ភ្នំពេញ: ក្រុម​កីឡាការិនីក្លិប ​​Cairde Khmer GAA ឬមានន័យថា (មិត្ដភក្ដិខ្មែរ)​ របស់​កម្ពុជា​ត្រូវបាន​អញ្ជើញ​ឱ្យ​តំណាងឱ្យ​ទ្វីបអាស៊ី​​ទាំង​មូល​​ ទៅប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ World Gaelic Games 2023 នៅ​ប្រទេស​អៀរ​ឡង់​។​

​ព្រឹត្តិការណ៍​កីឡា​ប្រពៃណី​អៀរ​ឡង់ដែលជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ St. Patrick''s Day នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Owenbeg Co Derry ចាប់ពី​ថ្ងៃទី ២៤​ ដល់​ថ្ងៃទី​ ២៨ ខែកក្កដា​។​

​ក្រុមកីឡាការិនី និង​កីឡាករ​ ក្លិប​មិត្ដភក្ដិខ្មែរត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​​ ក្នុ​ងការ​ធ្វើ​ដំណើរ​ទៅកាន់​អៀរឡង់​ដែល​ការ​​​រៃអង្គាសប្រាក់​មួយ នឹង​ត្រូវ​​ធ្វើ​ឡើង​ក្នុង​ឱកាស​អបអរ​ទិវា St. Patrick''s Day ​​នៅ​ថ្ងៃ​សៅរ៍ ទី ១៨ ខែមីនា វេលា​ម៉ោង ៣​ រសៀល​នៅ​ Craft ថ្ងៃ​លេខ 82EO ផ្លូវ ២៤៤ ក្នុង​រាជធានី​ភ្នំពេញ។​​

លោក រ៉ូណាន់ សៀហាន​​ ស្ថាបនិក​​ក្លិបមិត្ដភក្ដិខ្មែរបាន​និយាយ​ថា​៖​​ «​ក្រុមកីឡាការិនី​​ខ្មែរ Cairde នឹង​តំណាង​ឱ្យ​ទ្វីបអាស៊ី​ក្នុងការ​ប្រកួត​ជាមួយក្រុម​ដទៃ​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ​​​ក្រុម​បុរស​របស់​យើង​ក៏​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​ដែរ។​ក្រុម​របស់​យើង​ជាក្រុម​តំណាង​ឱ្យ​​​តំបន់​អាស៊ី​​។ បណ្ដា​ប្រទេស​ផ្សេងៗ​ក៏​មាន​ក្រុមកីឡាករ-កីឡាការិនី​ដែរ​ប៉ុន្តែ​ពួកគេ​ស្ថិតក្នុង​ប្រភេទ​ផ្សេង​គ្នា​និង​មាន​សញ្ជាតិ​ផ្សេងគ្នា​»​។​

​កីឡា​អៀរ​ឡង់​បុរាណ​មួយ Gaelic Football រួមបញ្ចូល​ជំនាញ​បាល់ទាត់បាល់ឱបនិង​សកម្មភាព​ចម្រុះ​មួយ​ចំនួន​ ដែល​ទាមទារ​ភាព​ឈ្លាស​វៃ​ រហ័ស​រហួន​ទាំង​ដៃ​ ជើងនិងការ​បំផ្លាស់​ទី​។ ​

​កីឡាការិនី​ ​១០ ​នាក់ ​ក្នុងចំណោម​​ ​១៣ ​នាក់ ​ក្នុង​ក្រុម​មិត្ដភក្ដិ​ខ្មែរ ​​នៅ​​ឆ្នាំ​ ២០២២ គឺ​ជា​ជនជាតិខ្មែរ​។ក្រុម​នោះបាន​បង្ហាញ​ពី​វីរភាព​នៅឯ Asian Gaelic Games (​ព្រឹត្តិការណ៍​ដំបូង​ក្នុង​តំបន់​សម្រាប់​កីឡា​អៀរ​ឡង់​)។

ស្ថាបនិកក្រុម​កីឡា​​មិត្ដភក្ដិ​ខ្មែរ ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៧​ នៅ​កម្ពុជា​​ ជាមួយ​វត្ដមាន​​​ក្រុម​កីឡាការិនី​​ដំបូង​ផង​​នោះបាន​និយាយថា​ការ​ប្រកួត​​របស់​ពួកគេ​នៅ​ទីក្រុងគួឡាឡាំពួរ​​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ជាច្រើន​នៅក្នុង​ពិភព​បាល់ទាត់ Gaelic Football ដែល​នាំ​ឱ្យ​ពួកគេ​ត្រូវបាន​អញ្ជើញ​ទៅ​កាន់​ការ​ប្រកួត​ថ្នាក់​ពិភពលោក​​។​

លោក​សៀហាន​បាន​និយាយថា​៖ «​ទោះជា​យ៉ាង​ណាក៏ដោយ​ការនាំ​ក្រុម​ទៅកាន់​ប្រទេស​អៀរ​ឡង់នឹងមិន​ងាយស្រួល​ទេ​។ សម្រាប់កីឡាករ​កម្ពុជា​​ក្នុងការ​ប្រកួត​ក្នុង​តំបន់​ជុំវិញ​ទ្វីបអាស៊ីសូម្បីតែ​ការ​​ហ្វឹកហាត់និង​លេង​នៅ​​ក្នុង​ប្រទេស​ក្លិប​ត្រូវ​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​​។​​ ថវិកា​​ដែល​អាច​នាំ​សមាជិក​ទាំង​អស់​ទៅ​កាន់​​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​គឺមាន​ទំហំ​ច្រើន​​សន្ធឹកសន្ធាប់​។ ​កីឡាករ​​យើង​ភាគច្រើន​មកពី​គ្រួសារ​​លំបាកឬ​ក្រីក្រហើយ​មិនអាច​មាន​លទ្ធភាព​ចំណាយ​លើ​​ខ្លួនឯង​បានឡើយ​»​។​

​នោះ​ហើយ​ជា​មូល​ហេតុដែលក្លិប​មិត្ដភក្ដិ​ខ្មែរ​​កំពុង​ស្វែងរក​យ៉ាងសកម្ម​សម្រាប់​មនុស្សឬ​អង្គការ​មួយចំនួនដើម្បី​ដើរតួ​ជា​អ្នក​ឧបត្ថម្ភ​សម្រាប់​ការធ្វើ​ដំណើរ​នេះ​។​

​ប្រធាន​ក្លិបបាន​ឱ្យ​ដឹង​ថាលោក​អាច​និយាយ​បាន​ថា​ វា​ជាការ​ធ្វើ​​ដំណើរដ៏​កម្សត់​បំផុត​ក្នុង​ឆាក​ជីវិត​របស់កីឡាករ-កីឡាការិនី​នៃ​ក្លិប​មិត្ដភក្ដិ​ខ្មែរ​​​​។​

លោក​សៀហាន​បាន​ប៉ាន់​ប្រមាណ​ថា​ការ​ចំណាយ​​​ទាំងអស់​សម្រាប់កីឡាករ-កីឡាការិនី​២៦នាក់ (​បុរស១៣​នាក់​​និង​ស្ត្រី១៣នាក់​)និង​គ្រូបង្វឹក៤នាក់​នឹងអាច​ត្រូវការ​ទឹក​ប្រាក់​ចន្លោះ​ពី៦៥០០០ទៅ៧ម៉ឺន​ដុល្លារ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«​វាជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​អៀរឡង់​ហើយ​យើង​សង្ឃឹម​ថា​នឹងបាន​ចែក​រំលែក​វប្បធម៌និង​កីឡា​របស់​យើង។ ​វា​​ជា​ការ​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​​របស់​​ក្លិប​ហើយ​​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អៀរ​ឡង់​អាច​ធ្វើ​ទៅបាន​តាម​រយៈ​ការ​​រៃ​អង្គាស​ប្រាក់នេះ​»​។

កញ្ញាពៅសុភ័ណជា​សមាជិក​ម្នាក់​នៃ​ក្រុម​កីឡាការិនី​ក្លិប​មិត្ដភក្ដិ​ខ្មែរមាន​ក្ដី​រំភើប​រីករាយ​ដែល​បាន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​ព្រឹត្ដិការណ៍​កីឡា​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​អៀរឡង់​ ហើយ​កញ្ញា​ក៏​មាន​អារម្មណ៍​ភ័យ​បារម្ភ​តិច​តួច​ចំពោះ​សមត្ថភាព​នៃការ​ប្រកួត​របស់​កីឡា​អឺរ៉ុប​។

