ភ្នំពេញៈ កីឡា​ករ សាមី បាន​ចា​មេក ​របស់​ថៃ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ដែល​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ឱ្យ​រូបគេ​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​របស់​កម្ពុជា ​ធឿន ​ធារ៉ា នោះ​ទេ តែ​ប្រតិ​កម្មនេះ មិន​ទទួលបា​ន​លទ្ធ​ផល​ឡើយ​ ហើយ​ការ​ប្រើ​ឥរិយា​បថ​ឆ្គាំ​ឆ្គង​នៅលើ​សង្វៀន ​របស់​សិស្ស​គណ​លោក​ ប៊ូ​ ខាវ​ ម្នាក់​នេះ ក៏​ទទួល​បាន​ការ​រិះ​គន់​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា ផង​ដែរ​។​

សម្រាប់​ការ​ប្រកួត ​ដែល​រៀបចំ​ដោយ​សង្វៀន ​TVK Fighter នៃ​ស្ថា​នីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) នៅ​លើ​ទឹកដី​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កាលពី​យប់​ថ្ងៃទី​១៨​ ខែមីនា​នោះ ​ធឿន ធារ៉ា និង សាមី​ បាន​ចា​មេក ដែល​ធ្លាប់​ប្រកួត​ស្មើ​ពិន្ទុ​គ្នា ​សម្រាប់​ការជួប​គ្នា​លើក​ទី​១​នោះ ​បាន​ព្យា​យាម​វាយបក​សង​គ្នា ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​គឺ​អ្នក​ទាំង​២មិនសូវ​ហ៊ាន​ចូល​វាយ​ប្តូរ​គ្នា​នោះ​ទេ ​ហេតុ​នេះ​ឱកាស​នៃ​ការប្រើ​ជង្គង់​សឹង​តែ​គ្មាន​សោះ សម្រាប់​ការ​ប្រកួត​៤​ទឹក​ដំបូង​។​

តាម​រយៈ​ការ​ប្រកួត​៥​ទឹក​ពេញ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ធឿន ធារ៉ា ជា​អ្នក​បើក​ការវាយ​លុក​មុន​រហូត​ ខណៈ​កីឡា​ករ សាមី ​បាន​ចា​មេក​ បាន​ត្រឹម​ឈរ​ទប់ និង​វាយ​បក​សង​ទៅ​វិញ​ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​អ្នក​ទាំង​២ មិន​សូវ​ជាមាន​ភាព​ស្វិត​ស្វាញ​ខ្លាំង​ប៉ុន្មាន​ទេ ហើយ​នៅ​ទឹក​ទី​៥​ចុង​ក្រោយ​ កីឡាករ​ថៃ កាន់តែ​លែង​សូវ​វាយ ​ដោយ​រូបគេបាន​ត្រឹម​ដក​ថយ និង​បង្ហាញ​កាយ​វិការ​បែប​ឌឺដង​ដាក់​ ធឿន ធារ៉ា ដែល​​ធ្វើឱ្យ​ ធារ៉ា អាច​តាម​វាយ​ទៅ​លើ​រូប​គេ និង​មាន​ពិន្ទុ​ឈ្នះ​នៅ​ទឹក​ទី​៥​នេះ​។​

យ៉ាង​ណាក៏​ដោយ ​មុន​ការប្រ​កាស​លទ្ធ​ផល សាមី បាន​ចា​មេក បាន​បង្ហាញ​ការជឿ​ជាក់​ខ្លាំង​ ថា​រូបគេនឹង​ទទួល​បាន​ជ័យ​ជម្នះ ក្នុង​ការ​ប្រកួត​នេះ ​ប៉ុន្តែ​នៅ​ពេល​គណៈ​កម្មការ​ប្រកាស​លទ្ធ​ផល​ផ្តល់​ជ័យ​ជម្នះ​ឱ្យ ​ធឿន ធារ៉ា នោះ កីឡាករ​ថៃ សាមី បាន​ចា​មេក ​បាន​បង្ហាញ​ឥរិយា​ថ​ឆ្គាំឆ្គ​ង ដោយ​បាន​ក​ន្ទ្រាក់​ដៃ​ស្តាំ​របស់​គេ ​ចេញពី​ដៃ​របស់​អាជ្ញា​កណ្តាល​ភ្លាមៗ​ព្រម​ទាំង​បាន​យក​ដៃ​ទី​២​របស់​គេ​បង្ហាញ​ជា​សញ្ញា​ខ្វែង ​ដែល​បញ្ជាក់​ថា កីឡាករ​ថៃ​រូបនេះ មិ​ន​ទទួល​យក​ការ​សម្រេច​នេះ​ឡើយ​។​

បន្ថែម​ទៅលើ​ការ​បង្ហាញ​ឥរិយាថ​ឆ្គាំ​ឆ្គង​នេះ ​សាមី ​បាន​ចា​មេក ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ «​ការ​ប្រកួត​លើក​ទី​២​នេះ វ៉ៃ​អស់​ពី​ចិត្ត និង​ពេញ​ទំហឹង​ដូច​គ្នា ហើយ​ត្រូវ​ធ្ងន់ៗ​ដូចគ្នា​ ប៉ុន្តែ​ការ​កាត់​សេចក្តី​លើក​នេះ ខ្ញុំ​មិន​ទទួល​ស្គាល់​ថា ខ្ញុំ​ចាញ់​នោះទេ​ ហើយ​ខ្ញុំ​មិន​យល់ ​ថា​តើ​ចៅក្រម​ ដែល​បាន​ផ្តល់​ពិន្ទុ​ឱ្យ​ខ្ញុំ​ចាញ់​នេះ ​គាត់​មាន​បញ្ហា​អ្វី​ជា​មួយ​ខ្ញុំ​មែន​? តែ​ទោះ​យ៉ាង​ណា ខ្ញុំ​ក៏​សូម​ផ្តល់​កម្លាំង​ចិត្ត​ ចំពោះ ​ធឿន​ ធារ៉ា​ ដែល​បាន​ប្រកួត​ឈ្នះ​ជាប់ៗ​គ្នា ព្រោះ​នេះ​ជា​ទឹកដី​របស់គា​ត់​»​។​

ឆ្លើយ​តប​ទៅ​នឹង​ប្រតិ​កម្ម​របស់​កីឡាករ​ថៃ សាមី ​បាន​ចា​មេក ​នេះ ​លោក ម៉ុ​ល នី ប្រធាន​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​ប្រដាល់ ​TVK Fighter បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ទាំង​ស្ថា​នីយ​និង​គណៈ​កម្មការ​បច្ចេក​ទេស​របស់​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​យកចិ​ត្តទុក​ដាក់​ខ្លាំង​សម្រាប់​គូ​នេះ ហើយ​ការ​សម្រេច​ឱ្យ ​ធឿន ធារ៉ា ឈ្នះ ពិត​ជា​រឿង​ត្រឹម​ត្រូវ​។​

លោក ​ម៉ុល​ នី បាន​និយាយ​ថា​៖ «​គូ​នេះ​មានកា​រ​ចាប់​អារម្មណ៍​ច្រើន ​អ៊ីចឹង​ការដាក់​ពិន្ទុ ​មាន​ការ​ប្រយ័ត្នប្រ​យែង​មែន​ទែន​ គឺ​ទាំង​ស្ថានីយ​ និង​សហ​ព័ន្ធ ​មាន​ការ​ប្រិត​ប្រៀង​មែន​ទែន សម្រាប់​ការ​ដាក់​ពិន្ទុ​ នៅ​តាម​ទឹក​នីមួយៗ​។ ពេល​ប្រកួត​បាន​៤​ទឹក អ្នក​ទាំង​២​នេះ ស្មើ​ពិន្ទុ​គ្នា ដែល​សម្រេច​ទៅ​លើ​ការប្រ​កួត​ទឹក​ទី​៥​ចុ​ងក្រោ​យ​ ហើយ​ជា​លទ្ធ​ផល ធឿន ធារ៉ា វាយ​ចូល​បាន​ច្រើន​ជាង និង​ទទួល​បាន​ជ័យ​ជម្នះ ក្នុង​ទឹក​នេះ​តែម្ត​ង​»​។​

