​ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ៣​ ខែកុម្ភៈ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ទៅ​ចូលរួម​ការប្រកួត​កីឡា​នគរបាល និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​២០ ឆ្នាំ​ ២០២៣ (The 20th World Police and Fire Games 2023) នៅ​ទីក្រុង​Winnipeg ខេត្ត Manitoba ប្រទេស​កាណាដា ដោយ​គ្រោង​បញ្ជូន​កីឡា​ចំនួន ១៣​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិ​ត ភី​រៈ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ដែលជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ បាន​ថ្លែងថា កីឡាករ កីឡាការិនី ដែល​នឹង​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៅ​ប្រទេស​កាណាដា ដាច់ខាត​ត្រូវតែ​ឆ្លងកាត់​ការប្រកួត​ធ្វើតេស្ត​សមត្ថភាព​ជាមុន​សិន ទើប​អាច​ទទួលបាន​ឱកាស​ទៅ​ចូលរួម​ក្នុងការ​ប្រកួត​។

​ការប្រកួត​តេស្ត​នេះ ធ្វើឡើង​ដើម្បី​ចម្រាញ់​រក​កីឡាករ កីឡាការិនី ដែលមាន​សមត្ថភាព​លើ​ប្រភេទ​កីឡា ដែលមាន​សក្តានុពល ជាពិសេស ជា​កីឡាករ​មាន​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ ដ្បិត​ជោគជ័យ​របស់​អត្ត​ព​លិ​ក​ទាំងអស់ គឺជា​ការលើក​មុខមាត់​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិ​ត ភី​រៈ បាន​ជំរុញ​ឱ្យ​ប្រតិភូ និង​គ្រូបង្វឹក​តាម​ប្រភេទ​កីឡា​នីមួយៗ​របស់ខ្លួន ត្រូវ​បង្កើន​កិច្ចសហការ​លើ​ការងារ​នេះ​ឱ្យបាន​ល្អប្រសើរ និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បីឱ្យ​ការជ្រើសរើស​កីឡាករ និង​កីឡាការិនី ទៅ​ចូលរួម​ការប្រកួត​ទទួលបាន​លទ្ធផល​ល្អ​។

​ជាពិសេស ត្រូវមាន​ការចាត់តាំង​ការងារ​ឱ្យបាន​ច្បាស់លាស់​ពាក់ព័ន្ធ​ការត្រៀមខ្លួន​ចូលរួម ដើម្បីឱ្យ​សមស្រប​ទៅតាម​លក្ខន្តិកៈ នៃ​ការប្រកួត​ទៅតាម​ប្រភេទ​កីឡា​ដែល​ម្ចាស់ផ្ទះ​កាណាដា​បានកំណត់​។

​សូម​ជម្រាបជូន​ថា ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​២០ ឆ្នាំ​២០២៣ នៅ​ប្រទេស​កាណាដា នឹង​ចាប់ផ្តើម​ធ្វើឡើង​ពីថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣​។​

​ក្រសួងមហាផ្ទៃ គ្រោង​នឹង​បញ្ជូន​កីឡា​ចំនួន ១៣​ប្រភេទ ឱ្យទៅ​ចូលរួម​ការប្រកួត​ក្នុងនោះ មានដូចជា​៖ កីឡា​វាយ​សី​, កាយ​វប្បកម្ម​, ប្រណាំងទូក​នាគ​, ជឺ​ជី​តស៊ូ​, យូ​ដូ​, កា​រ៉ា​តេ​, ហែល​ទឹក​, វាយ​កូនឃ្លី​លើ​តុ​, ត្រី​យ៉ា​ត្លុង​, បាល់ទះ​ក្នុង​សាល​, បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​, ចំបាប់​កាច់​ដៃ​, និង​កីឡា​ចំបាប់​។​

​បើតាម​ក្រសួងមហាផ្ទៃ ការចូលរួម​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក​លើក​ទី​១៩ កាលពី​ឆ្នាំ​២០២២ នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​កន្លងទៅ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ៣៣​គ្រឿង ក្នុងនោះ​មេដាយមាស ១៥​គ្រឿង មេដាយប្រាក់ ៨​គ្រឿង និង​មេដាយ​សំរឹទ្ធ ១០​គ្រឿង​៕