
កីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា ដែលឈ្នះមេដាយកាលពីពេលកន្លងមក ។ រូបថត សហការី
ភ្នំពេញៈ កីឡាការ៉ាតេជាប្រភេទកីឡាមួយដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាឆ្នាំនេះ។ ស៊ីហ្គេមនៅកម្ពុជាដាក់ប្រភេទកីឡាការ៉ាតេចែកចេញជា ២ ផ្នែក គឺផ្នែកសម្ដែង (កាតា) និងផ្នែកប្រយុទ្ធ (Kumite)។
អត្តពលិកកីឡាការ៉ាតេ កញ្ញា វ៉ាន់ ចរិយា ជាកីឡាការិនីជម្រើសជាតិ១រូប ដែលនឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ ចរិយា បានឱ្យដឹងថា ខ្លួនបានត្រៀមយ៉ាងពេញលក្ខណៈសម្រាប់ចូលរួមប្រកួត និងខិតខំដណ្ដើមមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខ។
កញ្ញា វ៉ាន់ ចរិយា បានចាប់ផ្ដើមប្រឡូកក្នុងកីឡាការ៉ាតេប្រមាណជា៥ឆ្នាំ ព្រមទាំងធ្លាប់បានចេញទៅប្រកួត នៅក្រៅប្រទេសជាច្រើនលើកដើម្បីប្រមូលបានបទពិសោធន៍ត្រៀមខ្លួនទទួលភ្ញៀវក្នុងនាមជាម្ចាស់ផ្ទះ។
កញ្ញា វ៉ាន់ ចរិយា បានរៀបរាប់ថា៖«សម្រាប់រយៈពេល៧០ថ្ងៃខាងមុខ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច បើទោះបីជាត្រូវហ្វឺកហាត់លំបាកយ៉ាងណាក៏ដោយ»។
កញ្ញាបានបន្តថា កីឡាប្រភេទនេះមិនត្រឹមតែទាមទារកម្លាំងកាយសម្បទាមាំមួនសម្រាប់ហ្វឺកហាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការភាពឆ្លាតវៃ និងភាពបត់បែនខ្ពស់ទើបអាចឈ្នះដៃគូប្រកួតបាន។
កញ្ញា បង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា៖ «សមត្ថភាពកម្ពុជា ធៀបនឹងប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ានគឺ យើងប្រហាក់ប្រហែលគេហើយ ព្រោះសូម្បីសហព័ន្ធយើងក៏មានគ្រូបរទេសមកបង្ហាត់តាំងពីឆ្នាំ២០២០ ដែលធ្វើឱ្យយើងមានទាំងតាក់ទិក មានទាំងវិធីសាស្ត្រដើម្បីអាចទទួលបានមេដាយ និងធ្វើឱ្យពួកយើងមានទំនុកចិត្តក្នុងការប្រកួតនាកីឡាស៊ីហ្គេមខាងមុខ»។
ចរិយា បានបន្ថែមថា៖«រាងកាយរបស់អ្នកកីឡានិងរាងកាយរបស់មនុស្សធម្មតាគឺខុសគ្នា។ខុសគ្នាព្រោះអ្នកកីឡា ប្រើប្រាស់ កម្លាំងច្រើនដើម្បីហ្វឹកហាត់ ម៉្លោះហើយការញ៉ាំ ការគេង ការបំប៉នសុខភាពគឺត្រូវតែមាន
ជាប្រចាំ»។
យ៉ាងណាមិញ កញ្ញា បញ្ជាក់ថា ការចាញ់ឬឈ្នះគឺស្ថិតនៅលើកីឡាករ កីឡាការិនីផ្ទាល់ ដែលខិតខំប្រឹងប្រែងហ្វឺកហាត់ក្នងរយៈពេលត្រៀមខ្លួនដើម្បីយកមេដាយជូនជាតិមាតុភូមិ។កញ្ញាសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើ
ឱ្យបានល្អបំផុតដើម្បីលើកមុខមាត់ប្រទេសក្នុងនាមជាម្ចាស់ផ្ទះ។
ពាក់ព័ន្ធនឹងរឿងនេះ លោកសាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានមើលឃើញពីការរីកចម្រើនជាបន្តបន្ទាប់របស់កីឡាការ៉ាតេក្នុងរយៈ ពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។លោកថា ការរីកចម្រើនទាំងនេះក៏ដោយសារតែធនធានមនុស្សមានកាន់តែច្រើន ហើយការបណ្ដុះបណ្ដាលក៏កាន់តែមានភាពដិតដល់ជាងមុន។
ទោះយ៉ាងនេះក្តី លោកមិនទាន់អាចវាយតម្លៃសម្រាប់គុណភាពបច្ចេកទេសរបស់អត្តពលិកការ៉ាតេចំពោះស៊ីហ្គេមលើកទី៣២ខាងមុខថាយ៉ាងណានោះទេ ។
លោកបានបញ្ជាក់ថា៖«កម្ពុជាត្រូវពង្រឹងគុណភាពបច្ចេកទេសបន្ថែមទៀតពីព្រោះថាកម្រិតគុណភាពរបស់វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើមនោះគឺមានភាពល្អប្រសើរច្រើនណាស់ដោយគេបានដើរយូរជាងកម្ពុជាយើង»។
ប៉ុន្តែយ៉ាងណា លោកក៏នៅតែបន្តជំរុញកីឡាករ កីឡាការិនី គ្រូបង្វិកទាំងអស់ឱ្យស្វែងយល់បន្ថែមពីគន្លឹះសំខាន់ៗនិងបច្ចេកទេសថ្មីៗក្នុងការប្រកួតដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងឆ្ពោះទៅរកគុណផលខ្ពស់ សម្រាប់ចូលរួមការប្រកួតស៊ីហ្គេមនាឆ្នាំនេះ។
សម្រាប់វិញ្ញាសាប្រកួតកីឡាការ៉ាតេនាពេលខាងមុខនេះនឹងត្រូវបែងចែកជាវិញ្ញាសាដូចជាវិញ្ញាសាប្រយុទ្ធក្រុមនារី វិញ្ញាសាប្រយុទ្ធបុរសជាក្រុម ព្រមទាំងវិញ្ញាសាឯកត្តជននារីគីឡូ-៥០ គីឡូ-៥៥ គីឡូ-៦១ គីឡូ-៦៨ និងគីឡូ+៦៨។ សម្រាប់វិញ្ញាសាឯកត្តជនបុរសមានគីឡូដូចជា-៥៥ -៦០ -៦៧ -៧៥ -៨៥ និង+៨៤។
គិតមកត្រឹមថ្ងៃទី២២ ខែកុម្ភៈ នៅសល់រយៈពេល៧២ថ្ងៃទៀតដល់ថ្ងៃបើកសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC)បានកំណត់បញ្ចូល៣៨ប្រភេទកីឡានិង៦០៨វិញ្ញាសាក្នុងកម្មវិធីប្រកួត។ចំនួននេះបានបំបែកកំណត់ត្រាជាប្រទេសដែលមានវិញ្ញាសាប្រកួតច្រើនជាងគេរាប់ចាប់តាំងពីឆ្នាំ១៩៥៩មក៕