អតីត​កីឡាការិនី​បាល់ឱប​ Rugby ប្ដូរ​ទៅ​លេង​កីឡា Gaelic Football សុភ័ណបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​កីឡា​ប្រភេទ​នេះការ​លេង​រាង​ពិបាក​បន្ដិច​ដែរដោយសារ​យើង​ត្រូវ​ចេះ​ reflex ឱ្យ​បាន​រហ័ស​ បើ​មិន​ដូច្នោះ​ទេយើង​អាច​នឹង​ខុស​ លក្ខន្តិកៈ។ពេល​ខ្លះយើង​ពិបាក​គេច​ ពីព្រោះ​ពេល​យើង​រត់​ ៣-៤ជំហាន​ យើង​ត្រូវ​ សូឡូឬដក់​បាល់​នឹង​ជើង​សិនហើយ​យើង​អាច​បោក​បាល់​បាន​តែ​ម្ដងប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​រត់​បណ្ដើរបាល់​»។

កីឡាការិនី​រៀម​ច្បង​ក្នុង​ក្រុម​រូប​នេះបាន​បន្ដ​ថាថ្វីដ្បិតតែ​ការ​រត់​បណ្ដើរ​បាល់​ត្រូវ​កាន់​នឹង​ដៃ​យ៉ាង​ណាក៏ដោយក៏​ការ​សម្រេច​ទី​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ទាត់​។ចំពោះ​ការ​ទាត់​យក​ពិន្ទុ​នេះមាន​ ២​ប្រភេទគឺ​ការ​ទាត់​ផ្លោង​ទៅ​ចន្លោះ​បង្គោល​ទីខ្ពស់ជាមួយ​ពិន្ទុ​ ១គ្រាប់និង​ការ​បាត់​បញ្ចូល​សំណាញ់​ទីដូច​បាល់​ទាត់​ ទទួល​បាន៣ពិន្ទុ​។

អតីត​កុមារ​នៅ​អង្គការ PSE រូប​នេះបាន​និយាយ​ថា​៖ «ខ្ញុំ​សូម​ស្នើ​សុំ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​បរិច្ចាគ​ថវិកា​បន្ដិច​បន្ដួច​សម្រាប់​ឱកាស​ឱ្យ​ក្រុម​កីឡា Gaelic Khmer បាន​ធ្វើដំណើរ​ទៅ​ប្រកួត​នៅអៀរឡង់និង​ស្នើ​សុំ​ជួយ​លើក​ទឹក​ចិត្ដ​កីឡា​ករ​ទាំង​អស់​ ទោះបីជា​ឈ្នះឬមិន​ឈ្នះ​យ៉ាងណាក៏ដោយដោយសារ​យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​»។

ដូច​ដែល​បាន​គ្រោង​ទុកឯក​អគ្គរដ្ឋ​ទូត​ចក្រ​ភព​អង់​គ្លេសនឹងជួបក្លិប​នេះ​នៅថ្ងៃសុក្រលោក​សៀហាន​បាន​និយាយ​ថា​លោក​ចង់​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមនិង​ជជែក​​​អំពីលទ្ធភាព​នៃ​ការ​ផ្ដល់​ជំនួយ​​​និង​​សម្រួល​ដល់​​ការ​ធ្វើ​ដំណើរ។

​កម្ម​វិធី​រៃ​អង្គាស​ប្រាក់​នឹងមាន​ការ​សម្តែង​តន្ត្រីដោយ The Goldilocks Zone, Soselo Summer, Skin & String, Greg Beshers​ជាដើម​។កម្មវិធី​នេះ​​ទាមទារ​ឱ្យ​អ្នក​ចូល​រួម​ស្លៀក​ពាក់​ពណ៌​បៃតង​។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូល​ទៅ​កាន់​តំណភ្ជាប់​ហ្វេស​ប៊ុកwww.facebook.com/events/688067693054962/៕