ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ស្វាគមន៍ ការរាប់​ថយក្រោយ​ ១០០​​ ថ្ងៃ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​ត្រូវបាន​ធ្វើឡើង​យ៉ាង​ឱឡារិក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​យប់​ថ្ងៃទី​ ២៥ ​មករា ខណៈ​ព្រឹត្តិការណ៍​នេះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​យ៉ាងច្រើន​កុះករ ហើយ​នាយ​បេសកកម្ម​តំណាងឱ្យ​ប្រទេស​ទាំង ​១០ ​នៅ​អាស៊ាន ដែល​នឹងត្រូវ​មក​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ​នេះ ក៏មាន​វត្តមាន​ក្នុង​ពិធី​នេះដែរ​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រីបាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២ ឆ្នាំ ​២០២៣ (CAMSOC) ត្រូវយក​ពេលវេលា​នៅសល់​ ១០០ ​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែមករា ដើម្បី​បំពេញបន្ថែម​នូវ​រាល់​ការងារ​សព្វបែបយ៉ាង ឱ្យបាន​កាន់តែ​ល្អ និង​ពេញលេញ គឺ​ធ្វើយ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​បាន​រង់ចាំ​អស់​រយៈពេល​ ៦៤ ​ឆ្នាំ​មួយ​នេះ ទទួលបាន​ជោគជ័យ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។

​លោក ហ៊ុន សែន បាន​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​ ២៥ ខែមករាថា​៖ «១០០ ​ថ្ងៃ​ចុង​ក្រោយនេះ ជា​ពេលវេលា​ដែល​យើង​ត្រូវបំពេញ​បន្ថែម​ឱ្យ​សព្វគ្រប់​ពេញលេញ​បន្ថែមទៀត ទាំង​ការរៀបចំ​បដិសណ្ឋារកិច្ច​ដល់​គណៈប្រតិភូ​កីឡា​ទាំងឡាយ ដែល​ចូលមក​ប្រកួត​ក្នុងប្រទេស​របស់​យើង ដើម្បីឱ្យ​កម្ពុជា​យើង​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ​»​។

​បន្ថែម​ទៅលើ​ការប្រកាស​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់មាន​ប្រសាសន៍ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) កាលពី​ព្រឹក​ថ្ងៃទី​ ២៣ ខែមករា ដែរ​ថា កម្ពុជា បាន​ចំណាយ​ថវិកា​អស់​ជាង ​១០០ ​លាន​ដុល្លារ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដ៏​ធំ ជា​លើកដំបូង​នេះ ហើយ​កម្ពុជា ត្រូវបំពេញ​កិច្ចការងារ​នេះ​ឱ្យបាន​ល្អ ដើម្បី​លើកមុខ​មាត់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។

​លោក ​ហ៊ុន សែន បាន​ថ្លែងថា​៖ «​ឆ្នាំ​ ២០២៣ ​នេះ យើង​នឹងធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​នឹងមាន​កីឡាករ កីឡាការិនី​រាប់ពាន់នាក់ អញ្ជើញ​មក​ចូលរួម​ប្រកួត ហើយ​យើង​ត្រូវខិតខំ​ធ្វើឱ្យបាន​នូវ​កិច្ចការងារ​នេះ ជាមួយនឹង​ការទទួលខុសត្រូវ​រប​ស់​យើង មិន​គ្រាន់តែ​ជា​បញ្ហា សម្រាប់​ការ​ឈ្នះ​មេដាយ​នោះទេ ក៏ប៉ុន្តែ​យើង​ធ្វើជា​ម្ចាស់ផ្ទះ ដោយមាន​ការទទួលខុសត្រូវ ផ្តល់នូវ​សុវត្ថិភាព​សម្រាប់​កីឡាករ កីឡាការិនី និង​អ្នកដឹកនាំ​មកពី​ប្រទេស​នានា ផ្តល់នូវ​ការសប្បាយរីករាយ សម្រាប់​ពួកគេ ដែល​មក​ប្រកួត នៅលើ​ទឹកដី​ព្រះរាជាណាចក្រ កម្ពុជា​»​។​

​យ៉ាងណាមិញ គណៈកម្មាធិការ​ជាតិ CAMSOC ក៏​បើក​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម ជា​លើក​ទី១ (The 1st CDM Meeting) កាលពី​ថ្ងៃទី​ ២៥ ខែមករា​នោះ ផងដែរ ដោយ​កិច្ចប្រជុំ ធ្វើ​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​នេះ លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ការងារ​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​, វេជ្ជសាស្ត្រ​ដូ​ភីង​, ពិធីការ និង​ហ្គេម​ព័ត៌មានវិទ្យា ដើម្បីឱ្យ​នាយ​បេសកកម្ម​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង​ ១១ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បានដឹង និង​មើលឃើញ​កាន់តែច្បាស់​ពី​ការត្រៀមខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ​។​

