ភ្នំពេញៈ ការ​ឡាយ​វីដេ​អូប​ង្ហាញ​ពី​ពី​ការ​អាក់​អន់​ចិត្ត​របស់​កីឡាក​រ កែវ រំ​ចង់ ដែល​មិន​ត្រូវ​បាន​សហ​ព័ន្ធ​កីឡាប្រ​ដាល់​គុន​ខ្មែរ​និង​សហ​ព័ន្ធ​កីឡា​ប្រដាល់​ឃី​ក​បុក​ស៊ី​ងដាក់​ឱ្យ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ​នៅ​កម្ពុជា វា​កំពុង​ក្លាយ​ជា​បទ​ចោទ​ប្រកាន់​គ្នា​រវាង​សហ​ព័ន្ធ​ផ្ទាល់ ​និង ​កែវ រំ​ចង់ ថា​តើ​អ្នក​ណា​ត្រូវ​ និង​អ្នក​ណា​ខុស​ឱ្យ​ពិត​ប្រាកដ​?

«​ខ្ញុំ​មានការ​អាក់​អន់​ចិត្ត​ដែរ ហេតុ​អ្វី​បានជា​អត់​មាន​ឈ្មោះ​ខ្ញុំ​ប្រកួត​ស៊ី​ហ្គេម​?ពេល​ប្រកួត​ថ្នាក់​ជាតិ​ ខ្ញុំ​ទទួល​បាន​មេដាយ​មាស ​មិន​គួរ​ណា អត់​មាន​ខ្ញុំ នៅក្នុង​ស៊ី​ហ្គេម​នោះ​ទេ ​ព្រោះ​យើង​ជា​ម្ចាស់​ផ្ទះ ​ហេតុ​អី​មិន​ដាក់​ខ្ញុំ​ឱ្យ​ប្រកួត ដើម្បី​លើក​មុខ​មាត់​ប្រទេស​ជាតិ​យើង?​»​។ នេះ​ជា​អ្វី ​ដែល​កីឡាករ​ កែវ រំ​ចង់ បាន​និយាយ​តាម​រយៈ​ការ​ឡាយ​វីដេអូ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ​កាល​ពី​ថ្ងៃទី​ ២៩ ខែ​មករា​។​

​និយាយ​ផ្តោត​ទៅ​លើ​សហ​ព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ​កែវ រំ​ចង់ បាន​អះ​អាង​ថា សហ​ព័ន្ធ​ប្រដាល់​បាន​កុហក​រូប​គេ ​ព្រោះ​បន្ទាប់​ពី​រូបគេ​ដណ្តើម​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​កាល​ពី​ចុង​ឆ្នាំ​ ២០២២ ​សហព័​ន្ធបាន​យល់​ព្រម​ដាក់​ឈ្មោះ​ឱ្យ​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​មក​ក៏​ប្រាប់​ថា អត់​បាន​ចូល​វិញ ​ដោយ​សារ​អត់​មាន​ប្រភេទ​ទម្ងន់​ ៨១​ គីឡូ​ក្រាម​។​

​កែវ រំ​ចង់ បាន​បញ្ជាក់​ទាំង​អារម្មណ៍​ខូច​ចិត្ត​ថា​៖ «​មុន​ដំបូង​ធ្វើឱ្យ​ខ្ញុំ​អរ​សប្បាយចិ​ត្ត តែ​ដល់​ពេល​យូរៗ​ទៅ ខ្ញុំ​សួរ ក៏​មិន​ឆ្លើយ​តប ដល់​ពេល​ឆ្លើយ​ថា អត់​មាន​ទេ​គីឡូ​ហ្នឹង​។ បើ​អត់​មាន​គីឡូ​ហ្នឹង ​បង​ឱ្យ​ខ្ញុំ​សម្រក​ ខ្ញុំ​នឹង​សម្រក​ ធ្វើ​ម៉េច​មុន​ខ្ញុំ​បញ្ចប់​អាជីព​នេះ ខ្ញុំ​ចង់​ប្រកួត​ស៊ី​ហ្គេម ​ប៉ុន្តែ​អត់​បាន​ប្រកួត ​សោក​ស្តាយ​មែន​ទែន​។ យើង​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​ ឆ្នាំ​ ២០២៣ ហើយ ​កែវ រំ​ចង់ ជា​កីឡា​ករ​តំណាង​ប្រទេស​មួយ​ដែរ​ តែ​អត់​បាន​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម ​ពិតជា​អស្ចារ្យ​»​។​

​យ៉ាង​ណាក៏​ដោយ​ឆ្លើយ​តប​នឹង​ករណី​នេះ ​លោក ​ហេង សុខឃ​ន ប្រធាន​សហ​ព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ បាន​បក​ស្រាយ​ថា ការ​មិន​ដាក់ ​កែវ រំ​ចង់ ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា ឆ្នាំ​ ២០២៣​ នេះ វា​ពាក់​ព័ន្ធ​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​រប​ស់​កម្ពុជា​ ជា​ពិសេស​ការស្នើ​សុំឱ្យ​លុប​ប្រភេទ​ទម្ងន់​ធ្ងន់​របស់​សហ​ព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អន្តរ​ជាតិ​។​

​លោក ​ហេង សុខឃ​ន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០​ ខែមករា​ថា​៖«​សម្រាប់​គុន​ខ្មែរ គឺ​ប្រភេទ​ទម្ងន់ ​៨១​ គីឡូ​ក្រាម​នេះ ​យើង​មាន ព្រំ ​សំណាង និង កែវ រំ​ចង់ ប៉ុន្តែ​សម្រាប់​គុណ​ផល​កីឡា ​ដូច​ជា ព្រំ សំណាង​ នេះ​ គេ​អត់​មាន​ដុះ​ក្បាល​ពោះ​ គុណ​ផល​គេ​ល្អ ដោយ​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ចូល​ ៣​ ឆ្នាំ​មក​ហើយ​ និង​បាន​ប្រកួត​តែ​រហូត​មក ចំណែក ​កែវ រំ​ចង់ គីឡូ​ចូល ​៩០ ​ហើយ​ទាប ​អ៊ីចឹង​ចង់​សួរ​បងប្អូ​ន​ថា ក្នុង​គីឡូ​ ៨១​ នេះ ​តើ​រវាង​ ព្រំ សំណាង ​និង កែវ រំ​ចង់ យើង​យក​មួយ​ណា​? តើ​យើង​គិត​មុខ​មាត់​ប្រទេស​ជាតិ​ ឬ​កីឡា​ករ​?»​។​

​លោក ​ហេង​ សុខឃ​ន ដែល​ជា​អគ្គ​លេខាធិ​ការ​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង​នោះ ​បាន​ឱ្យដឹង​​ទៀត​ថា ការជ្រើ​សរើស​កីឡា​ករ ទាំង​ប្រដាល់​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង គឺ​សហ​ព័ន្ធមាន​គណៈ​កម្មការ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ ដោយ​សហ​ព័ន្ធ​ធ្វើ​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស​ពិត​ប្រាក​ដ ហើយ​ចំពោះ​បេក្ខ​ភាព ​កែវ រំ​ចង់ ​នេះ គឺ​បន្ទាប់​ពី​គ្មាន​គីឡូ​ប្រកួត​ផ្នែក​គុន​ខ្មែរ​ លោក​បាន​ព្យា​យាម​ខ្នះខ្នែង ​ដើម្បីឱ្យរំ​ចង់​ បាន​ចូល​ប្រកួត​ឃី​ក​បុក​ស៊ី​ងវិញ​ម្តង ​តែ​គ្មាន​ច្រក​ចូល​ដូច​គ្នា​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជា​អ្នក​បណ្តុះ​គំនិត​ឱ្យ ​កែវ រំ​ចង់ មក​ប្រកួត​នៅ​ស៊ី​ហ្គេម ព្រោះ​ឃី​ក​បុក​ស៊ី​ង អត់​ទាន់​មាន​គីឡូ​ ៨១​ នេះ​ទេ ហេតុ​នេះ​យើង​បាន​ដាក់​សំណើ​ទៅ CAMSOC​ តាម​រយៈ​ឯកឧ​ត្តម វ៉ា​ត់ ចំរើន ហើយ CAMSOC បាន​បង្ហាញ​គីឡូ​ ៨១ ​នេះទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ​សហ​ព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អន្ត​រជាតិ​ បាន​ឆ្លើយ​តប​មកវិញ​ថា គីឡូ​នេះ អន្តរ​ជាតិ​អត់​មាន​ទេ ហើយ​គីឡូ ៧​៥ ៤៨ និង​៤៥ ក៏​អត់​មាន​ដែរ​ អ៊ីចឹង​សហព័ន្ធ​អន្តរ​ជាតិ បា​នស្នើ​មក CAMSOC ឱ្យ​លុប​គីឡូ​ទាំង​៤​នេះ​ចេញ ​ព្រោះ​គីឡូ​ធំ និង​តូច​ទាំង​នេះ ​មានតែ​កម្ពុ​ជាមួយ​ទេ ហ្គេម​លេង​អត់​កើត​»​។

