
លោក សៅ សុខា នៅក្នុងមហាសន្និបាតលើកទី១៧ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីថ្ងៃទី ១១ ខែមីនា ។ រូបថត FFC
ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថា សហព័ន្ធបានត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ខាងមុខនេះ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ព្រោះយើងមានគោលដៅប្រជែងឱ្យបានមេដាយ ក្នុងកម្រិតណាមួយ ជូនប្រទេសជាតិ សម្រាប់ការប្រកួតជាប្រវត្តិសាស្រ្ត ជាលើកដំបូងនៅពេលខាងមុខ។
នៅក្នុងមហាសន្និបាតលើកទី១៧ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅសណ្ឋាគារហ្គាឌិនស៊ីធី កាលពីថ្ងៃទី១១ ខែមីនា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFC)ផងនោះ លោក សៅ សុខា បានឱ្យដឹងថា FFC បានត្រៀមស៊ីហ្គេមនេះ តាំងពីឆ្នាំ ២០១០ តាមរយៈការកសាង និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តរៀបចំការប្រកួតអន្ដរជាតិនានា ក្រោមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីកម្ពុជា»។
ទន្ទឹមនឹងនេះ ដោយសារមើលឃើញពីអំណោយផល ក្នុងនាមជាប្រទេស ទើបទទួលបានសន្ដិភាពពេញលេញ នៅឆ្នាំ១៩៩៨ ក៏ដូចជាក្នុងនាមប្រទេសទើបមានការអភិវឌ្ឍ និងរីកចម្រើនផ្នែកកីឡាបាល់ទាត់ សហព័ន្ធ បានសម្រេចស្នើសុំគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម កំណត់យកអាយុក្រោម២២ឆ្នាំ សម្រាប់បាល់ទាត់ផ្នែកបុរស នៃកីឡាស៊ីហ្គេមនេះ ហើយបច្ចុប្បន្ន ក្រុមU22ជម្រើសជាតិកម្ពុជាបាននិងកំពុងបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ សម្រាប់ត្រៀមការប្រកួតនេះ។
យ៉ាងណាក៏ដោយ លោក សៅ សុខា បានថ្លែងថា ក្នុងពេលកម្ពុជាខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍ គឺបណ្ដាប្រទេសផ្សេងៗ ក៏គេមានការអភិវឌ្ឍដែរ។ «គេមានធនធានច្រើនជាងកម្ពុជា គេមានសន្ដិភាពមុនកម្ពុជា ហើយនេះជាការប្រកួតប្រជែងមួយ ដែលគេក៏រត់ យើងក៏រត់ ប៉ុន្តែគេរត់មុនយើងទៀត។ ការដែលខ្ញុំនិយាយបែបនេះ មិនមែនខ្លាច ចំពោះការប្រកួតទេ ព្រោះកីឡាអត់មាននិយាយរឿងខ្លាចទេ ទាល់តែចប់ ៩០នាទី ទើបដឹងអ្នកឈ្នះ អ្នកចាញ់»។
តែទោះបីជាយ៉ាងណា លោក សៅ សុខា បានបញ្ជាក់ថា គ្រប់គ្នាបានប្តេជ្ញាចិត្តខ្លាំង ក្នុងការសម្រេចគោលដៅ នៅស៊ីហ្គេមនេះ។ «ទាំងគ្រូបង្វឹក មន្ដ្រី និងកីឡាករ ជាពិសេសការប្ដេជ្ញាចិត្តរបស់សហព័ន្ធ តាមការប្រគល់ភារកិច្ចរបស់ NOCC គឺធ្វើយ៉ាងម៉េចឱ្យបាល់ទាត់នេះ ឆ្លងផុតវគ្គជម្រុះក្នុងពូល ដើម្បីឡើងមកលេងវគ្គ៤ក្រុម ហើយសហព័ន្ធ បានដាក់ចេញនូវគោលដៅ មិនមែនត្រឹមតែចាញ់តិចទេ គឺចង់ឈ្នះដណ្ដើមយកពានរង្វាន់(មេដាយ)តែម្ដង ប៉ុន្តែធ្វើបាន ឬមិនបាន គឺអាស្រ័យទៅលើការប្រកួតជាក់ស្ដែង»។
«ដូច្នេះនៅពេលនេះ ការប្រកួតអត់ទាន់ចាប់ផ្ដើម យើងអត់ទាន់អាចនិយាយបានថា យើងខ្លាំងប៉ុនណាទេ។ យើងបានត្រៀមរៀបចំគ្រប់បែបយ៉ាងទាំងអស់ គ្មានខ្វះអ្វីទេ សម្រាប់កីឡាបាល់ទាត់ តែអ្វីដែលខ្វះនោះ គឺរង់ចាំតែចប់ការប្រកួត ៩០នាទី តើលទ្ធផលយើងឈ្នះ ឬក៏យើងចាញ់តែប៉ុណ្ណោះ ចំណែកការត្រៀមរៀបចំផ្សេងៗទៀត គឺសហព័ន្ធ អត់មានអ្វីខ្វះទៀតទេ»។ លោក សៅ សុខា បានបញ្ជាក់បន្ថែម។
សម្រាប់វិញ្ញាសាបាល់ទាត់នេះ នឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសាតទៅ ពោលគឺមុនពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក សៅ សុខា ក៏បានបង្ហាញមុខព្រួញ ១១ចំណុច ដើម្បីជំរុញការអភិវឌ្ឍបាល់ទាត់ នៅមុន និងក្រោយស៊ីហ្គេម ឆ្នាំ២០២៣នេះ ផងដែរ។
ប្រធាន FFC រូបនេះ បានលម្អិតថា៖ «គោលដៅសម្រាប់កម្មវិធី និងសកម្មភាពការងារក្នុងឆ្នាំ២០២២ និងចាប់ពីឆ្នាំ២០២៣ តទៅ គឺការពង្រីក និងពង្រឹងមុខព្រួញទាំង ១១ គឺទី១ រដ្ឋបាល និងការគ្រប់គ្រង ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទី៣ ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ទី៤ ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី-ខេត្ត ទី៥ ការអភិវឌ្ឍក្លិប ទី៦ ការអភិវឌ្ឍក្រុមជម្រើសជាតិ ទី៧ ការអភិវឌ្ឍថ្នាលទី៨ ការអភិវឌ្ឍធនធានគ្រូបង្វឹក ទី៩ ការអភិវឌ្ឍអាជ្ញាកណ្ដាល ទី១០ ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និង១១ ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា៖ «ក្នុងហេតុផល និងគោលដៅដ៏ចម្បងនេះ ជាមួយនឹងការវិនិយោគទាំងធនធាន និងប្រាជ្ញាស្មារតីពីគ្រប់មជ្ឈដ្ឋាន ពិសេសរាជរដ្ឋាភិបាល ដែលបានសម្រេចចិត្តទទួលរៀបចំកីឡាស៊ីហ្គេម លើកទី៣២ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏មិនខុសពីកីឡាផ្សេងៗដែរ ត្រូវតែប្ដេជ្ញាខិតខំប្រឹងប្រែងប្រកួតប្រជែងយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងរៀបចំគម្រោងការបន្ដអភិវឌ្ឍបាល់ទាត់ពីឆ្នាំ២០២៣ ជាអាទិភាពលើហេដ្ឋារចនាសម្ព័ន្ធ ធនធានបច្ចេកទេស និងរដ្ឋបាលគ្រប់គ្រងរបស់ក្លិប/សមាគមកីឡាបាល់ទាត់រាជធានី-ខេត្តទាំង ២៥»៕