សៀមរាបៈព្រះរាជពិធី​ប្រោសព្រះ​រាជទាន «ព្រះ​អគ្គិជ័យ​កីឡា» របស់​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នៅប្រាសាទ​​អង្គរ​វត្ត នៅព្រឹក​​​ថ្ងៃ​ទី​អង្គារ​​ ទី ២១ មីនា​នេះ ត្រូវបាន​រៀបចំ​​ធ្វើ​ឡើង​យ៉ាង​ឱឡារិក ក្រោម​វត្តមាន​ថ្នាក់ដឹក​នាំកំពូលៗ​របស់​កម្ពុជា និង​ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​ប្រចាំ​នៅតំបន់​អាស៊ាន។

នៅ​ក្នុងព្រះ​រាជពិធី​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស ខេង លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC លោក​ស្រី​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​​រដ្ឋសភា ព្រឹទ្ធ​សភា និង​អធិការកិច្ច ម៉ែន សំអន ព្រម​ទាំងរដ្ឋ​មន្រ្តី​ លោក ជា សុផារ៉ា លោក ថោង ខុន ​លោក​ស្រី ភឿង សកុណា និង​លោក​ទៀ សីហា ជា​អភិបាល​ខេត្ត​សៀម​រាប សុទ្ធតែ​បានចូល​រួម​ដោយ​ផ្ទាល់​ក្នុងពិធី​នេះ។

ទន្ទឹម​នឹងនេះ​លោក Dato Seri Chaiyapak Siriwat ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​លោក​ឧត្តម​សេនីយ៍ Osoth Bhavilai ប្រធាន​សហព័ន្ធ​កីឡាជន​ពិការ​អាស៊ាន ​ហើយ​មន្រ្តីរាជ​ការ មន្រ្តី​កីឡា និងក្រុម​ប្រតិភូកីឡាជា​ច្រើន​ទៀត រួមទាំង​ភ្ញៀវជាតិ អន្តរ​រជាតិ និង​សិស្ស​រាប់រយនាក់​ទៀត ក៏បានចូល​រួម​ក្នុង​កម្មវិធី​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ដែរ។

នៅ​ក្នុង​ព្រះរាជពិធី​​នោះ ព្រះករុណា ​ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី ​ស្តេច​យាង​ថ្វាយ​គ្រឿង​សក្ការ​បូជា នៅព្រះទី​នាំងបុស្បុក​តម្កល់ព្រះ​អគ្គិជ័យ​កីឡា ចំពីមុខ​ប្រាសាទ​​អង្គរ​វត្ត ហើយ​ព្រះអង្គ បាន​ព្រះ​រាជទាន ព្រះអគ្គិ​ជ័យ​កីឡា ដល់​គប់​កីឡា ដែលកាន់​ដោយ​​​កីឡាការិនី​លោត​ចម្ងាយ វ៉ិត ចន្ថា និង​កីឡា​តេក្វាន់ដូ វ៉ា មិថុនា អម​ដោយ​អត្តពលិក​៧នាក់​ទៀត រួច​រត់​បន្ត​ជុំវិញ​វង់តូច​អង្គរ៕