
ក្រុមកីឡាករកង់ភ្នំកម្ពុជាពេលទទួលបានពានរង្វាន់ ក្រោយប្រកួតនៅប្រទេសថៃ កាលពីថ្ងៃទី២៨ មករា ។ រូបថត សហការី
ភ្នំពេញៈ ការដណ្តើមបានពានចំនួន ៧ ពីការប្រកួតកីឡាកង់ភ្នំពានរង្វាន់ King Cup ជុំទី១ នៅប្រទេសថៃកាលពីថ្ងៃទី ២៨ និងទី ២៩ ខែមករា បានធ្វើឱ្យក្រុមជម្រើសជាតិកង់ភ្នំកម្ពុជា កាន់តែមានទំនុកចិត្ត ក្នុងការឈានទៅដណ្តើមបានមេដាយ ក្នុងកម្រិតណាមួយពីការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯង នាខែឧសភា ខាងមុខ។
តាមរយៈការប្រកួតចំនួន ២ ថ្ងៃដាច់ដោយឡែកពីគ្នានេះ កីឡាករ ឃឹម ម៉េងឡុង បានទទួលពានចំនួន៣តែម្នាក់ឯង រីឯកីឡាករ ឆាន ឆៃហ្វុង និងកីឡាការិនី ខេន ម៉ាឡៃ បានឈ្នះពានចំនួន ២ រៀងៗខ្លួន សម្រាប់ការប្រកួតនៅលើ៣វិញ្ញាសាដូចគ្នា ហើយការឈ្នះពានសរុបចំនួន ៧ ត្រូវបានលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានអះអាងថា ជាលទ្ធផលដ៏ល្អដែលផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមកង់ភ្នំកម្ពុជា ឈានទៅដណ្តើមបានមេដាយនៅស៊ីហ្គេម។
លោក នូ ចំរើន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីរសៀលថ្ងៃទី ២៩ ខែមករាថា៖ «តាមលទ្ធផលនេះ យើងអាចវាយតម្លៃបានថា កីឡាករ កីឡាការិនីរបស់យើងធ្វើបានល្អ សម្រាប់ត្រៀមស៊ីហ្គេមខាងមុខ ហើយការប្រកួតនេះ វាជាការវាស់ស្ទង់សមត្ថភាពទៅលើការខិតខំហ្វឹកហាត់របស់អត្តពលិកយើងថា នៅខ្វះខាតអ្វីទៀត និងទទួលបានអ្វីថ្មីបន្ថែម ព្រោះអ្នកទាំង ៣ នេះ សុទ្ធតែជាអត្តពលិកឆ្នើមវ័យក្មេងរបស់យើង ដែលត្រូវការការប្រកួតអន្តរជាតិឱ្យបានច្រើនថែមទៀត ដើម្បីពង្រឹងស្មារតី និងទទួលបានបទពិសោធន៍បន្ថែម»។
សម្រាប់ការប្រកួតលើវិញ្ញាសាកម្រិតខ្ពស់ XCO Men Elite និង XCO Women Elite គឺក្រុមអត្តពលិកជម្រើសជាតិកម្ពុជាទាំង ៣ នាក់ បានបង្ហាញសមត្ថភាពយ៉ាងល្អ និងសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់ពីលេខ ៣ ដល់លេខ ៥ ដើម្បីទទួលបានពានរង្វាន់រៀងៗខ្លួន ដោយក្នុងការប្រកួតកីឡាករ ឃឹម ម៉េងឡុង ទទួលបានលេខ ៣ ឆាន ឆៃហ្វុង បានលេខ ៤ និងកីឡាការិនី ខេន ម៉ាឡៃ បានលេខ ៥។
ចំណែកការប្រកួតវិញ្ញាសា XCO Men និង XCO Women អាយុក្រោម ២៣ ឆ្នាំវិញ ឃឹម ម៉េងឡុង បានលេខ ៣ ហើយ ឆាន ឆៃហ្វុង បានលេខ ៤ និងកីឡាការិនី ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ ៣។ រីឯការប្រកួតវិញ្ញាសា Eliminator វិញ កីឡាករ ឃឹម ម៉េងឡុង បានទទួលពាន ១ ទៀត តាមរយៈការដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ប៉ុន្តែ ២ នាក់ទៀត មិនដណ្តើមបានពានទៀតទេ ដោយក្នុងនោះ ខេន ម៉ាឡៃ បានលេខ ៦ និង ឆាន ឆៃហ្វុង បានលេខ ៧។
លោក នូ ចំរើន បានបញ្ជាក់ថា៖ «តាមចំណាត់ថ្នាក់នេះ យើងមានក្តីសង្ឃឹម ក្នុងការប្រកួតប្រជែងយកមេដាយបាននៅស៊ីហ្គេម ព្រោះខាងប្រកួតកង់ភ្នំនេះ ប្រទេសថៃ បានជាប់លេខ ១ នៅក្នុងតំបន់អាស៊ាននេះ តែក្រុមអត្តពលិកយើង អាចដណ្តើមបានលេខ ៣ និងលេខ ៤ ជាមួយកីឡាករជម្រើសជាតិថៃ ខណៈការប្រកួតនេះ ធ្វើនៅប្រទេសថៃទៅទៀត អ៊ីចឹងដល់ពេលមកប្រកួតស៊ីហ្គេមនៅលើទឹកដីយើងវិញ គឺអត្តពលិកយើងអាចនឹងធ្វើបានល្អជាងនេះ»។
សម្រាប់ការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup ជុំទី១ នៅស្រុក Thong Pha Phum ខេត្ត Kanchanaburi ប្រទេសថៃនេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការឧបត្ថម្ភរបស់លោក ប៉ាន សូរស័ក្តិ ជាប្រធាន បានបញ្ជូនប្រតិភូ និងអត្តពលិក៥នាក់ឱ្យចូលរួមប្រកួត ក្នុងនោះមាន លោក ផេង ប៉ូលីន ជាអ្នកដឹកនាំប្រតិភូ លោក អ៊ុច សុខវិបុល ជាគ្រូបង្វឹក ព្រមទាំងកីឡាករ ឆាន ឆៃហ្វុង, ឃឹម ម៉េងឡុង និងកីឡាការិនី ខេន ម៉ាឡៃ។ ចំណែកការប្រកួតជុំទី២ នឹងត្រូវធ្វើនៅប្រទេសថៃដដែល ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣៕