
ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាកាលពីខែមុន ។ រូបថត សហការី
ភ្នំពេញៈ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាយុក្រោម ២០ ឆ្នាំ ដែលបានប្រមូលផ្តុំហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទីតាំងពីថ្ងៃទី ១៩ ខែកុម្ភៈ មកនោះ កំពុងផ្តោតអារម្មណ៍កាន់តែខ្លាំងក្នុងការចូលរួមប្រកួតពានរង្វាន់ AFC U20 Women''s Asian Cup វគ្គជម្រុះជុំទី១ ក្នុងពូល G ដែលនឹងត្រូវធ្វើនៅថ្ងៃទី ៨ ខែមីនា ខាងមុខ ដើម្បីរកក្រុមលេខ ១ ប្រចាំពូលនេះ ឡើងទៅប្រកួតនៅជុំទី២។
ដោយសារតែការប្រកួតជុំទី១ប្រចាំពូលG នៃពានរង្វាន់ AFC U20 Women''s Asian Cup 2024 នេះ កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ហេតុនេះលោក ប្រាក់ វុទ្ធី ជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានដាក់គោលដៅ និងឆន្ទៈថា ត្រូវធ្វើឱ្យបានល្អដើម្បីឆ្លងទៅប្រកួតជុំទី២ ខណៈក្រុមនារីកម្ពុជាក៏កំពុងមានកម្លាំងចិត្តខ្លាំងក្នុងការប្រកួតប្រជែង សម្រាប់ការប្រកួតដ៏សំខាន់នេះផងដែរ។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ប្រាក់ វុទ្ធី បានថ្លែងថា៖ «សក្តានុពល និងសមត្ថភាពកីឡាការិនីរបស់យើងគឺមួយចំនួនធ្លាប់មានបទពិសោធន៍លេងនៅអន្តរជាតិ ដូចជាការប្រកួតពាន AFF U18 Women’s Championship 2022 នៅឥណ្ឌូនេស៊ី រីឯមួយចំនួនទៀត យើងបានជ្រើសរើសបញ្ចូលថ្មី ហើយការរៀបចំនេះ ដើម្បីជាសក្តានុពលរបស់កីឡាការិនីយកបទពិសោធន៍ សម្រាប់ការប្រកួតផង ហើយក៏មានបំណងបង្ហាញសមត្ថភាពរបស់យើង ក្នុងការប្រកួតពាននេះផងដែរ»។
អតីតគ្រូបង្គោលក្រុមបឹងកេតរូបនេះបានបន្ថែមថា៖ «យើងមានគោលដៅ និងឆន្ទៈរួចហើយ ដោយយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅក្នុងការប្រកួត AFC នៅលើទឹកដីរបស់យើង ជាលើកដំបូងនេះ គឺធ្វើយ៉ាងណាឱ្យក្រុមរបស់យើងឆ្លងផុតនៅជុំទី១។ ថ្វីដ្បិតតែយើងមានការរៀបចំរយៈពេលមិនច្រើន ក៏ប៉ុន្តែសកម្មភាពហ្វឹកហាត់បច្ចុប្បន្ននេះ ឃើញថា កម្លាំងចិត្តរបស់កីឡាការិនីយើង មានភាពខ្លាំងក្លា អ៊ីចឹងយើងមានសេចក្តីសង្ឃឹមមួយថា នឹងអាចឆ្លងផុតជុំទី១នេះបាន»។
សម្រាប់ការត្រៀមខ្លួនប្រកួតពានរង្វាន់ជម្រុះជុំទី១ ពានរង្វាន់ AFC U20 Women''s Asian Cup នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាការិនីអាយុក្រោម២០ឆ្នាំ ចំនួន២៥នាក់ ឱ្យចូលហ្វឹកហាត់ ក្នុងនោះមានកីឡាការិនី ខុន សាក់, ទាំ រំដួល, រ៉ុម ម៉ូលីការ, ចន ជីតា, ឌឿន ស្រីណាត, ហឿន ធារី, សំរ៉ិត ស្រីម៉ុច, ញឹម គង្គារ, រឹត ច័ន្ទនិមល, សំរ៉ិត និមល របស់ក្លិបបាល់ទាត់ខេត្តសៀមរាប។
