
ថ្នាក់ដឹកនាំកីឡា និងកីឡាករកីឡាការិនី ដែលចូលរួមប្រកួតកីឡាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ប្រភេទកីឡាការ៉ាតេ ។ រូបថត Cambodia 2023
ភ្នំពេញៈ ការប្រកួតកីឡាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ប្រភេទកីឡាការ៉ាតេ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៤ ថ្ងៃ ដែលការប្រកួតនេះ បានចាប់ផ្ដើមពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៥ មករា ដោយបែងចែកជាប្រភេទវិញ្ញាសាខុសៗគ្នា។
សម្រាប់ការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំនេះ មានក្លិបចូលរួមប្រកួតចំនួន ២១ក្លិប ដោយមានកីឡាករ ចាប់ពីកុមារ រហូតដល់មនុស្សពេញវ័យ ហើយក្លិបក្រសួងការពារជាតិគឺជាអ្នកទទួលជ័យជម្នះ ដោយទទួលបានមេដាយច្រើនជាងគេ។
ក្លិបរបស់ក្រសួងការពារជាតិ ទទួលបានមេដាយសរុបចំនួន ១៨ ក្នុងនោះ មានមេដាយមាសចំនួន ១០ ប្រាក់ចំនួន៤ និងសំរឹទ្ធចំនួន ៤។
ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ គឺក្លិបរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបានមេដាយសរុបចំនួន១៤ ក្នុងនោះមានមេដាយមាសចំនួន ៧ ប្រាក់ ១ និងសំរឹទ្ធចំនួន៦។
ចំណែកឯចំណាត់ថ្នាក់លេខ៣គឺក្លិបការ៉ាតេដូ ហនុមាន ដោយទទួលបានមេដាយសរុបចំនួន ២៣ ក្នុងនោះមេដាយមាសចំនួន ៦ ប្រាក់១០ និងសំរឹទ្ធចំនួន ៧។
ក្នុងឱកាសបិទបញ្ចប់នេះ លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានទី៣ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍អបអរសាទរចំពោះម្ចាស់ជយលាភី ជាច្រើនរូបដែលបានប្រឹងប្រែងប្រកួតដណ្ដើមយកមេដាយយ៉ាងលំបាក។
ក្នុងនោះផងដែរ លោកក៏បានកត់សម្គាល់ឃើញពីការរីកចម្រើនរបស់កីឡាករ កីឡាការិនី ពីការប្រកួតមួយ ទៅការប្រកួតមួយ ហើយលោករំពឹងថា កម្ពុជានឹងមានធនធានល្អជាច្រើននាក់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ។
លោក សាមឺឌី ស៊ីវឌ្ឍនា បន្តថា ៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីបន្តខិតខំ និងរក្សាស្មារតីកីឡា ពុះពារ រឹងមាំដើម្បីមុខមាត់ក្លិប មុខមាត់កីឡាករដោយខ្លួនឯង ក៏ដូចជាមុខមាត់ជាតិយើងផងដែរ»។
ទន្ទឹមគ្នានេះ កញ្ញា បញ្ញា វត្តី ដែលជាកីឡាការិនីទទួលបានមេដាយមាស លើវិញ្ញាសាសម្ដែង (កាតា) បានរៀបរាប់ ដោយភាពរីករាយ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងហ្វឺកហាត់សម្រាប់ត្រៀមប្រកួត រហូតទទួលបានជ័យជម្នះនេះ។
យុវតីមកពីក្លិបសាកលវិទ្យាល័យផារ៉ាហ្គនរូបនេះ បានឱ្យដឹងថា ៖ «បើទោះជាក្លិបរបស់ខ្ញុំ មិនបានឈ្នះ ការប្រកួតទាំងមូល ប៉ុន្តែក៏ចាត់ទុកថា ល្អប្រសើរបានច្រើន ព្រោះសមត្ថភាពពួកយើងម្នាក់ៗបានគ្រាន់បើជាងមុន អាចប្រកួតជាមួយគេបាន»។
ជារួម កញ្ញាបានសម្គាល់ឃើញថា សមត្ថភាពអ្នកចូលរួមប្រកួត សុទ្ធតែប្រសើរឡើង ដូច្នេះហើយការប្រកួតទាំងមូលក៏តឹងតែង និងពិបាកយកពិន្ទុ។
កញ្ញាបន្តថា ៖ «ពេលឃើញអ្នកចូលរួមសុទ្ធតែខ្លាំងៗអ៊ីចឹង ខ្ញុំក៏សប្បាយចិត្តដែរ ព្រោះពួកគាត់ ក៏អាចនឹងធ្វើបានល្អនៅពេលប្រកួតក្នុងកីឡាស៊ីហ្គេម»។
សូមរំឭកថា ក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ នេះធ្វើឡើងនៅ អគារដំបូលទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់ការប្រកួតនេះ មានក្លិបចំនួន ២១ចូលរួម និងមានមេដាយសម្រាប់កីឡាករ កីឡាការិនីសរុបចំនួន ១១៧មេដាយ៕