កំពង់ធំៈប្រភេទកីឡាថ្មីគឺបាល់ទាត់លើតុ (Teqball) ដែលត្រូវបានម្ចាស់ផ្ទះកម្ពុជា ដាក់បញ្ចូលជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍នាំយកទៅបង្ហាញក្នុងពិធីបុណ្យទន្លេ លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំមុនគេ ហើយប្រភេទកីឡាមួយចំនួនទៀតក៏ត្រូវបានរៀបចំឱ្យមានការប្រកួតក្នុងកម្មវិធីប្រចាំឆ្នាំ មួយនេះផងដែរ។
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំបានបង្ហាញការចាប់អារម្មណ៍ខ្លាំងដែលប្រភេទកីឡាបាល់ទាត់លើតុ ត្រូវបានរៀបចំឱ្យមានការប្រកួតមុនគេនៅលើទឹកដីខេត្តកំពង់ធំ ក្នុងពិធីបុណ្យទន្លេ ហើយព្រឹត្តិការណ៍ និងកម្មវិធីសំខាន់ៗជាច្រើនទៀត ក៏ត្រូវបានរៀបចំ និងដាក់តាំងបង្ហាញ ដែលញ៉ាំងឱ្យពិធីបុណ្យទន្លេលើកទី៧នេះ ទទួលបានការគាំទ្រ និងមានអ្នកចូលរួមច្រើន។
លោកចាន់ តារា បានថ្លែង នៅថ្ងៃទី៩ ខែមីនា ថា៖ «២០២៣នេះ ជាឆ្នាំពិសេសដែល NOCC បានរៀបចំឱ្យមានការប្រកួតបាល់ទាត់លើតុដែលជាប្រភេទកីឡាថ្មី ហើយឯកឧត្តម វ៉ាត់ ចំរើន បាននាំយកប្រភេទកីឡានេះ មកបង្ហាញនៅខេត្តកំពង់ធំរបស់យើងមុនគេ ដើម្បីឱ្យប្រជាពលរដ្ឋ និងមហាជនបានឃើញ និងបានស្គាល់ ហើយបាល់ទាត់លើតុ ក៏នឹងត្រូវដាក់ឱ្យប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ខាងមុខនេះផងដែរ»។
សម្រាប់ពិធីបុណ្យទន្លេ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៨ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែមីនា មិនមែនមានតែការប្រកួតកីឡាបាល់ទាត់លើតុប៉ុណ្ណោះទេ ប៉ុន្តែប្រភេទកីឡាចំនួន ៥ ទៀត រួមមាន ការរត់ប្រណាំង ចម្ងាយ៣ និង ៥ គីឡូម៉ែត្រ ប៉េតង់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ និងប្រដាល់គុនខ្មែរ ក៏ត្រូវបានដាក់ឱ្យប្រកួត ក្នុងពិធីបុណ្យទន្លេនេះដែរ គ្រាន់តែបាល់ទាត់លើតុជាប្រភេទកីឡាថ្មី ដែលទើបមានវត្តមានក្នុងប្រទេសកម្ពុជាក្នុងពេលដែលកីឡាមួយនេះ ត្រូវដាក់ឱ្យប្រកួត តែមិនរាប់ជាមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «កម្មវិធីកីឡា ក្នុងពិធីបុណ្យទន្លេនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ដោយមានការប្រកួតរត់ប្រណាំងកម្សាន្ត និងការប្រកួតជម្រុះរហូត នៅលើប្រភេទកីឡាប៉េតង់ បាល់ទះលើឆ្នេរខ្សាច់ បាល់ទាត់លើតុ បាល់ទាត់ឆ្នេរខ្សាច់ និងការប្រកួតប្រដាល់គុនខ្មែរ ដែលធ្វើនៅថ្ងៃទី១០ ខែមីនា ហើយ NOCC ដោយមានការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន គឺធ្វើយ៉ាងណាឱ្យមានសកម្មភាពកីឡា តាំងពីព្រឹកដល់ល្ងាច ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៧ ក្នុងខេត្តកំពង់ធំរបស់យើង»។
ក្រៅពីការប្រកួតកីឡា ពិធីបុណ្យទន្លេលើកទី៧ នេះ ក៏មានការដាក់តាំងពិព័រណ៍កិស-ទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ និងបរទេស, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ, សិក្ខាសាលាស្តីពីការពង្រឹងគុណភាពអាជីវកម្ម សេវាកម្មទេសចរណ៍, ការសម្តែងសិល្បវប្បធម៌ និងប្រគំតន្ត្រី, ការសម្តែងសិល្បៈ និងឆាកកំប្លែងផងដែរ ដែលកម្មវិធីទាំងនេះ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកចូលរួមច្រើន ដែលលោកបានអះអាងថា មិនក្រោមកន្លះលាននាក់នោះទេ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «បុណ្យទន្លេលើកនេះ មានអ្នកចូលរួមច្រើន គឺមិនតិចជាងកន្លះលាននាក់នោះទេ ព្រោះយើងមានកម្មវិធីច្រើន ដែលធ្វើឱ្យកម្មវិធីទាំងអស់ហ្នឹង កាន់តែអធិកអធម និងមានការទាក់ទាញអ្នកចូលរួមថែមទៀត ហើយយើងកត់សម្គាល់ឃើញថា បុណ្យទន្លេនៅក្នុងខេត្តកំពង់ធំនេះ បានក្លាយជាបុរេព្រឹត្តិការណ៍មួយ ដែលស្តារឡើងវិញសេដ្ឋកិច្ចសង្គម និងសកម្មភាពសង្គមទាំងអស់ អ៊ីចឹងនេះជាគោលដៅរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារគ្រប់វិស័យទាំងអស់ឱ្យមានការរីកចម្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩»៕