
ទិដ្ឋភាពកីឡដ្ឋានមរតកតេជោ ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ ២០២៣ នេះ វាជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់អាស៊ាន ហើយកម្ពុជានឹងខិតខំធ្វើឱ្យបាននូវកិច្ចការងារនេះជាមួយនឹងការទទួលខុសត្រូវខ្ពស់ ខណៈកម្ពុជាចាប់ផ្តើមពិធីរាប់ថយក្រោយ ១០០ ថ្ងៃចំពោះព្រឹត្តិការណ៍នេះ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ ពាន់នាក់ កាលពីព្រឹកថ្ងៃទី ២៣ ខែមករា លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការរៀបចំព្រឹត្តិការណ៍ធំ ជាច្រើនទៀត កាលពីឆ្នាំ ២០២២។ ចំណែកឆ្នាំ ២០២៣ នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលនឹងមានកីឡាករ កីឡាការិនីរាប់ពាន់នាក់ មកចូលរួម ហើយកម្ពុជាត្រូវបំពេញកិច្ចការងារនេះឱ្យបានល្អ ដើម្បីលើកមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «យើងត្រូវខិតខំធ្វើឱ្យបាន នូវកិច្ចការងារនេះ ជាមួយនឹងការទទួល ខុសត្រូវរបស់យើង គឺមិនគ្រាន់តែជាបញ្ហា សម្រាប់ការឈ្នះមេដាយនោះទេ ក៏ប៉ុន្តែធ្វើជាម្ចាស់ផ្ទះ ដោយមានការទទួលខុសត្រូវ ផ្តល់នូវសុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនី និងអ្នកដឹកនាំមកពីប្រទេសនានា ព្រមទាំងផ្តល់នូវការសប្បាយរីករាយ សម្រាប់ពួកគេដែលមកប្រកួត នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា៖ «នេះជាព្រឹត្តិការណ៍ដ៏ធំ ហើយយើងត្រូវចំណាយលុយក៏ច្រើន។ យើងបានធ្វើស្តាត និងធ្វើកន្លែងប្រកួត ដោយក្នុងនោះមិត្តចិនបានជួយស្តាត (ពហុកីឡដ្ឋានជាតិមរតកតេជោ) មួយដ៏ល្អ ហើយយើងក៏បានប្រើថវិកាកសាងខ្លួនឯងបូកបន្ថែម។ ពីមុនខ្ញុំនិយាយថា តែ ៤០ លានទេ ក្នុង ១ ឆ្នាំ តែយើងបានបង្កក ៣ ឆ្នាំឥឡូវថវិកាសម្រាប់ការប្រកួត និងការកសាងនានានេះឡើងជាង ១០០ លានដុល្លារ គឺយើងអត់ធ្វើលលីមលលាមទេ»។
យ៉ាងណាក៏ដោយ នៅមុនការសម្រេចទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ ២០២៣ នេះ កម្ពុជា បានបដិសេធជាច្រើនលើកក្នុងការទទួលយកឱកាសនេះ ដោយសារតែប្រទេសមួយនេះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំ ហើយលោកហ៊ុន សែន បានទម្លាយថា លោកបានសុំការអធ្យាស្រ័យពីមេដឹកនាំអាស៊ាន លើការបដិសេធ មិនព្រមធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះផងដែរ ប៉ុន្តែពេលនេះ វាដល់ពេលកម្ពុជា ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនហើយ។
លោកថា៖ «កាលពីមុនយើងធ្វើអត់បាន ហើយពេលនោះមានមនុស្សមួយចំនួនបានបង្អាប់ និងស្តីបន្ទោសឱ្យខ្ញុំថា ឡាវ ធ្វើម្ចាស់ផ្ទះស៊ីហ្គេមបាន ចុះហេតុអ្វី កម្ពុជាធ្វើមិនបាន? តែពេលនេះ អ្នកទាំងនោះយល់ហើយ»។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការសុំពន្យារពេល មិនមែនជារឿងអាក្រក់ទេ ព្រោះពេលនោះ កម្ពុជាត្រូវការយកលុយទៅធ្វើប្រឡាយទឹក ធ្វើផ្លូវថ្នល់ ធ្វើសាលារៀន និងត្រូវធ្វើមន្ទីរពេទ្យ។ «យើងមានតម្រូវការបែបនេះ ហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ ២០១១ ខ្ញុំថា ប្រទេសខ្ញុំក្រ អ៊ីចឹងខ្ញុំត្រូវការថវិកា ដើម្បីកសាងអ្វីដែលជាតម្រូវការរបស់ប្រជាជនមុន រីឯស៊ីហ្គេម ទុកពេលក្រោយ ហើយឥឡូវដល់ពេលយើងធ្វើស៊ីហ្គេមហើយ»។

