
ការប្រកួតប្រដាល់គុនខ្មែរ នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ត្រឹមតែជាង ១ សប្តាហ៍ប៉ុណ្ណោះ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានទទួលសមាជិកភាពថ្មីចូល ២០ ប្រទេសទៀត បន្ថែមទៅលើសមាជិកភាព ដែលមានស្រាប់ចំនួន ២៩ ប្រទេស ហើយការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រទេសចូលរួមនេះ បានកើតមានឡើង បន្ទាប់ពីកម្ពុជា ទទួលបានជោគជ័យ ក្នុងការដាក់កីឡា «គុនខ្មែរ ឬ Kun Khmer» ចូលទៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។
តាមការប្រកាសរបស់សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ នៅក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ ជាមួយបណ្តាប្រទេសផ្សេងៗ នៅសណ្ឋាគារហ្គារឌិនស៊ីធី កាលពីថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៣ គឺសហព័ន្ធនេះ មានប្រទេស បានចូលជាសមាជិកចំនួន ២៩ ប៉ុន្តែគិតមកដល់ពេលនេះ ចំនួនសមាជិកភាពចូលរួមជាមួយគុនខ្មែរ បានឡើងរហូតដល់ជិត ៥០ ប្រទេស។
លោក មៀម រ៉ា ប្រធានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១ ខែកុម្ភៈ ថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ មានប្រទេសជាច្រើនបានផ្អើលខ្លាំង និងបានស្នើសុំមកចូលរួមជាសមាជិកភាពរបស់សហព័ន្ធយើង ដោយគិតមកដល់ពេលនេះ មានចំនួនជិត ៥០ ប្រទេសហើយ ហើយមានប្រទេសជាច្រើនទៀត ក៏បានទាក់ទងមកយើងដែរ ចំណែកអ្នកកាសែតបរទេស ក៏បានសួរនាំមកខ្ញុំច្រើនជុំវិញ គុនខ្មែររបស់យើង ព្រោះពួកគាត់ ចង់ដឹងពីប្រវត្តិក្បាច់គុនដូនតារបស់យើង»។
លោកបានប្រាប់ឱ្យដឹងទៀតថា ប្រទេសដែលបានដាក់សំណើចូលជាសមាជិកភាពរបស់សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ គឺមានការបញ្ជាក់បេក្ខភាពច្បាស់លាស់ ពីក្រសួងតំណាងឱ្យប្រទេសរបស់ពួកគាត់ តែក្នុងនោះក៏មានប្រទេសមួយចំនួន ចង់សាកល្បងជាមួយកម្ពុជាដែរ ដោយសារគាត់ ក៏មានក្បាច់គុនអត្តសញ្ញាណជាតិដូចគ្នា អ៊ីចឹងគាត់ចង់ដឹងថា តើគុនខ្មែរ ពិតជាមានប្រវត្តិដ៏យូរលង់ និងមានដើមកំណើតពិតប្រាកដ នៅកម្ពុជា ឬក៏ចម្លងពីក្បាច់គុនរបស់ប្រទេសជិតខាង។
លោក មៀម រ៉ា បានថ្លែងថា៖ «យើងបានពន្យល់ និងបង្ហាញពីភ័ស្តុតាងនៃកីឡាអត្តសញ្ញាណជាតិយើងទៅដល់ពួកគាត់ ដោយយើងសំអាងទៅលើរូបចម្លាក់គុនខ្មែរ នៅជាប់ប្រាង្គប្រាសាទ នៅអង្គរវត្ត ជាធំ និងឯកសារសំខាន់ៗផ្សេងទៀត។ ម្យ៉ាងទៀត កីឡាអត្តសញ្ញាណ «គុនល្បុក្កតោ» របស់យើង ក៏ទើបត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់អ៊ីចឹងពួកគាត់ មានការជឿជាក់ និងទទួលស្គាល់ថា គុនខ្មែរ ជារបស់ខ្មែរពិតប្រាកដមែនហើយគាត់សុំចូលជាសមាជិកភាពជាមួយយើង»។

