ភ្នំពេញៈ កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បាន​សម្រេច​លុប​ចោល​ការ​ប្រើ​ពាក្យ​កីឡា​ Muay ចេញ​ពីការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​ ២០២៣ នៅខែ​ឧសភា​ ខាង​មុខ​នេះ ដោយ​កម្ពុជា បាន​ប្រកាន់​ជំហរ​ប្រើ​ពាក្យ «គុន​ខ្មែរ ឬ Kun Khmer» តែម្តង ដើម្បី​បង្ហាញ​ពី​កីឡា​ជា​អត្ត​សញ្ញាណ​របស់​ខ្លួន ក្នុង​នាមជា​ម្ចាស់​ផ្ទះ ទៅតាម​ការ​ចង់​បាន​របស់​ប្រជាជន​កម្ពុជា​។

លោក វ៉ាត់ ចំរើន អគ្គលេ​ខាធិការ CAMSOC និងជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ​​អូឡាំ​ពិក​កម្ពុជា (NOCC) បា​នប្រាប់ ​ភ្នំពេ​ញ ​ប៉ុស្តិ៍​ថា ការ​សម្រេច​ប្រើ​ពាក្យ Kun Khmer ជាផ្លូវ​ការ នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​ នេះ គឺត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​ឆន្ទៈ​របស់​កម្ពុជា ហើយ​កម្ពុជា បាន​សរសេរ​ជាលាយ​លក្ខណ៍​អក្សរ ប្រាប់​ទៅគណៈ​កម្មាធិការ​ជាតិ​ (NOC) របស់​ប្រទេស​​​ទាំង​ ១០ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួច​ហើយ។

មន្រ្តី​ជំនាញ​​ផ្នែក​កីឡា លោក វ៉ាត់ ចំរើន បានប្រាប់​កាលពី​ថ្ងៃ​អង្គារ​​ថា៖​ «​យើងបាន​ប្រាប់​ទៅ NOC ​របស់​ប្រទេស​ទាំងអស់​ថា យើង​​ប្រើ​ពាក្យ «Kun Khmer» សម្រាប់​ការ​ប្រកួត​កីឡា Muay សម្រាប់​ស៊ីហ្គេម នៅ​ក្នុងប្រទេស​របស់​យើង។ យើង​មិន​ខ្វល់​ថា អ្នក​ណា​គិត​យ៉ាង​ម៉េច​នោះទេ សំខាន់​យើង​បាន​ប្រាប់​ទៅ​កាន់​បណ្តា​ប្រទេស​ជា​សមាជិក​រួច​ហើយ​ថា យើង​ប្រើ​ប្រាស់​​​ពាក្យ​គុនខ្មែរ ក្នុង​នាម​ជា​ម្ចាស់​​ផ្ទះ»។

យ៉ាងណា​ក៏​ដោយ នៅមុន​ការ​សម្រេច​ប្រើពាក្យ​ Kun Khmer ជា​ផ្លូវ​ការ​នេះ គឺ​ដំបូង​ឡើយ គណៈ​កម្មាធិការ​ជាតិ CAMSOC បាន​ប្រើ​ពាក្យ​កីឡា Mauy ភ្ជាប់ជា​មួយ​គុនខ្មែ​រ ឬ Kun Khmer (Muay) នៅ​​ស៊ីហ្គេម ឆ្នាំ​ ២០២៣​ នេះ ហើយ​ការ​សម្រេច​បែប​នេះ ដោយ​សារ​​​​កម្ពុជា គោរព​​ទៅតាម​ធម្មនុញ្ញ​របស់​ស៊ីហ្គេម ដោយ​កំណត់​ឱ្យ​គ្រប់​ប្រទេស​ ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ទាំង​អស់ ត្រូវ​តែ​ប្រើ​ពាក្យ Muay នេះ គឺ​មិនអាច​អត់ដាក់​បាន​ឡើយ។

ប៉ុន្តែ​ការ​សម្រេច​ដាក់ពាក្យ Kun Khmer (Muay) នោះ បាន​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ​​ប្រដាល់​គុនខ្មែរ​ ផ្ទុះការ​រិះគន់​ខ្លាំង និងសុំ​ឱ្យដក​ពាក្យ​​ Muay ចេញ​ ព្រោះ​ពួកគេ​ដឹង​ថា ពាក្យ Muay គឺ​ជា​កម្លាយ​ពាក្យ​ចេញ​ពីកីឡា MauyThai របស់​ថៃ ហើយ​តាំង​តែពី​ដើម​មក អ្នក​គាំទ្រ​កម្ពុជា និង​ថៃ គឺ​មាន​គោលជំហរ​រក្សាតម្លៃនៃ​ក្បាច់គុន​របស់​ដូនតា​រៀងៗ​ខ្លួន ដោយ​ក្នុង​នោះ​អ្នកគាំ​ទ្រ​កម្ពុជា បាន​អះអាង​ថា MauyThai មាន​ប្រ​ភព​​ចេញ​​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​ រីឯ​ថៃ អះអាង​ថា MauyThai ជា​របស់​ខ្លួន ហើយ​គុនខ្មែរ ទៅ​វិញ​ទេ ដែល​បាន​លួច​ចម្លង​ចេញ​ពី MuayThai។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «ការ​ប្រកាន់​ជំហរ ប្រើ​ប្រាស់​ពាក្យ គុន​ខ្មែរ នេះ ដើម្បី​កុំឱ្យ​មានការ​ច្របូក​ច្រប​ល់ និង​មតិ​យោបល់​របស់​មហាជន​យើង ប្រកាន់​រឿង​ពាក្យ​ Muay ហ្នឹង​ទៀត ហើយ​វា​ជាកិត្តិយ​ស ក្នុងនាម​យើង​ជា​​ម្ចាស់​ក្បាច់គុន​ និង​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម ដោយ​យើង​បាន​ប្រឹង​ប្រែង​ទាំងអ​ស់​គ្នា ដើម្បី​សម្រេច​ក្តីប្រា​ថ្នា ក្នុង​ការ​ប្រើប្រាស់​ពាក្យ គុ​ន​ខ្មែរ នៅ​ក្នុង​ស៊ីហ្គេម»។​