កីឡាការិនី ហាន ស្រីកែវ, ជា ហ្វារីយា របស់ក្លិបភ្នំពេញក្រោន, វ៉ុន ស្រីនូ, មុត រ៉ាត់ របស់ក្លិបព្រះខ័នរាជស្វាយរៀង, គីន រក្សា, នី ស្រីវន, សេម ស្រីណាង របស់ក្លិបណាហ្គាវើលដ៍, សែម ម៉ាលីន, ឈាង ស្រីនិក, វន់ ស្រីនីត របស់បឹងកេត, ទន់ គីមហុង, ថន ថុនា, អ៊ីម ម៉ីសាន, ហេង សុវណ្ណមុនី របស់ក្លិបវិសាខា និងកីឡាការិនី ស៊ឹម សូរីតា របស់មន្ទីរ(អយក)ខេត្តកំពង់ចាម ហើយអ្នកទាំង២៥នាក់នេះ នឹងត្រូវជម្រុះចេញ២នាក់ ដោយទុកតែ២៣នាក់ សម្រាប់ចូលប្រកួតជាផ្លូវការ។
សម្រាប់ការប្រកួតនេះ ក្រុមនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមនារីU20មីយ៉ាន់ម៉ា នៅកីឡដ្ឋាន RSN នារសៀលម៉ោង៤ ថ្ងៃទី៨ ខែមីនា ហើយការប្រកួតលើកទី២ចុងក្រោយ កម្ពុជាត្រូវជួបក្រុមនារីម៉ាឡេស៊ី នៅថ្ងៃទី១០ ម៉ោង៤រសៀលដូចគ្នា ខណៈការប្រកួតបញ្ចប់ពូលG នេះ រវាងក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ត្រូវធ្វើនៅថ្ងៃទី១២ ខែមីនា ចំណែកក្រុមទទួលបានលេខ១ប្រចាំពូលនេះ នឹងត្រូវឡើងទៅប្រកួតជុំទី២ ជាមួយក្រុមលេខ១ មកពីតាមពូលចំនួន៧ទៀត។
ជាមួយគ្នានេះ លោក ប្រាក់ វុទ្ធី បានអំពាវនាវដល់បងប្អូន និងអ្នកគាំទ្របាល់ទាត់ទាំងអស់ ទៅចូលរួមគាំទ្រ បាល់ទាត់នារីរបស់កម្ពុជា ដើម្បីលើកទឹកចិត្តដល់ពួកគេ ព្រោះវាជាលើកទី១ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U20 Women''s Asian Cup នេះ។
គ្រូបង្វឹកជើងចាស់រូបនេះ បានបញ្ជាក់ថា៖ «ការគាំទ្ររបស់ពុកម៉ែបងប្អូន ជាពិសេសទស្សនិកជនរបស់យើង គឺជាកម្លាំងចិត្តមួយដ៏ខ្លាំងដល់កីឡាការិនីរបស់យើង ហើយក្រុម U20 ដែលយើងរៀបចំការប្រកួតពាន AFC នេះ ក៏ជាគោលដៅការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ និង២០២៧ ផងដែរ អ៊ីចឹងការចូលរួមរបស់ពុកម៉ែបងប្អូន ពិតជាមានសារៈសំខាន់ណាស់»។
ចំណែកកីឡាការិនី សំរ៉ិត និមល បានថ្លែងថា៖ «ពួកយើងបានហ្វឹកហាត់ត្រៀម នៅសាលាកីឡាបាល់ទាត់ជាតិបាទី មួយរយៈពេលធំហើយ ហើយឃើញថា ពួកយើងខិតខំប្រឹងប្រែងខ្លាំងមែនទែន ដោយសារវាជាលើកដំបូង ដែលពួកយើងធ្វើជាម្ចាស់ផ្ទះ។ ពួកយើងបានខំប្រឹងបំពេញចំណុចខ្វះខាតឱ្យកាន់តែខ្លាំង ដើម្បីឱ្យបាល់ទាត់នារីរបស់យើង មានការរីកចម្រើនទៅមុខទៀត និងតស៊ូទាំងអស់គ្នា ដើម្បីកម្ពុជា»៕