ភ្នំពេញៈ គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) របស់​កម្ពុជា បាន​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំក្នុងការ​ប្រើ​ពាក្យ «Kun Khmer» ដោយ​សម្រេច​លុប​ពាក្យ​កីឡា Muay ចេញ​ពី​ស៊ី​ហ្គេមនៅ​លើ​ទឹកដី​ខ្លួនឯង​លើក​នេះ​តែ​ម្តង បើ​ទោះបី​ជា​ថៃបាន​ប្រតិ​កម្ម​ខ្លាំង ​ហើយ​បាន​ប្រកាស​ពី​ការ​មិន​បញ្ជូន​ប្រតិភូ​កីឡា​ប្រដាល់​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​ខែ​ឧសភា​ខា​ងមុខ​ក៏​ដោយ​។​

​លោក វ៉ា​ត់ ចំរើន ​អគ្គ​លេខាធិ​ការ​ CAMSOC បាន​ប្រាប់​ថា ការ​សម្រេច​ប្រើ​ប្រាស់​ពាក្យ «​គុន​ខ្មែរ ​ឬ Kun Khmer» ដោយ​គ្មាន​ភ្ជាប់​ពាក្យ «Muay» ដែល​ជា​ប្រភេទ​ក្បាច់​គុន​របស់​ថៃ ដោយ​មាន​ឈ្មោះ​ពេញ​ថា Muay Thai​ នេះ គឺ​កម្ពុជា ​បាន​ធ្វើ​លិខិត​ជាលា​យ​លក្ខណ៍អក្សរ​យ៉ាង​ត្រឹម​ត្រូវ​ ដើម្បី​ផ្ញើ​ទៅ​កាន់​ប្រទេស​ជា​សមា​ជិក​ស៊ី​ហ្គេម ហើយ​ការធ្វើ​បែប​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​កីឡា​ជា​អត្ដ​សញ្ញាណ​របស់​ជាតិ​ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​លើក​ដំបូងក្នុង​ឆ្នាំ​ ២០២៣ ​នេះ​។​

​អ្នក​ជំនាញ​កីឡា​រូប​នេះ ​បាន​ថ្លែងថា​៖ «​បើទោះ​ជា​ភាគី​ថៃ មិន​ពេញ​ចិត្ត​ចំពោះ​រឿងនេះ​ និង​មិន​បញ្ជូន​អត្ដ​ពលិក​ម​ក​ប្រកួត​លើ​វិញ្ញា​សា​នេះ ក៏​ប្រដាល់​គុន​ខ្មែរ នៅ​តែ​ជា​វិញ្ញា​សា​ប្រកួត​ក្នុង​ស៊ី​ហ្គេមលើក​ទី​៣២ ដដែល​ ព្រោះ​តាម​ច្បាប់​កីឡា ​គឺ​ឱ្យ​តែ​មាន​៤​ប្រទេស​ឡើង​ទៅ យើង​អាច​ប្រកួត​បាន​ហើយ ​តែ​កម្ពុជា​យើង​មាន​រហូតដល់​ ៦ ​ប្រទេស​បាន​គាំទ្រ​លើ​វិញ្ញា​សា​នេះក្នុង​នោះ​មាន​ឥណ្ឌូ​នេស៊ី ​វៀត​ណាម​ ហ្វីលី​ពីន ឡាវ មី​យ៉ាន់​ម៉ា និង​ម៉ាឡេ​ស៊ី​។ ដូច្នេះ​យើង​អត់​ខ្វល់ ​ចំពោះ​អ្នក​ណា​មិន​ចូល​រួម​ប្រកួត​នោះ​ទេ​»​។​

​ការ​បញ្ជាក់​ឡើង​វិញ ចំពោះ​ការ​រក្សា​គោលជំ​ហរ​ប្រើ​ឈ្មោះ​ប្រដាល់​គុន​ខ្មែរ​ ឬ Kun Khmer នៅក្នុង​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣​ របស់​កម្ពុជា​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ភាគី​ថៃ បាន​ប្រតិ​កម្ម​ និង​ប្រកាស​ថា ពួក​គេនឹង​មិន​ប​ញ្ជូន​ក្រុម​អត្ត​ព​លិ​ក​ប្រដាល់​ Muay Thai របស់ខ្លួន ឱ្យមក​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា Kun Khmer ក្នុង​ស៊ី​ហ្គេម លើក​ទី​៣២ ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៣​នេះ​ទេ​។​

​លោក​ សាក់​ឆាយ ​ថាប់​ស៊ុវ៉ាន់ នាយក​សមា​គម​កីឡា​ប្រដាល់​ Muay Thai ស្ម័គ្រ​ចិត្ត បានផ្តល់​បទ​សម្ភាស​ន៍ឱ្យ Thai PBS Sport កាលពី​ថ្ងៃទី​២១ ​ខែមករា​ថា​៖ «​សមា​គម​ មិន​អាច​នឹង​ប​ញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត​ប្រជែង(​នៅ​ស៊ី​ហ្គេម លើក​នេះ​)បាន​ទេ ហើយ​យើង​ក៏បាន​ជូន​ដំណឹង​ដល់​គណៈ​កម្មាធិការ​អូឡាំពិ​ក​របស់​ប្រទេស​ថៃ ហើយ​គណៈ​កម្មាធិ​ការ ក៏​មាន​ការ​យល់​ឃើញ​ដូច​សមា​គម​ប្រដាល់​របស់​យើងគឺ​យើង​មិន​បញ្ជូន​អត្ត​

