ភ្នំពេញៈ កម្ពុជា តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ខណៈដែលលោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធាន CAMSOC អះអាងថា កម្ពុជា បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្ត្រ លើកដំបូងនេះ។
លោក ទៀ បាញ់ បានចាត់ទុកពិធីរាប់ថយក្រោយ ១០០ ថ្ងៃ នាថ្ងៃទី ២៥ ខែមករា ខាងមុខនេះថា ជាដំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យគណៈកម្មការ អនុគណៈកម្មការទាំង ១៤ របស់គណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការងារបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយនេះ។
លោកថ្លែងថា៖ «ពេលវេលានៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា កាន់តែខិតជិតមកដល់ ដោយយើងកំពុងត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ដូច្នេះនៅគ្រប់ទិសទី និងគ្រប់កន្លែងទាំងអស់ ត្រូវតែប្រុងប្រៀបខ្លួន ដើម្បីធ្វើម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យដ៏ធំធេង ហើយយើងឃើញថា ការប្រុងប្រៀបរបស់យើង គឺរួចរាល់ជាស្ថាពរ និងកំពុងឈានដល់ដំណាក់កាលចុងក្រោយ»។
ការថ្លែងបែបនេះរបស់លោក ទៀ បាញ់ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ ក្នុងដំណាក់កាលប្រតិបត្តិហ្គេម (Games Time) នៅទីស្ដីការក្រសួងការពារជាតិ កាលពីថ្ងៃទី ២០ ខែមករា ដោយមានគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ជាពិសេសគឺគណៈកម្មការ និងអនុគណៈកម្មការទាំង ១៤ របស់ CAMSOC ដែលត្រូវបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពការងារ ដែលខ្លួនបំពេញបាន និងទិសដៅ ដែលត្រូវធ្វើបន្ទាប់ ក្នុងរយៈពេលនៅសល់ជាង ១០០ ថ្ងៃនេះ។
លោក ទៀ បាញ់ បន្ថែមថា៖ «ក្នុងដំណាក់កាលនៅសល់ ១០០ ថ្ងៃនេះ ជារយៈពេល ដែលយើងត្រូវពង្រឹង និងរៀបចំឱ្យកាន់តែល្អថែមទៀត ដើម្បីធានាថា កិច្ចការទាំងអស់របស់យើង គឺបានរួចស្រេចបាច់។ គណៈកម្មការ និងអនុគណៈកម្មការទាំង ១៤ របស់យើង បានបំពេញការងារពេញលេញអស់ហើយ អ៊ីចឹងការនៅសល់ ១០០ ថ្ងៃ គឺជាពេលវេលា ដែលយើងត្រូវរៀបរយ និងបំពេញបន្ថែមឱ្យកាន់តែសព្វគ្រប់ និងពេញលេញ ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចបណ្ដាគណៈប្រតិភូកីឡាទាំងអស់ ដែលចូលរួមប្រកួតនៅប្រទេសរបស់យើង»។
ទន្ទឹមនឹងនេះ លោកទៀ បាញ់ បានសម្ដែងការគោរពនូវអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជំរុញឱ្យបំផ្ទុះការផ្សព្វផ្សាយពីការរាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដែលកម្ពុជារង់ចាំអស់ ៦៤ ឆ្នាំនេះ ហើយលោកបានស្នើទៅលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC ឱ្យជំរុញបន្ថែមលើការងារផ្សព្វផ្សាយតាមទូរទស្សន៍ឱ្យកាន់តែទូលំទូលាយ។
ជុំវិញការងារនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយកិច្ចប្រជុំ កាលពីថ្ងៃទី ២០ ខែមករានោះថា៖ «ចាប់ពីរយៈពេលនៅសល់ ១០០ ថ្ងៃ សម្តេចពិជ័យសេនា បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យស្នើសុំដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសទូរទស្សន៍ទាំងអស់ ជួយផ្សព្វផ្សាយស្ប៉តផ្សព្វផ្សាយឱ្យបានច្រើនជាអតិបរមា តាមដែលអាចធ្វើទៅបាន»។
«នេះជាការបង្ហាញឱ្យកាន់តែច្បាស់អំពីការត្រៀមលក្ខណសម្បត្តិរួចរាល់អស់ហើយរបស់ម្ចាស់ផ្ទះកម្ពុជានៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ព្រោះនិមិត្តរូបនៃ ១០០ ថ្ងៃ ជាការផ្ញើសារជូនទៅដល់គ្រប់ប្រទេសទាំងអស់ ជាសមាជិកនៅអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ «Cambodia is Ready» ដើម្បីត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ»។
ជាមួយគ្នានោះ លោក ទៀ បាញ់ ក៏បានជំរុញលើការបំពាក់ប្រព័ន្ធអ៊ីនធឺណិតឱ្យបានគ្រប់កន្លែង ក្នុងអំឡុងពេលប្រកួតផងដែរ ព្រោះប្រព័ន្ធអ៊ីនធឺណិត ជាចំណុចគន្លឹះក្នុងការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅទូទាំងប្រទេស និងទៅកាន់បរទេស។
ចំពោះការងារនេះ លោក វ៉ាត់ចំរើន ឱ្យដឹងថា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់បង្ហាញជូនកិច្ចប្រជុំថា នឹងមានការបំពាក់ឧបករណ៍ Wi-Fi នៅគ្រប់ទីកន្លែង និងមានរថយន្ត Wi-Fi ចល័តទៀតផង ដើម្បីជួយបន្ថែមកម្លាំងលើប្រព័ន្ធអ៊ីនធឺណិតនេះ។ ជាមួយគ្នានេះ អាជ្ញាធររាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តគោលដៅរៀបចំប្រភេទកីឡាមួយចំនួន ក៏កំពុងត្រៀមរៀបចំកែលម្អ លើការងារផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ»៕