
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដែលទើបត្រូវបានបង្កើតនៅក្នុងប្រទេសកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ត្រៀម «ស៊ីហ្គេម ឆ្នាំ២០២៣» ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។ រូបថត ឈន ណន
ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដែលទើបត្រូវបានបង្កើតឱ្យមានជារូបរាង នៅក្នុងប្រទេសកម្ពុជានោះ បានចាប់ផ្តើមអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ត្រៀម «ស៊ីហ្គេម ឆ្នាំ ២០២៣» ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។
វគ្គបណ្តុះបណ្តាលនេះបានធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី ២០ ខែមីនា និងត្រូវបញ្ចប់ នៅថ្ងៃទី២២ ខែមីនា ដោយមានសិក្ខាកាមចូលរួមចំនួន២០នាក់ ដែលអ្នកទាំងអស់នេះ ភាគច្រើនជាមន្ត្រីធ្លាប់បំពេញការងារជាអាជ្ញាកណ្តាល មកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាសីដក់កម្ពុជា ហើយបានមកចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដើម្បីត្រៀមចូលរួមកាត់សេចក្តី ក្នុងការប្រកួតកីឡាបាល់ទាត់លើតុ (Teqball) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ។
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានថ្លែង នៅក្នុងពិធីបើកវគ្គថា៖ «សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា គឺជាប្រភេទកីឡាថ្មី ទើបបានដាក់បញ្ចូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា លើកនេះ ហើយអ្នកទាំងអស់គ្នានៅទីនេះ ជាសមាជិកដ៏សំខាន់របស់សហព័ន្ធយើង។ យើងត្រូវរួបរួមគ្នា ខិតខំសិក្សា និងអភិវឌ្ឍសមត្ថភាព ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់លើតុរបស់យើង ឱ្យកាន់តែមានការរីកចម្រើន១កម្រិតទៀត»។
ជាមួយគ្នានេះ លោក Gao Feng បានថ្លែង ដោយបានជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រជាមួយគ្រូឧទ្ទេស ដែលជាមន្ត្រីជំនាញមកពីសហព័ន្ធកីឡាបាល់ទាត់លើតុអន្តរជាតិថា៖ «ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់អ្នកទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់ គឺខ្ញុំជឿជាក់លើរឿងនេះ ហើយខ្ញុំក៏មានការជឿជាក់ដែរថា ក្រុមជម្រើសជាតិបាល់ទាត់លើតុរបស់យើង នឹងអាចធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខាងមុខនេះ»។
លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានឱ្យដឹងថា គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ គឺលោក Marton Kereszturt ជាជនជាតិហុងគ្រី ដែលជាប្រទេសដើមកំណើតនៃប្រភេទកីឡា Teqball នេះតែម្តង។ នៅក្នុងពិធីបើកវគ្គ កាលពីព្រឹកថ្ងៃទី២០ ខែមីនានោះ លោក Marton Kereszturt បានសន្យាថា លោកនឹងព្យាយាម បង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជា ឱ្យមានការយល់ និងបានដឹងពីលក្ខខណ្ឌ បទបញ្ជាប្រកួត និងប្រវត្តិនៃប្រភេទកីឡា Teqball នេះ ឱ្យបានច្បាស់លាស់។
លោក អន ចន្ត្រាសំរិត បានប្រាប់ក្នុងអំឡុងពេលបើកវគ្គនោះថា៖ «ការបើកវគ្គបណ្តុះបណ្តាលនេះ គឺធ្វើយ៉ាងណា យើងត្រៀមខ្លួនឱ្យបានមុតមាំ សម្រាប់ការប្រកួតស៊ីហ្គេម ខាងមុខនេះ ហើយតាមរយៈការបានសិក្សា និងអនុវត្តផ្ទាល់ជាមួយគ្រូឧទ្ទេស មកពីប្រទេសដើមនៃកីឡា Teqball នេះ យើងរំពឹងថា សិក្ខាកាមរបស់យើង នឹងទទួលបានទាំងចំណេះ និងជំនាញដ៏ពិតប្រាកដមួយ សម្រាប់យកទៅអនុវត្ត នៅពេលយើងធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខាងមុខនេះ»។
គួរបញ្ជាក់ថា Teqball ជាប្រភេទកីឡាមួយ ក្នុងចំណោមប្រភេទកីឡាទាំង៣៧ ដែលត្រូវបានដាក់ឱ្យប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ ប៉ុន្តែការប្រកួតកីឡា Teqball មិនត្រូវបានដាក់បញ្ចូលជាមេដាយផ្លូវការ ក្នុងស៊ីហ្គេមនោះទេ ពោលគឺគ្រាន់តែជាការប្រកួតមិត្តភាពធម្មតារវាងប្រទេសចូលរួមចំនួន៧ រួមមានម្ចាស់ផ្ទះកម្ពុជា ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។
លោក អន ចន្ត្រាសំរិត បានបញ្ជាក់ថា៖ «កីឡា Teqball មានការប្រកួតប្រជែងដូចប្រភេទកីឡាផ្សេងៗដែរ គ្រាន់តែមេដាយ ដែលយើងដណ្តើមបាន មិនរាប់បញ្ចូលក្នុងស៊ីហ្គេម។ តែទោះបីជាយ៉ាងណា កីឡាករ កីឡាការិនីរបស់យើង មានទឹកចិត្តមុតមាំ និងឆន្ទៈពិតប្រាកដ ក្នុងការបង្ហាញសមត្ថភាព ក្នុងព្រឹត្តិការណ៍នេះ ឱ្យបានល្អ ព្រោះបន្ទាប់ពីបង្ហាញវត្តមាន ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះហើយ គឺកីឡា Teqball នឹងត្រូវដាក់ឱ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម ឆ្នាំ២០២៥ តែម្តង»៕