សម្រាប់ដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ នេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CA-MSOC) នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃនៅពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចថ្ងៃទី ២៥ ខែមករា។
ចំណែកពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នឹងត្រូវធ្វើនៅថ្ងៃទី ២១ ខែមីនា ហើយបន្ទាប់មក កម្ពុជា នឹងរៀបចំពិធីរត់ភ្លើងគប់ នៅតាមបណ្តាប្រទេសជាមាជិកទាំង ១០ នៅអាស៊ាន ដោយចាប់ផ្តើមនៅប្រទេសវៀតណាម មុនគេ នៅថ្ងៃទី ២៤ ខែមីនា និងបញ្ចប់នៅប្រទេសឡាវ នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣។
ថ្លែងផ្តោតទៅលើពិធីរាប់ថយក្រោយ ១០០ ថ្ងៃនេះលោក ហ៊ុន សែន បានបញ្ជាក់ថា៖ «សូមកុំភ្លេច នៅថ្ងៃទី២៥ ខែមករា នេះ គឺយើងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ នាថ្ងៃទី ២៥ ដោយស្រែកថា ១០០ ថ្ងៃ លុះដល់ទី ២៦ ស្រែកថា ៩៩ ថ្ងៃ ហើយដល់ទី ២៧ យើងស្រែកថា ៩៨ ថ្ងៃ គឺយើងរាប់ថយក្រោយ រហូតដល់ថ្ងៃប្រកួត ហើយព្រះមហាក្សត្រ ព្រះអង្គទ្រង់នឹងយាងទៅអង្គរវត្ត ដើម្បីប្រទានភ្លើងកីឡា ចេញពីអតីតរាជធានីអង្គរតែម្តង ដោយយើងយកនៅក្នុងខែមីនា ហើយបន្ទាប់មក យើងត្រូវរត់ឆ្លងកាត់ប្រទេសនានា បានចូលដល់ភ្នំពេញ របស់យើងនេះសម្រាប់ការប្រកួត»។
បើតាមកម្មវិធីរបស់ CAMSOC ពិធីរាប់ថយក្រោយ ១០០ ថ្ងៃ នាថ្ងៃទី ២៥ ខែមករា នឹងចាប់ផ្តើមជួបជុំគ្នា នៅម៉ោង ៤ រសៀល ហើយភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកដល់នៅម៉ោង ៥ រីឯប្រតិភូ នាយបេសកកម្ម មកដល់នៅម៉ោង ៦ ល្ងាច ចំណែកគណៈអធិបតី នឹងមកដល់នៅម៉ោង ៦:២០ នាទី គឺមុនពេលការអញ្ជើញមកដល់របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិ CAMSOC។
ចាប់ពីម៉ោង ៦:៣០ នាទីយប់តទៅ នឹងមានការអុជកាំជ្រួច ការសម្តែងគុនល្បុក្កតោ ការសម្តែងកីឡាតេក្វាន់ដូ WT ការសម្តែងកីឡារាំ (Breaking Dance) នៅមុនការថ្លែងសុន្ទរកថា របស់លោក Dato Seri Chaiyapak Siriwat ប្រធានទីស្នាក់ការសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងលោក ទៀ បាញ់។ បន្ទាប់មក មានការបង្ហាញឈុតសម្លៀកបំពាក់កីឡា បង្ហាញ Mascot គ្រប់ប្រភេទកីឡា និងផ្តល់ Mascot ជាអនុស្សាវរីយ៍ដល់នាយបេសកកម្មគ្រប់ប្រទេស និងប្រតិភូគុនខ្មែរ ហើយក្រោយមក នឹងមានទស្សនីយភាពរបាំប្រជាជាតិអាស៊ីអាគ្នេយ៍ និងចុងក្រោយបន្លឺស្គរជ័យរាប់ថយក្រោយ ដោយមានការអុជកាំជ្រួចដើម្បីអបអរសាទរនៃការរាប់ថយក្រោយ ១០០ ថ្ងៃក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ នា ខែឧសភាខាងមុខ៕