​ប្រធាន​សហ​ព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​រូបនេះ​បាន​អះអាង​ទៀត​ថា ​បន្ទាប់ពី​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អន្តរ​ជាតិ​បាន​ស្នើឱ្យ​កម្ពុជា​លុបចោ​ល​ប្រភេទ​គីឡូ​ទាំង​ ៤ ​ខាង​លើនេះ​ កម្ពុជា​ព្យាយា​ម​សម្រប​សម្រួល​ដោយ​ទុកពេល​ឱ្យ​ប្រទេស​ជា​សមា​ជិក​ស៊ី​ហ្គេម​ចំនួន​២​ខែ​ទៀត ​ដើម្បី​រក​កីឡាករ​មក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ទាំង​នេះ ​ប៉ុន្តែ​នៅ​តែ​គ្មាន និង​ស្នើ​ឱ្យ​កម្ពុជា លុប​ចោល​ប្រភេទ​គីឡូ​ទាំង​នេះ​ដដែល​។

​លោក ​សុខឃ​ន បាន​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​ជា​អ្នក​បណ្តុះ​គំនិត​ឱ្យ កែវ រំ​ចង់ ​មក​ប្រកួត​នៅ​ស៊ី​ហ្គេម ប៉ុន្តែ​យើង​រក​គីឡូ ​៨១ មក​ប្រកួត​មិន​បាន​ ហើយ​ខ្ញុំ​ក៏បាន ​Call ទៅ​ប្រាប់​ កែវ រំ​ចង់ ថា គីឡូ ​៨១ ​អត់​មាន​ទេ រីឯ​ ៧៥​ ក៏​អត់​មាន​ដែរ​។ កែវ រំ​ចង់​ ឆ្លើយ​មក​ខ្ញុំ​វិញ​ថា គាត់​អាច​សម្រក​ដល់​ ៦៩ ​គីឡូ​ក្រាម​បាន ​ហើយ​គីឡូ​គាត់ ​៩០ អ៊ីចឹង​តើ​បញ្ចុះ​មក​ ៦៩ ​បាន​អត់​?ខណៈ​ឃី​ក​បុក​ស៊ី​ងរ​បស់​យើង​គីឡូ​ ៦៩ យើង​មាន​ស្រាប់ ​ចំណែក​គីឡូ​ ៧១ យើង​មាន ​ឈឿង ​ល្វៃ ដែល​បាន​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ចូល​៣​ឆ្នាំ​មក​ហើយ មិន​អាច​ដក​បាន​ទេ​»​។​

​យ៉ាង​ណាក៏​ដោយ ​នៅ​ក្នុង​ការ​ឡាយ​ផ្ទាល់​នោះ ​កីឡាករ​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ កែវ រំ​ចង់ បាន​អះ​អាង​ថា រូបគេ​អាច​សម្រក​ទម្ងន់​បាន​ដល់ ​១៩ ទៅ ​២០​ គីឡូ​ក្រាម​ ក្នុង​ ១​ ខែ ឱ្យ​តែ​សហ​ព័ន្ធ​ដាក់​ឈ្មោះ​ឱ្យគេ​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម​។ រំ​ចង់ បាន​បញ្ជាក់​ថា ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ចូល​ ២០ ​ឆ្នាំ​មក​នេះ ​រូបគេមិ​ន​ធ្លាប់​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ស៊ី​ហ្គេម​នោះ​ទេ ហេតុ​នេះ​រូបគេ​ពិតជា​ចង់​មាន​ឱកាស​ប្រកួត​ស៊ី​ហ្គេម​នៅលើ​​ទឹកដី​ខ្លួន​ឯង​។​

​ឆ្លើយត​ប​ទៅ​នឹង​ការអះ​អាង​នេះ ​លោក ហេង សុខឃ​ន បាន​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​ក្បួន​កីឡា​ យើង​អាច​បញ្ចុះ​គីឡូ​បាន​ក្នុង​រយៈ​ពេល​ ៣ ​ខែ ឬ​ ២​ ខែ ប៉ុន្តែ​គុណ​ផល​នៅឯ​ណា​? បើ​យើង​សម្រក​រយៈ​ពេល​ខ្លី ​ហើយ​ឡើង​ប្រកួត​ តើ​បាន​ប៉ុន្មាន​ទឹក​ ហើយ​មុខ​មាត់​ប្រទេស ​ឬ​មុខ​មាត់​កីឡា​ករ​? ម្ល៉ោះហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ កែវ រំ​ចង់ និង​ឪពុក​របស់​គាត់ថា ​អស់​ជម្រើស​ហើយ​ រក​មិន​បាន​ទេ ​ប៉ុន្តែ​គាត់​បែរជា​ចេញ​វី​ដេ​អូឡាយ​ថា យើង​អត់​គិត​ដល់​គាត់ ​ហេតុនេះ​​សួរថា តើ​អ្នក​ណា​ត្រូវ អ្នក​ណា​ខុស​?»៕