​អគ្គលេខាធិការ CAMSOC លោក​វ៉ា​ត់ ចំរើន ដែលជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នាយ​បេសកកម្ម​នេះ​បាន​ថ្លែងថា​៖ «​ព្រឹក​នេះ​យើង​បាន​បើក​កិច្ចប្រជុំ​នាយ​បេសកកម្ម របស់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង ​១១​ប្រទេស ដើម្បី​ក្ដាប់​យក​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​ នេះ​។ យើង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការរៀបចំ​បដិសណ្ឋារកិច្ច ការរៀបចំ​ការដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការរៀបចំ​ថែរក្សា​សុវត្ថិភាព ថែរក្សា​សុខភាព​របស់​កីឡាករ កីឡាការិនី ចំពោះ​ការប្រជុំ CDM នេះ​»​។​ «​សំខាន់​នាយ​បេសកកម្ម​ទាំងអស់ គេ​ចង់ដឹងថា ម្ចាស់ផ្ទះ​កម្ពុជា បានរៀបចំ​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​! ដើម្បី​ថែរក្សា​សុខភាព និង​យកចិត្តទុកដាក់​ផ្ដោត​ការថែទាំ ទៅលើ​កីឡាករ កីឡាការិនី ដែលជា​តួអង្គ​សំខាន់ នៅក្នុង​ការប្រកួត​កីឡា​របស់​យើង​។ អ៊ីចឹង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ យើង​ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់ និង​បង្ហាញ​ការយកចិត្តទុកដាក់រ​បស់​យើង ចំពោះ​ក្រុម​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​ចូលរួម ហើយ​ជា​លទ្ធផល យើង​ទទួលបាន​ផ្លែផ្កា​ល្អ លទ្ធផល​ល្អ ទាំង​ការរៀបចំ​កិច្ចប្រជុំ ការប្រជុំ​ផ្ទៃក្នុង ក៏ដូចជា​ការប្រជុំ​បើកចំហ និង​ការប្រឹក្សា​ផ្សេងៗ​ទៀត​»​។ លោក វ៉ា​ត់ ចំរើន បាន​បន្ថែម​។​

​យ៉ាងណាក៏ដោយ នៅក្នុង​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នេះ ប្រទេស​មួយចំនួន ក៏បាន​ចោទសួរ​នូវ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​ទៅនឹង​ក្ដីបារម្ភ​ខ្លះៗ​ចំពោះ​ការរៀបចំ​របស់​ម្ចាស់ផ្ទះ​កម្ពុជា សម្រាប់​ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ផងដែរ ប៉ុន្តែ លោក វ៉ា​ត់ ចំរើន បាន​អះអាងថា ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ កម្ពុជា​ទទួលបាន​ការ​សហការគ្នា​យ៉ាង​ល្អ​ពី​សសរស្តម្ភ​ទាំង​ ៣ រួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​សហព័ន្ធ​កីឡា ជាតិ ដែល​បានធ្វើ​កិច្ចការ​ត្រៀម​រៀបចំ​ទាំង​បច្ចេកទេស និង​ការងារ​ជាច្រើន​ទៀត​ជាមួយគ្នា ដោយ​ភាពប្រាកដប្រជា និង​ការទទួលខុសត្រូវ​ខ្ពស់​។

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​បានបញ្ជាក់​នៅក្នុងពេល​នេះ ​គឺ​យើង​ទទួលបាន​នូវ​ការគាំទ្រ​ពី​ប្រទេស​ទាំងអស់​ថា យើង​ពិតជា​បាន​ត្រៀមខ្លួន​បាន​រួចរាល់​អស់ និង​មាន​របៀប​ធ្វើការ​ជា​លក្ខណៈ​អាជីព​ច្រើន ហើយ​ខាង​តំណាង​របស់​ការិយាល័យ​ស៊ី​ហ្គេម ក៏ដូចជា​ទីប្រឹក្សា​ច្បាប់​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ គាត់​បាន​មានប្រសាសន៍ថា យើង​បានធ្វើ ការ​យ៉ាង​ល្អ​។ ទោះ​ការត្រៀមខ្លួន​នេះ កម្ពុជា​នៅសល់​ពេល ​១០០​ ថ្ងៃ​ទៀត ប៉ុន្តែ​អ្វីៗ​ហាក់បីដូចជា​រួចរាល់​អស់ហើយ​»​។

​លោកបានបញ្ជាក់​បន្ថែមថា​៖ «​ជាការ​វាយតម្លៃ និង​សន្និដ្ឋាន​ចុងក្រោយ គឺ​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នេះ យើង​ទទួលបាន​ផ្លែផ្កា ១០០​ ភាគរយ ហើយ​ខ្ញុំ​សង្ឃឹមថា ប្រទេស​ទាំងអស់នឹង​សហការ​ជាមួយគ្នា ដើម្បី​អនុវត្ត​ការងារ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ​»៕