គួរ​រំឭក​ថា ​​ប្រទេស​ភាគ​ច្រើន នៅក្នុង​តំបន់​អាស៊ាន បាន​គាំ​ទ្រក្នុងការ​ដាក់​បញ្ចូល Muay Thai ឬ Muay ទៅក្នុង​ការ​ប្រកួត​ស៊ីហ្គេម តាំង​ពីឆ្នាំ​ ២០០៧ ដោយ​កាល​នោះ​​ថៃ​ ​ធ្វើជា​ម្ចាស់​ផ្ទះ ហើយ​ប្រទេស​ឡាវ ហ្វីលី​ពីន មីយ៉ាន់ម៉ា សិង្ហ​បុរី និងឥណ្ឌូនេ​ស៊ី សុទ្ធតែ​បានចូល​រួម​ប្រកួត​ប្រជែង​លើ​ប្រភេទ​កីឡា​មួយ​នេះ។

ក្រោយ​មក​ទៀត កីឡា Muay ត្រូវ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​ជា​បន្ត​បន្ទាប់​គ្នា សម្រាប់​ស៊ីហ្គេម នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​កម្ពុជា បាន​សម្រេច​ចូល​រួមការ​ប្រកួត Muay នេះ ជាលើក​ដំបូង កាល​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នៅ​ម៉ាឡេ​ស៊ី ដោយ​កាល​នោះ កម្ពុជា​ដណ្តើមបាន​មេដាយ​មាស​ ១ រកបាន​ដោយ​កីឡាករ ឃីម ឌីម៉ា រួម​ទាំង​មេ​ដាយ​ប្រាក់ ​១ និង​សំរឹទ្ធ​​​ ២ ​​ទៀត។ ចំណែក​ការ​ចូល​​លើកទី​២ ក្នុង​ស៊ីហ្គេម ឆ្នាំ​ ២០១៩ ក្រុម​អត្តពលិកកម្ពុជា ដណ្តើម​បាន​ត្រឹម​មេ​ដាយ​សំរឹទ្ធ​ ៣ ហើយ​ការ​ចូលរួម​ក្នុងស៊ីហ្គេម នៅវៀត​ណាម កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២២ កម្ពុជា ឈ្នះ​បាន​មេដាយ​មាស​ ១ និងសំរឹទ្ធ​ ៦។

យ៉ាង​ណាមិញ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ លើកនេះ គឺ​កម្ពុជាតាម​រយៈ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ជា​អ្នក​រៀបចំ និងតាក់តែង​ច្បាប់ ​​​លក្ខន្តិកៈ និង​បទបញ្ជា​​នៃ​ប្រកួត ដោយ​កម្ពុជា បាន​ត្រៀមមន្រ្តី​អាជ្ញាក​ណ្តាល និងចៅ​ក្រម របស់​ខ្លួន​រួច​ហើយ សម្រាប់​រៀបចំ​ការ​ប្រកួត ក្រោម​កិច្ច​សហការ​ជាមួយ​មន្រ្តី​បច្ចេក​ទេស​អន្តរ​ជាតិ​មួយចំនួន​ទៀត ហើយការ​សម្រេ​ចប្រើ​ពាក្យ Kun Khmer ជា​ផ្លូវការ ក្នុងស៊ីហ្គេម លើក​នេះ វានឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា កាន់តែ​ពេញ​ចិត្ត​​ពេញ​ថ្លើម ​ក្នុងការ​ចូលរួម​គាំទ្រ ដល់ការ​ធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម នៅខែឧ​សភា ខាងមុខ​នេះ។

«នេះជា​ជោគ​ជ័យដ៏ធំ​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​​របស់យើង កាន់តែ​​មាន​ទឹក​ចិត្ត​ និង​​ឆន្ទៈ​ដ៏ពិត​ប្រាកដ​ ក្នុងការ​ចូល​រួមជាមួយ​​រាជរដ្ឋាភិបាល ក៏ដូចជា​ CAMSOC សម្រាប់​ដំណើរ​​ការ​​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នេះ ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើកដំបូង​នៅ​កម្ពុជា​​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និងទទួលបានជោគ​ជ័យ សម្រាប់​ជា​មុខមាត់ និងកិត្តិយស​ជាតិ នៅ​លើ​ឆាកអន្តរ​ជាតិ»។ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​៕