ភ្នំពេញៈ ព្រំ សំណាង បានក្លាយជាកីឡាករកម្ពុជាទី២ បន្ទាប់ពីជើងខ្លាំង ធឿន ធារ៉ា ដែលអាចដណ្តើមបានខ្សែក្រវាត់នៅក្នុងព្រឹត្តិការណ៍ Thai Fight បន្ទាប់ពីរូបគេបានបុកជង្គង់បណ្តាលឱ្យម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័នរបស់អង់គ្លេស Thomas Carpenter ដួលសន្លប់ ក្នុងការប្រកួតកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ។
ជ័យជម្នះរបស់ ព្រំ សំណាង ពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជា មានការភ្ញាក់ផ្អើលខ្លាំង និងបានលើកមុខមាត់ «គុនខ្មែរ» ឱ្យកាន់តែល្បីរន្ទឺថែម ១ កម្រិតទៀត ព្រោះការឈ្នះបានខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៧៨ គីឡូក្រាម នៅ Thai Fight នេះ ព្រំ សំណាង បានប្រើពេលខ្លីបំផុត គឺត្រឹមតែ ១ នាទី ៥៦ វិនាទី ប៉ុណ្ណោះ ក្នុងការផ្តួល Thomas Carpenter ឱ្យសន្លប់ក្នុងទឹកទី១ តាមរយៈការបុកជង្គង់ឆ្វេងចូលឆ្អឹងជំនីរផុត។
បើទោះបីជាកីឡាករ Thomas Carpenter ធ្លាប់ឈ្នះបានខ្សែក្រវាត់ចំនួន៣ស្ថាប័ននៅប្រទេសថៃ ជាពិសេសការឈ្នះខ្សែក្រវាត់ Muay Thai អន្តរជាតិ ពីការប្រកួត International Boxing Federation (IBF) កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ និងការឈ្នះខ្សែក្រវាត់ Max Muay Thai កាលពីទី២០ ខែមីនា ឆ្នាំ ២០១៦ ប៉ុន្តែសម្រាប់ការជួប ព្រំ សំណាង កាលពីយប់ថ្ងៃអាទិត្យនោះ Thomas មានឱកាសតិចបំផុតក្នុងការវាយបកទៅលើ ព្រំ សំណាង វិញ ព្រោះ សំណាង បានបើកការវាយលុកដោយការទាត់ និងចូលរូសកែង ហើយចុងក្រោយបានបញ្ចប់Thomas ដោយស្នៀតជង្គង់។
យ៉ាងណាក៏ដោយ ព្រំ សំណាង បានអះអាងក្រោយការប្រកួតថា ការផ្តួលកីឡាករអង់គ្លេស Thomas Carpenter ឱ្យសន្លប់ត្រឹមទឹកទី១ នេះ វាមែនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាកើតចេញពីការត្រៀមខ្លួនបានយ៉ាងល្អរបស់គេ។
សំណាង បានបញ្ជាក់ថា៖ «មេ (ថ្នាក់ដឹកនាំសហព័ន្ធ) បានគ្រប់គ្រងខ្ញុំមិនឱ្យចេញដើរទៅណាទេ គឺឱ្យខ្ញុំផ្តោតតែលើការថែកម្លាំង និងហ្វឹកហាត់ឱ្យបានខ្លាំង ហេតុនេះធ្វើឱ្យខ្ញុំមានសង្ឃឹមច្រើនរួចទៅហើយ សម្រាប់ការផ្តួលគូប្រកួតឱ្យសន្លប់នាពេលនេះ»។
តាមរយៈការឈ្នះបានខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៧៨គីឡូក្រាម សម្រាប់ការបង្ហាញខ្លួន នៅ Thai Fight ជាលើកដំបូងនេះ ព្រំ សំណាង បានទទួលការគាំទ្រខ្លាំងបំផុត ពីជនរួមជាតិ ហើយនៅពេលនេះរូបគេកំពុងទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ គឺដូចគ្នាទៅនឹងកីឡាករ ធឿន ធារ៉ា ផងដែរ ដែលទទួលបានការឧបត្ថម្ភទាំងទឹកប្រាក់និងដីឡូត៍ បន្ទាប់ពីរូបគេបានផ្តួលកីឡាករម្ចាស់ផ្ទះថៃ Saiyok Sakchainrong ឱ្យចុះចាញ់ត្រឹមទឹកទី១ក្នុងការប្រកួតដណ្តើមពានស្តេចថៃ និងខ្សែក្រវាត់ទម្ងន់៧២,៥គីឡូក្រាម កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។
កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេម ព្រំ សំណាង បានបញ្ជាក់ពីអារម្មណ៍ពិតសម្រាប់ការឈ្នះបានខ្សែក្រវាត់ នៅ Thai Fight បែបនេះថា៖ «ខ្ញុំពិតជាសប្បាយខ្លាំងបំផុត សម្រាប់ជ័យជម្នះនេះ ដែលមិនអាចនឹងរកអ្វីមកប្រៀបផ្ទឹមបាននោះទេ ហើយការផ្តល់កម្លាំងចិត្តពីថ្នាក់ដឹកនាំ និងបងប្អូនអ្នកគាំទ្របានធ្វើឱ្យខ្ញុំមានកម្លាំងចិត្តប្រកួតខ្លាំងតែម្តង»។
ជាមួយគ្នានេះលោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាប្រតិភូដឹកនាំការប្រកួតនៅ Thai Fight លើកនេះ បានចាត់ទុកការដណ្តើមបានខ្សែក្រវាត់របស់ ព្រំ សំណាង ថា ជាចលករមួយយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហព័ន្ធ ក៏ដូចជាក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ឱ្យបង្កើនការហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងក្នុងការត្រៀមទៅស៊ីហ្គេមឆ្នាំ ២០២៣ ដោយមានគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកជួយទំនុកបម្រុង។
លោក ហេង សុខឃន បានថ្លែងថា៖ «យើងនឹងពង្រឹងកីឡាកររបស់យើងសម្រាប់ត្រៀមទៅស៊ីហ្គេម ហើយក្នុងនាមសហព័ន្ធ គឺយើងត្រូវធ្វើយ៉ាងម៉េចឱ្យកីឡាករកាន់តែខ្លាំងអ៊ីចឹងខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់កីឡាករ ព្រំ សំណាង ជាបេក្ខភាពគីឡូធ្ងន់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះកីឡារស់ក្នុងសន្តិភាព គឺកីឡាខ្លាំងតែម្តង»៕