ភ្នំពេញៈ ការទន្ទឹងរង់ចាំដ៏យូររបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ដើម្បីឈ្នះបានមេដាយជាលើកដំបូង ពីការប្រកួតជើងឯកអាស៊ី បានកើតមានហើយ ដែលសម្រេចបានដោយកីឡាករជម្រើសជាតិ រ៉ាចាពៅ អាប់ឌុលឡា និងកីឡាករ ពេញ វណ្ណថង ក្នុងការប្រកួតជើងឯកអាស៊ីអាយុក្រោម ២២ ឆ្នាំ (ASBC Asian U22 Boxing Championships) ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។
សម្រាប់ការប្រកួត ASBC Asian U22 Boxing Championships ដែលបានដំណើរការប្រកួត តាំងពីថ្ងៃទី ១៧ ខែមករា មកនោះ កីឡាករកូនខ្មែ-អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា (RAJAPOV ABDULLA) និងកីឡាករ ពេញ វណ្ណថង សុទ្ធតែបានចាប់ឆ្នោត ឡើងទៅឈរនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិដូចគ្នា ហើយ រ៉ាចាពៅ ធ្វើបានល្អជាង វណ្ណថង ដើម្បីត្រៀមទៅបង្កើតកំណត់ត្រាថ្មីមួយទៀត នៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួត កាលពីថ្ងៃចន្ទ ទី ២៣ ខែមករា កន្លងមកនេះ កីឡាករ ពេញ វណ្ណថង បានប្រកួតចាញ់កីឡាករកាហ្សាក់ស្ថាន Serik Abzal ដោយពិន្ទុជាឯកច្ឆន្ទ ៥-០ និងទទួលបានមេដាយសំរឹទ្ធ ក្នុងទម្ងន់៦៧គីឡូក្រាម ប៉ុន្តែ រ៉ាចាពៅ អាប់ឌុលឡា បានយកឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន Toktosun Uulu Bakyt ដោយពិន្ទុមិនឯកច្ឆន្ទ ៣-១ ក្នុងទម្ងន់ ៩២ គីឡូក្រាម។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ កីឡាករ រ៉ាចាពៅ អាប់ឌុលឡា ត្រូវបានគូប្រកួតដាល់ឱ្យមានរបួស នៅលើភ្នែកខាងស្តាំ ហើយរបួសនេះ ក៏នឹងក្លាយជាបញ្ហាមួយសម្រាប់ រ៉ាចាពៅ ក្នុងពេលឡើងទៅប្រកួតដណ្តើមយកមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ ផងដែរ។
កីឡាករទម្ងន់ធ្ងន់ រ៉ាចាពៅ អាប់ឌុលឡា នឹងត្រូវឡើងទៅជួបជនរួមជាតិអ៊ូបេគីស្ថានដូចគ្នា គឺកីឡាករ Tokhirov Nusra Tbek នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស និងមេដាយប្រាក់ នៅថ្ងៃទី ២៦ ខែមករា ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ Tokhirov Nusra Tbek បានយកឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន ដោយពិន្ទុ ៥-០ ដាច់តែម្តង។
ជាមួយគ្នានេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ហាក់មិនទាន់ហ៊ានវាយតម្លៃ ពីការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង រ៉ាចាពៅ អាប់ឌុលឡា និង Tokhirov Nusra Tbek នៅឡើយទេ ខណៈ រ៉ាចាពៅ ក៏មានរបួសជាប់ខ្លួន ដែលអាចនឹងមានឈាមហូរធ្លាក់មកនោះ។
តែទោះបីជាយ៉ាងណា លោក សុភ័ណ្ឌ បានបង្ហាញមោទនភាពខ្លាំង ចំពោះអ្វីដែលក្រុមប្រដាល់សកលជម្រើសជាតិ សម្រេចបាននៅពេលនេះ។ «សម្រាប់ការទទួលបានមេដាយសំរឹទ្ធរបស់ ពេញ វណ្ណថង និងការបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្ររបស់កីឡាករ រ៉ាចាពៅ វាបានក្លាយជាលទ្ធផលដ៏ល្អជាប្រវត្តិសាស្ត្រថ្មី សម្រាប់សហព័ន្ធ ព្រោះយើងមិនធ្លាប់ទទួលបានមេដាយកម្រិតអាស៊ី ពីមុនមកនោះទេ»។
ទន្ទឹមនឹងនេះ លោក ប៊ុយ សុភ័ណ្ឌ បានអះអាងថា ការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ សម្រាប់ការឈ្នះបានមេដាយកម្រិតអាស៊ីនេះ នឹងធ្វើឱ្យក្រុមប្រដាល់សកលកម្ពុជា មានទំនុកចិត្ត កាន់តែខ្លាំង ក្នុងការឈានទៅសម្រេចគោលដៅ ឈ្នះមេដាយមាស នៅស៊ីហ្គេម ឆ្នាំ ២០២៣ នាខែឧសភា ខាងមុខនេះ។
លោកបញ្ជាក់ថា៖ «ជ័យជម្នះនេះ ជាការជំរុញទឹកចិត្តមួយឱ្យសហព័ន្ធ និងក្រុមជម្រើសជាតិរបស់យើង បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅទទួលបានជោគជ័យ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលដ៏ខ្លីខាងមុខនេះ ហើយកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ជាបេក្ខភាពមួយ ដែលយើងរំពឹងថា នឹងអាចដណ្តើមបានមេដាយមាសជូនកម្ពុជា»៕