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា ម្តង​នេះ ​ធឿន ធារ៉ា ​មាន​ទឹកចិត្ត​មោះ​មុត​ក្នុងការ​ប្រកួត ​ហើយ​លទ្ធ​ផល​ឈ្នះ​នេះ វា​ស័ក្តិ​សម​ណាស់ ​គឺ​ខ្ញុំ​ឯក​ភាព​ចំពោះ​ការ​កាត់​សេចក្តី​របស់​ចៅក្រ​ម ​ចំណែក​ខាង​កីឡាករ​ សាមី បាន​ចា​មេក មិន​ព្រម​ទទួល​យក​លទ្ធ​ផល​នេះ ជា​រឿង​របស់​គាត់ ​ប៉ុន្តែ​ពេល​ខ្លះ ​គាត់​គួរ​ណាស់ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​ប្រកួត​របស់​ខ្លួន ក្នុង​នាម​ជា​កីឡាករ​​ម្នាក់​»​។​

​ប្រធាន​ផ្គូផ្គ​ង​ប្រចាំ​សង្វៀន​ប្រដាល់​ T​VK Fighter ​លោក ម៉ុ​ល នី បាន​ឱ្យដឹ​ង​ទៀតថា​ ការរៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រដាល់​នៅ​ប៉ោយប៉ែ​ត​​នេះ ទទួ​លបាន​ការ​គាំទ្រ​ខ្លាំង​បំផុត ​ដោយ​មាន​ការ​ចូល​រួម​ផ្ទាល់​ទាំង​ប្រជា​ជន​ថៃ និង​កម្ពុជា ព្រមទាំង​មាន​អ្នកទ​ស្ស​នា​តាម​ការ​ផ្សាយ​ផ្ទាល់​ជិត​៣០​ម៉ឺន​នាក់ (២៣៩.៦K) ហើយ​អ្វីដែល​ពិសេស ​អ្ន​កស្រុ​ក​ប៉ោយប៉ែ​ត ​មាន​ទឹក​ចិត្ត​ខ្លាំង​ក្នុងការ​ផ្តល់​ប្រាក់​ជូន​ដល់​កីឡាក​រ​ ជា​ពិសេស​ ធឿន ​ធារ៉ា​ ដោយ​លោក​អះអាង​ថា ធារ៉ា ​បាន​ទទួល​ការ​ឧប​ត្ថម្ភ​ពី​ខា​ងក្រៅ​ចូល​៦​ពាន់​ដុល្លារ​។​

​ជាមួយ​កា​រទទួ​លបាន​ការគាំ​ទ្រ​ខ្លាំង​នេះ ​លោក​ ម៉ុ​ល នី បាន​បង្ហើប​ថា ជំនួប​រវាង​ ធឿន ធារ៉ា និង ​សាមី​ បាន​ចា​មេក ​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​។ លោក​បញ្ជាក់​ថា​៖ «​រឿងនេះ​នៅ​មិន​ទាន់​ចប់​ទេ​ ព្រោះ​បើ​ភាគី​ទាំង​សង​ខាង យល់ព្រ​ម គឺ​កម្មវិ​ធី​របស់​យើង នឹង​រៀប​ចំ​ឱ្យ​ពួក​គាត់​ជួប​គ្នា​ម្តង​ទៀត​ ព្រោះ ​ធឿន​ ធារ៉ា ​ជា​អ្នក​គ្រង​ខ្សែក្រ​វាត់​ Krud ស្រាប់​ អ៊ីចឹង​ចង់​មិន​ចង់ បើ​កីឡាក​រ សាមី​ បាន​ចា​មេក ​មិន​អស់ចិ​ត្ត ក​ម្មវិធី​ នឹង​រៀបចំ​ឱ្យ​គាត់​មក​ប្រកួត​ដណ្តើម​ខ្សែ​ក្រវា​ត់​ពី ​ធារ៉ា ​ម្តង​ទៀត នៅ​ថ្ងៃ​ណាមួ​យ​»៕