ភ្នំពេញៈ​ សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​សហ​ព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា បាន​សហ​ការ​ជាមួយ​ក្លិប LoongHai Fight Club របស់​ចិន ដើម្បី​បញ្ជូន​កីឡា​ករ លន ​បញ្ញា ទៅ​ចូល​ការ​ប្រកួត​ប្រដាល់​ឃីក​បុក​ស៊ីង ​ក្នុង​ព្រឹត្តិ​ការណ៍ WES ជា​លើក​ដំបូង ​ស្រប​ពេល​ដែល​កម្ពុជាក៏​មាន​ផែន​ការ​​ច្បាស់​លាស់​ក្នុងការ​ពង្រីក​ការ​ប្រកួត​ទៅ​កាន់​ប្រទេស​ក្រិក​ សហរដ្ឋ​អាមេរិ​ក និង​ប្រទេស​បារាំង ​ក្នុង​ពេល​​ខាង​មុខ​នេះ​ផង​ដែរ​។​​

សម្រាប់​ព្រឹត្តិ​ការណ៍ WES ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយ​​ទូរទស្សន៍​ហ័រណា​ន​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​​ដ៏ធំ​របស់​ចិន ហើយ​ការ​ប្រកួត​នេះ​ ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម ​លន បញ្ញា នឹង​​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ជា​មួយ​កីឡា​ករ​ម្ចាស់​ផ្ទះ​ចិន​ក្នុង​ប្រទេស​ទម្ងន់​៦៧ ​គីឡូ​ក្រាម នា​ថ្ងៃ​ទី ៣ ខែកុម្ភៈ​ខា​ងមុខ។

នៅ​ក្នុង​សន្និ​សីទ​កាសែត​កាល​ពីថ្ងៃទី ​៣០ ខែមករា ​លោក ហេង សុខ​ឃន ប្រធាន​សហ​ព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា​បាន​ថ្លែង​ថា៖​ «នេះ​ជាលើ​កដំ​បូង ដែល​កម្ពុជា​បាន​បញ្ជូន​កីឡា​ករ​ទៅ​ប្រកួត​នៅ​ចិន ហើយ​វា​ជា​មោទន​ភាព និង​ជាឱកាស​ដ៏​ពិសេស​ដែល​កីឡាករ​យើង​បាន​វាស់​ស្ទង់​សមត្ថ​ភាព​ដើម្បី​ត្រៀម​ចូល​រួមការ​ប្រកួ​តស៊ីហ្គេម​ ឆ្នាំ ​២០២៣ នៅ​ខែ​ឧសភា ​ខាង​មុខ​នេះ»​។

លោក ហេង ​សុខ​ឃន ដែល​ជា​អគ្គ​លេខាធិ​ការ​សហព័ន្ធ​កីឡា​ប្រដាល់គុ​នខ្មែរ​ផង​នោះបាន​ឱ្យ​ដឹង​ទៀត​ថា កីឡាករ​ជម្រើស​ជាតិ​បឺត សង្ឃឹម, ឈុត សេរី​វ៉ាន់​ថង, ឈឿង ល្វៃ និង ខាំ ខ្លា​នាង ​ជា​ដើម ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ការ​ចាប់​អារម្មណ៍​របស់​ក្លិប LoongHai ក្នុង​ការ​ចង់បាន​ទៅ​ប្រកួត​​នៅ​ចិន ហើយ​នេះ​ជាកា​របើក​ឱកាស​ថ្មី សម្រាប់​ទីផ្សារ​កីឡា​ករ​គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង​កម្ពុជា​ផង​ដែរ​។

ចំណែក​លោក​ Guo Yang ប្រធាន​ក្លិប​ប្រដាល់ ​LoongHai បាន​ថ្លែងក្នុង​សន្និ​សីទ​កាសែត​នោះដែ​រ​ថា៖ «​សម្រាប់​ការ​ចូល​ឆ្នាំ​ថ្មីនៅប្រទេស​ចិន ស្ថា​នីយ​ទូរទស្សន៍​​ហ័រណានបាន​រៀបចំ​​ការ​ប្រកួត​ដ៏​ធំ​របស់​ខ្លួន​ ហើយ​ខ្ញុំគិត​ថា ព្រឹត្តិ​ការ​ណ៍​ដ៏​ធំបែប​នេះ មិន​អាច​គ្មាន​វត្ត​មាន​កីឡា​ករ​កម្ពុជា​បានទេ​ ហេតុ​នេះ​យើង​បាន​ទំនាក់ទំ​នង​មក​សហ​ព័ន្ធដើម្បី​យក​កីឡាករ​កម្ពុជាទៅ​ប្រកួត​​ ព្រោះ​យើង​ចង់​លើក​ស្ទួយ​កីឡា​ករ​កម្ពុជា ​ឱ្យ​​មាន​ទីផ្សារ​ប្រកួត​កាន់​តែ​ទូលំ​ទូលាយ​ និង​ចង់​ផ្សព្វ​ផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​ពិភព​លោក»។

លោក​បាន​បន្ត​ថា ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ក្លិប ​LoongHai និង​សហ​ព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា ​គឺ​ភាគី​ទាំង​២ចង់​ឱ្យ​​មានការ​ផ្លាស់​ប្តូរ​ការ​ប្រកួត​ជា​មួយ​គ្នា​បាន​ច្រើន​ដង​ថែម​ទៀត ​ហើយនេះ​ជា​ជំហាន​ទី​១ ដែលភាគី​ចិន បាន​យក​កីឡាក​រ​កម្ពុជាទៅ​ប្រកួត ហើយ​ក្លិប LoongHai ផ្ទាល់ ក៏​​ធ្លាប់​រៀ​បចំ​ការប្រ​កួត​ប្រដាល់​នៅ​ខេត្តសៀ​មរា​ប កាលពី​ឆ្នាំ​ ២០២២​ ផង​ដែរ ដោយ​​ព្រឹត្តិ​ការណ៍​​នោះបានទ​ទួលកា​រគាំ​ទ្រ​ខ្លាំង​ពីប្រ​ជាជន​ចិន​។