ព​លិក​ទៅ​ចូលរួម​ការ​ប្រកួត​នេះ​ទេ​»​។​

​ទន្ទឹម​នឹង​នេះ ​សហ​ព័ន្ធ​កីឡាប្រ​ដាល់ ​Muay Thai អន្តរ​ជាតិ (IFMA) ក៏បាន​ជូន​ដំណឹង​ដែរ​ថា នឹង​មាន​ការ​ដាក់​ពិន័យ​ទៅ​ដល់​គ្រប់​ប្រទេស​ ដែល​បញ្ជូន​ប្រតិភូ​កីឡាឱ្យមក​ចូលរួម​ការ​ប្រកួត​កីឡា​ប្រដាល់​ក្នុង​ស៊ី​ហ្គេម​ ឆ្នាំ​២០២៣​ នៅ​កម្ពុជា ដោយ​ស្ថា​ប័ន​មួយ​នេះ​ បាន​អះ​អាង​ថា តាម​បទ​ប្បញ្ញត្តិ​របស់​ស៊ី​ហ្គេម គឺ​ទាំង​ប្រភេទ​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​សេរី ក្នុង​ស៊ី​ហ្គេម ត្រូវ​តែ​ប្រើ​ឈ្មោះ ​Muay ឬ Muay Thai ។​

​លោក ​សាក់​ឆាយ ​ថាប់​ស៊ុវ៉ាន់ ដែល​ជា​ប្រធាន​IFMA​ផង​នោះ​បាន​បន្ថែម​ថា​៖ «IFMA បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ដល់​ប្រទេស​ជា​សមា​ជិក ក្នុង​ប្លុក​អា​ស៊ាន​ថា ប្រសិន​បើ​ប្រទេស​ណា ​បញ្ជូន​អត្ត​ព​លិ​ក មន្ត្រី​ពាក់ព័​ន្ធ ឬអ្វី​ក៏ដោយ​ ទៅ​ចូលរួម​ប្រកួត​ប្រជែង​ប្រដាល់​លើក​នេះ ពួកគេ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត ​ក្នុង​កីឡា​របស់ IFMA នោះទេ ជាក់​ស្ដែង​គឺ​ការ​ប្រកួត Asian Indoor Game របស់​យើង ​នា​ពេល​ឆាប់ៗ​នេះ ហើយ​ប្រទេស​ថៃ​ផ្ទាល់ ក៏​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែងក្នុង​កីឡា​របស់ IFMA ដូច​គ្នា ​បើសិន​ជា​យើង​ទៅ​ចូលរួម​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ​»​។​

ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណា អ​គ្គលេ​ខាធិការ CAMSOC លោក វ៉ា​ត់ ចំរើន មិនបាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ប្រកាស​ដក​ខ្លួន​រប​ស់​ប្រតិភូ​កីឡា​ប្រដាល់​របស់​ថៃ​នេះ​ទេ ​ដោយ​លោក​បាន​លើក​ឡើងថា​ ការចូលរួមឬ​មិន​ចូលរួម​ប្រកួត​កីឡា​ណាមួ​យ គឺជា​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣៣ ឆ្នាំ​២០២៥ ដែល​ប្រទេស​ថៃធ្វើជា​ម្ចាស់​ផ្ទះគឺ​កម្ពុជា ក៏​មិន​បញ្ជូន​ក្រុម​អ​ត្ដព​លិ​ក​ប្រដាល់​គុន​ខ្មែរ ទៅ​ចូល​រួម​ការ​ប្រកួត​ Muay Thai របស់​ថៃ​ដូច​គ្នា​។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា​៖ «​បើ​សិន​ថៃ ដាក់ Muay Thai ក្នុ​ងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៥ ក៏​យើង​អត់​ចូល​ដែរ ​ហើយ​ពេល​យើង​ដាក់​គុន​ខ្មែរ ​គេ​ក៏​អត់​មក ​ដែល​នេះ​ជា​រឿង​របស់​គេ ​ប៉ុន្ដែ​មាន​ប្រទេស​ផ្សេង​ទៀត គេ​ចូល​រួម​។ យើងនៅតែ​សាម​គ្គី ក្នុង​ការ​អភិវឌ្ឍ​គុន​ខ្មែរ និង Muay Thai ក្នុង​រូបភាព​ជាការ​ប្រកួត​មិត្ត​ភាព និយាយ​រួម​ប្រកួត​អ្វី​ក៏​ដោយឱ្យតែ​ក្រៅ​ពី​ការ​ប្រកួត​ជា Games ព្រោះ​ការ​ប្រកួត​ពហុ​កីឡា ដូចជា​ ស៊ី​ហ្គេម គឺជា​កា​រប្រកួត​តំណាង​ឱ្យ​ជាតិ ដូច្នេះ​យើង​ត្រូវ​ប្រកាន់​គោល​ការណ៍​អត្ដ​សញ្ញាណ​ជាតិ​របស់​យើង​»៕