ការប្រកួតប្រដាល់គុនខ្មែរ នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
តែទោះបីជាយ៉ាងណា លោក មៀម រ៉ា បានបញ្ជាក់ថា សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ នឹងចេញបទបញ្ជាជារួមមួយ ដោយកំណត់ឱ្យប្រទេស ដែលបានចូលជាសមាជិកភាពជាមួយគុនខ្មែរ ត្រូវតែគោរពតាមបទបញ្ជារបស់គុនខ្មែរ ដូចជាត្រូវស្លៀកខោមានអក្សរគុនខ្មែរ ប្រើក្រមាជួតក្បាល ត្រូវមានកងរុំដើមដៃ ហើយភ្លេងនៃការប្រកួតត្រូវប្រើភ្លេងខ្មែរ ហើយជាមួយគ្នានេះ សហព័ន្ធ ក៏គ្រោងនឹងបញ្ជូនគ្រូបង្វឹក ទៅហ្វឹកហាត់គុនខ្មែរ នៅតាមប្រទេស ដែលបានស្នើមកកម្ពុជា ផងដែរ។
លោកបានបញ្ជាក់ថា៖ «នេះជាជោគជ័យយ៉ាងធំធេង ដែលគុនខ្មែរ ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ និងគាំទ្រ ហើយប្រទេសជិត៥០នោះ ដែលបានចូលជាសមាជិកភាពរបស់យើង នៅពេលនេះ គឺមាននៅគ្រប់ទ្វីបទាំងអស់ តែចំនួនស្នើសុំនេះ យើងអាចផ្អាកទទួលមួយរយៈសិន ដោយយើងកំណត់យកត្រឹម ៥០ ប្រទេសសិនបានហើយ ព្រោះពេលនេះ យើងកំពុងមមាញឹកខ្លាំង លើការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម ប៉ុន្តែបន្ទាប់ពីចប់ស៊ីហ្គេម យើងនឹងបន្តធ្វើ ហើយធ្វើឱ្យបានកាន់តែខ្លាំង ដើម្បីទទួលយកប្រទេសជាច្រើនទៀត ដែលចង់ចូលរួមជាមួយគុនខ្មែរ»។
បន្ទាប់ពីការប្រជុំពិសេស កាលពីថ្ងៃទី ២៦ ខែមករា រវាងប្រទេសទាំង ៨ រួមមានវៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌនេស៊ី ថៃ និងកម្ពុជា ជាម្ចាស់នោះ គឺអង្គប្រជុំបានសម្រេចដាក់ ១៩ ប្រភេទទម្ងន់ សម្រាប់ការប្រកួតកីឡាគុនខ្មែរ នៅស៊ីហ្គេម ឆ្នាំ ២០២៣ នេះ ដោយក្នុងនោះ ផ្នែកបុរសមាន ១១ ទម្ងន់ នារីមាន ៦ ប្រភេទទម្ងន់ បូកទាំងវិញ្ញាសាគុនគ្រូបុរស ១ នាក់ និងគុនគ្រូនារី ១ នាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានអះអាងថា កម្ពុជា នឹងពង្រីកវិសាលភាពគុនខ្មែរ មិនមែនត្រឹមតែ ស៊ីហ្គេម នេះទេ។
លោកបញ្ជាក់ថា៖ «យើងបង្កើតសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិនេះឡើង ដើម្បីឆ្ពោះទៅវេទិកាប្រកួតកីឡាអន្តរជាតិ។ មហិច្ឆតារបស់យើង គឺត្រូវជំរុញគុនខ្មែរ ទៅគ្រប់ការប្រកួត នៅលើពិភពលោក ដើម្បីឱ្យកីឡាអត្តសញ្ញាណរបស់យើងនេះ ក្លាយទៅជាកីឡាគុនខ្មែរមួយ មានប្រជាប្រិយភាព ទៅលើគ្រប់អ្នក ដែលហាត់គុនទាំងអស់ នៅលើពិភពលោក»៕
វីដេអូ៖