
កិច្ចប្រជុំ នៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ មីនា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ មីនា បានបើកកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យបញ្ជីឈ្មោះ កីឡាករ កីឡាការិនី ទទួលជយលាភីមេដាយមាស ត្រូវបញ្ចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ» ខណៈក្នុងឆ្នាំ ២០២២ កន្លងមក ក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ប្រកួតដណ្តើមបានមេដាយសរុបចំនួន ២១១ គ្រឿង ដែលឈរនៅចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេស។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
បើតាមការគូសបញ្ជាក់ពីគណៈអធិបតី កិច្ចការងាររៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការិនី ត្រៀមបញ្ចូលក្នុងក្រខ័ណ្ឌនគរបាលជាតិ សម្រេចទៅបានស្ទើរតែ ១០០ ភាគរយហើយ ពោលគឺនៅតែបញ្ជូនឯកសារដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតែប៉ុណ្ណោះ។
លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យយ៉ាងធំធេង បន្ទាប់ពីដណ្តើមបានមេដាយយ៉ាងច្រើនក្រាស់ក្រែល ពីការប្រកួត ក្នុងនោះមេដាយសរុបចំនួន ២១១ គ្រឿង រួមមាន៖ មេដាយមាស ១០៣ គ្រឿង មេដាយប្រាក់ ៥៨ គ្រឿង និងមេដាយសំរឹទ្ធ ៥០ គ្រឿង ដែលជួយឱ្យក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំនេះលោកអនុរដ្ឋលេខាធិការ បានជំរុញឱ្យកីឡាករ កីឡាការិនីដែលនឹងទទួលបានក្របខ័ណ្ឌ ត្រូវតាំងចិត្តឱ្យបានមុតមាំក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរជូនអង្គភាព និងជាតិមាតុភូមិដោយលោកបានសង្កត់ធ្ងន់ថា «ក្របខ័ណ្ឌដែលសម្តេចក្រឡាហោម ស ខេង ផ្តល់ជូននៅពេលនេះ គឺជាការផ្តល់ប្រាក់រង្វាន់ដ៏ធំធេង ពោលគឺពេញ ១ ជីវិត និងមានតម្លៃមហាសាល ជូនដល់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព»។
លើសពីនេះ លោក សរ សិទ្ធិ បានជំរុញឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីឈានទៅប្រជែងយកមេដាយ ពីការប្រកួតទាំងក្នុងក្របខ័ណ្ឌជាតិ និងឆាកអន្តរជាតិ ជាពិសេសការត្រៀមខ្លួនចូលរួមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលដ៏ខ្លីខាងមុខនេះ៕