នោះ គឺ​ពិតណា​ស់ វា​បាន​​ផ្តល់​នូវ​​អត្ថប្រ​យោជ​ន៍​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្ស​ព្វផ្សាយ​ពី​វិស័យ​កីឡាបា​ល់ទាត់​​របស់​យើង​»​។

​អ្នក​ជំនាញ​របស់ FFC រូបនេះ បាន​បញ្ជាក់ថា​​៖ «​ក្នុង​នាម​ខ្ញុំ ជា​គ​ណៈក​ម្មកា​របច្ចេក​ទេស​របស់​សហព័​ន្ធ ពិត​ជា​មាន​អារម្មណ៍​រី​ក​រាយ និង​មាន​មោទនភា​ពចំ​ពោះ​ដំណឹង​ដ៏​ល្អ​នេះ ហើយ​វា​នឹង​ក្លាយ​ជា​សារ​ជំរុញ​ឱ្យ​កីឡាករ កីឡា​ការិនី​របស់​យើង​បន្ត​ខំប្រឹង​បន្ថែម​ទៀត​ក្នុង​ការ​រួម​ចំណែក​អភិ​វឌ្ឍ​វិស័យ​បាល់​ទាត់​​របស់​យើង​ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​របស់​សហ​ព័ន្ធ​លោក​ក៏​បាន​យក​ចិត្តទុ​កដាក់​និង​ប្រឹង​ប្រែង​ខ្លាំង​ដើម្បី​ជំរុញ​វិស័យ​នេះឱ្យ​កាន់តែ​មានកា​រ​រីកច​ម្រើន​ដូច​គ្នា​»។

ស្រដៀង​គ្នា​នេះ លោក ជា ម៉េង​លី អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ណិ​ច​ស្តិ​ប ក៏បាន​បង្ហាញ​ការអបអរ​ដល់​ភាព​ល្បី​រន្ទឺ​ចំពោះ​គ្រាប់​បាល់​របស់ Bruno Wellington Krenkel ផង​ដែរ​។ លោក​បាន​ប្រាប់​កាលពី​ថ្ងៃទី​៩ ខែមករា ថា​៖ «​បើ​និយាយ​ពី​គុណភាព​លេង​របស់​ក្រុម​យើង គឺ​នៅមានកម្រិត​ទាប ដោយ​ការប្រកួតប្រជែង​របស់​យើង នៅ​មិនទាន់​ដល់​ក្រុម​មួយចំនួនធំ​នៅ​លី​គ​កំពូល និង​លី​គ ​២ នោះទេ ប៉ុន្តែ​នៅពេល Bruno បាន​បង្កើតឱ្យមាន​ទទួល​ស្គាល់​នេះ​ឡើង យើង​ពិតជា​ភ្ញាក់ផ្អើល និង​រំភើប ព្រោះនេះ​ជា​មោទនភាព សម្រាប់​វិស័យ​បាល់ទាត់​របស់​យើង ហើយ​ភាពល្បីល្បាញ​នៃ​គ្រាប់​បាល់​នេះ ក៏បាន​លើកមុខ​មាត់​ដល់​ក្លិប​ណិ​ច​ស្តិ​បរ​បស់​យើង​ផងដែរ​»៕

ឈន ណន និង James Watson