លោក Guo Yang បាន​បន្ថែម​ថា៖ «សម្រាប់​ទឹកចិត្ត​ខ្ញុំផ្ទាល់ ​គឺខ្ញុំ​ចង់​ជួយ​ឱ្យ​កីឡាក​រ​កម្ពុជា ​ឈាន​ជើង​ចូល​ទៅប្រ​កួត​ព្រឹត្តិ​ការណ៍​ធំៗនៅលើ​ឆាក​អន្តរ​ជាតិដើម្បី​ឱ្យ​​ពួក​គាត់​បាន​​បញ្ចេញ​សមត្ថ​ភាព។ ម្យ៉ាង​ទៀត ​កម្ពុជាមាន​វប្ប​ធម៌​ដ៏​អស្ចារ្យ ​ហើយ​ប្រដាល់​គុន​ខ្មែរ​ ជា​កីឡា​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្មែរ ហេតុ​នេះ​​យើង​ចង់​ចូល​រួម​ចំណែក លើក​កម្ពស់ និង​ផ្សព្វ​ផ្សាយ គុន​ខ្មែរឱ្យ​គេ​ស្គាល់​បាន​កាន់​តែ​ច្រើន នៅ​លើពិ​ភព​លោក»។

ទន្ទឹម​នឹងនេះ ​លោក Guo Yang បាន​ចាត់​ទុក​ទំនាក់​ទំនង​រវាង ក្លិប LoongHai និង​សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីងកម្ពុ​ជា ក៏ដូ​ចជាស​ហព័ន្ធ​កីឡាប្រ​ដាល់​គុនខ្មែរ ​ជា​កិច្ច​សហ​ប្រតិ​បត្តិការ​​​រវាង​ប្រទេស​ចិន និងក​ម្ពុជា។ លោក​បញ្ជាក់​ថា៖​ «​តាម​រយៈ​កិច្ច​សហ​ការ​នេះ​ យើង​នឹង​​ធ្វើ​ឱ្យវិស័យ​កីឡា​របស់យើ​ង ក៏​ដូចជា​មិត្ត​ភាព​រវា​ងប្រទេសទាំ​ង​ ២ ​កាន់​តែ​​ល្អ​​ថែម​​ទៀត គឺ​ដូច​ពាក្យស្លោ​ក​ចិន​​មួយ ​បាន​ពោល​ថា ឱ្យ​តែ​ចិត្ត​រួម​ចិត្ត មិត្តរួ​មមិត្ត គ្មាន​អ្វីដែលយើ​ង​មិន​អាច​ធ្វើ​បាន​នោះ​ទេ ​ហើយ​ចំណង​មិត្ត​ និង​មិត្ត ចិត្ត​ស្អិត​ល្មួត​ នឹង​ធ្វើ​ឱ្យ​យើង​កាន់​តែ​រឹង​មាំ»។

ជា​មួយ​គ្នា​នេះ ​លោក Guo Yang បានអះ​អាង​ថា កីឡាករ លន បញ្ញា មានស​មត្ថ​ភាព​ល្អដែល​នឹងអាច​នាំ​យក​ជ័យ​ជម្នះត្រ​ឡប់​ម​កជូន​កម្ពុ​ជាវិញសម្រាប់កា​រ​ប្រកួត​នៅ​ប្រទេស​ចិនជា​លើក​ដំបូង​នេះហើយ​ស្រប​ពេល​នេះ លោក​ ហេង សុខ​ឃន បាន​អះអាង​ថា កម្ពុជា​បាន​ និង​កំពុង​ពង្រីក​ការ​ប្រកួត​កាន់​តែធំ​ទៅកាន់ពិ​ភព​លោក ដោយ​សហ​ព័ន្ធ​បា​នទំនាក់​ទំនង​រួច​រាល់​ហើយ​។

លោក សុខ​ឃន បាន​បញ្ជាក់​ថា៖ «យើង​មា​នទីផ្សារ​ប្រកួត​ច្រើន​​នៅ​ថៃ ហើយ​ឥឡូវ​នេះ ​យើងមា​នចិន និង​បន្ទាប់​ទៀត​ យើង​នឹង​បញ្ជូន​​កីឡាក​រទៅ​ប្រកួ​តនៅប្រ​ទេស​ក្រិក​ ដោយ​យើង​បាន​​ចុះ MoU រួចហើយ​ ព្រោះ​យើង​មាន​ក្រុម​អ្នក​ជំនាញ​សម្រាប់ទំ​នាក់ទំ​នង​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រ​ទេស​ធ្វើ​ឱ្យ​កីឡា​របស់​យើង​មាន​ទីផ្សារ​ច្រើន និង​ជ្រៀត​ចូល​ដល់​ទី​ផ្សារ​ធំៗ។ ​ជាក់​ស្ដែង​នៅ​ខែ​មិថុនាខា​ង​មុខ​ សហព័ន្ធ​ ត្រៀម​នឹង​បញ្ជូន​កីឡាករ​៤​នាក់​​ទៅ​ប្រកួត​នៅ​សហ​រដ្ឋ​អា​មេរិក និង​គ្រោង​​បញ្ជូន​កីឡា​ករ​ ៤​ នាក់​ទៀត ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង»៕