ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងគណៈកម្មការជំនាញដែលជាអ្នកមើលការខុសត្រូវលើការងារនេះ ត្រូវពន្លឿនការសាងសង់ភូមិកីឡាឱ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់បម្រើការដល់ការធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខនេះ។

ការពន្លឿនការសាងសង់ភូមិកីឡា ដែលមានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺលោក ទៀ បាញ់ បានលើកឡើង ក្នុងពេលលោកចុះត្រួតពិនិត្យការសាងសង់ភូមិកីឡា និងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនសាងសង់ភូមិកីឡាកាលពីព្រឹកថ្ងៃទី ៣១ ខែមករា ហើយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC និងប្រធានគណៈកម្មការជំនាញផ្សេងៗទៀត ក៏បានចូលរួមនៅក្នុងការត្រួតពិនិត្យការសាងសង់ភូមិកីឡានេះដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយការត្រួតពិនិត្យការសាងសង់ភូមិកីឡានោះថា៖ «វានឹងមានហានិភ័យខ្ពស់ណាស់ ប្រសិនបើយើងសាងសង់ភូមិកីឡានេះ មិនរួចរាល់តាមផែនការកំណត់ ដូច្នេះសម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញពន្លឿនឱ្យការសាងសង់ភូមិកីឡាឱ្យទាន់ពេលវេលា ដោយឱ្យគណៈកម្មការជំនាញ ចុះត្រួតពិនិត្យមើលរាល់ថ្ងៃតែម្តង។ ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាក្រុមហ៊ុនសាងសង់ បានផ្តល់សក្ខីកម្មពីការដំណើរការសាងសង់ និងវឌ្ឍនភាពការងារបានល្អប្រសើរផងដែរ»។

លោកបានបន្តថា ភូមិកីឡា ត្រូវទទួលការស្នាក់នៅរបស់ប្រតិភូអត្តពលិកចន្លោះពី ៦ ០០០ ទៅ ៧ ០០០នាក់។ ហេតុនេះការងារភូមិកីឡានេះ ជាចំណុចសំខាន់ណាស់ ដែលថ្នាក់ដឹកនាំត្រូវចុះពិនិត្យដោយផ្ទាល់ជាក់ស្តែង និងជំរុញបន្ថែមទៀតដល់គណៈកម្មការហូបចុកស្នាក់ ត្រូវចុះមកពិនិត្យមើលដំណើរការសាងសង់ ដោយផ្ទាល់ជារៀងរាល់ថ្ងៃ ហើយតាមរយៈលោក សៀ ឫទ្ធី បានបញ្ជាក់ថា ពេលនេះការសាងសង់ មានកម្មករសរុបជិត ៣ ០០០ នាក់ ដែលកំពុងសម្រុកការសាងសង់។

លោក វ៉ាត់ ចំរើន បានបញ្ជាក់៖ «សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ពេលនេះជាពេលប្រកាសអាសន្នក្នុងការពន្លឿនលើគ្រប់ផែនការទាំងអស់ឱ្យបានរួចរាល់និងទាន់ពេលវេលា។ យើងក៏ជឿជាក់លើការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនសាងសង់ថា នឹងសាងសង់ឱ្យបានរួចរាល់នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ឱ្យទទួលបានជោគជ័យ»។

លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជាផងនោះ បានអះអាងថា ភូមិកីឡា បានក្លាយជាចំណុចគន្លឹះដ៏សំខាន់ក្នុងការបង្ហាញពីកិត្តិយស និងកិត្យានុភាពក្នុងនាមជាម្ចាស់ផ្ទះថា តើប្រទេសជាម្ចាស់ផ្ទះ បំពេញលក្ខណៈបានគ្រប់គ្រាន់ ស្របតាមស្តងដារបស់អូឡាំពិកអន្តរជាតិ ហើយឬនៅ?

អ្នកជំនាញកីឡារូបនេះបានបញ្ជាក់ថា៖ «ការទទួលរៀបចំស៊ីហ្គេម កន្លងមក មានប្រទេសខ្លះបានរៀបចំការស្នាក់នៅ ការហូបចុក នៅតាមសណ្ឋាគារ។ ការរៀបចំបែបនេះ គឺមិនមែនជាកម្រិតការរៀបចំស្តង់ដាអូឡាំពិកនោះទេ។ ស្មារតីរបស់អូឡាំពិកអន្តរជាតិ គឺការស្នាក់នៅហូបចុករបស់អត្តពលិកអន្តរជាតិ ត្រូវតែស្ថិតនៅក្នុងភូមិកីឡា អ៊ីចឹងភូមិកីឡានេះហើយជាការបញ្ជាក់អំពីកិត្តិយស កិត្យានុភាពជាតិរបស់ម្ចាស់ផ្ទះ ដែលជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ»។

លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖«នេះជាប្រវត្តិរបស់ស៊ីហ្គេម ហើយការត្រៀមរៀបចំរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម របស់ម្ចាស់ផ្ទះកម្ពុជា គឺជាការផ្តល់ភាពកក់ក្តៅជាទីបំផុតជូនដល់ភ្ញៀវប្រតិភូកីឡាឱ្យល្អប្រសើរជាងម្ចាស់ផ្ទះស៊ីហ្គេមមុនៗមួយចំនួនទៅទៀត» ៕