
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ រូបថត FB
ភ្នំពេញៈ ប្រទេសថៃ និងឥណ្ឌូនេស៊ី បានចុះឈ្មោះបញ្ជូនប្រតិភូកីឡាច្រើនជាងប្រទេសឯទៀត ដើម្បីមកចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ ខណៈប្រទេសប្រ៊ុយណេ បានចុះឈ្មោះចំនួនប្រតិភូតិចជាងគេ។ នេះបើតាមរបាយការណ៍របស់លោក ថោង ខុន។
នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» នៅអង្គរវត្ត កាលពីព្រឹកថ្ងៃទី២១ ខែមីនា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអះអាងថា គ្រប់គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសទាំង១១ នៅតំបន់អាស៊ីអាគ្នេយ៍ សុទ្ធតែបានចុះឈ្មោះ និងបញ្ជូនប្រតិភូកីឡារបស់ខ្លួន មកប្រកួតស៊ីហ្គេម នៅកម្ពុជា ដែលមានចំនួនសរុប ១១ ៤៥៣ នាក់។ តាមតួលេខជាបឋមចំនួន១១ ៤៥៣នាក់នេះ ប្រទេសថៃ បានឈរនៅចំណាត់ថ្នាក់លេខ១ ដោយបានចុះឈ្មោះប្រតិភូកីឡាចំនួន ១ ៨៥៥នាក់។ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី ដែលមានប្រតិភូប្រតិភូកីឡា ១ ៧៣៦នាក់ រីឯប្រទេសម៉ាឡេស៊ី បានឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមានប្រតិភូកីឡា ១ ៤៤០ នាក់ ហើយកម្ពុជា ជាម្ចាស់ផ្ទះ មានប្រតិភូកីឡាចំនួន១ ៣១២នាក់។
ចំណែកសិង្ហបុរី បានឈរនៅចំណាត់លេខ៥ ក្នុងចំណោមប្រទេសទាំង១១នេះ ដោយពួកគេ បានចុះឈ្មោះប្រតិភូកីឡាចំនួន១ ២៧១នាក់ ច្រើនជាងប្រទេសវៀតណាម ដែលមានប្រតិភូ១ ២២៣នាក់ រីឯហ្វីលីពីន មានប្រតិភូកីឡា ១ ១២១នាក់ មីយ៉ាន់ម៉ា មាន៦៦៣នាក់ ឡាវ មាន៥៨៣នាក់ ទីម័រខាងកើត មាន១៦៧នាក់ និងប្រទេសប្រ៊ុយណេ បានចុះឈ្មោះប្រតិភូកីឡាតែត្រឹម៨២នាក់ទេ។
យ៉ាងណាក៏ដោយ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានបញ្ជាក់ថា៖ «តួលេខនេះ អាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។ ដូច្នេះការចូលរួមប្រកួតពីប្រតិភូកីឡាគ្រប់ប្រទេស គ្រប់ប្រភេទកីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និងជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣»។
លោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអះអាងថា តាមរយៈការប្រារព្ធព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនានេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានត្រៀមរៀបចំខ្លួនរួចរាល់អស់ហើយ សម្រាប់ការធ្វើម្ចាស់ផ្ទះនេះ។
លោកថ្លែងថា៖ «ការប្រារព្ធព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នេះ បានបង្ហាញថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ CAMSOC បានត្រៀមខ្លួនរួចរាល់ ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដទៃទៀត ការអភិវឌ្ឍបណ្តុះបណ្តាលធនធានកីឡា មន្ត្រីជំនាញបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម គ្រូបង្វឹក ការប្រកួតកីឡាគ្រប់ប្រភេទកីឡា និងការពង្រឹងសហព័ន្ធកីឡាជាតិ ដោយមានការគាំទ្រ និងសម្រេចរួមគ្នាពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសសហព័ន្ធកីឡាជនពិការអាស៊ាន លើប្រភេទកីឡា និងវិញ្ញាសាប្រកួតទាំងអស់»។
ជាមួយគ្នានេះ គណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាសេនាធិការជូន CAMSOC-CAMAPGOC បាននិងកំពុងដំណើរការអនុវត្តការងារយ៉ាងសកម្ម តាមឆន្ទៈ និងស្មារតីទទួលខុសត្រូវ ទៅតាមផែនទីបង្ហាញផ្លូវ និងផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ប្រកបដោយចក្ខុវិស័យមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព គណនេយ្យភាព ក្នុងស្មារតីខិតខំរួមគ្នាឱ្យអស់លទ្ធភាព ដើម្បីនាំមកនូវជោគជ័យ ជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិជាទីស្រឡាញ់នៃយើង និងដើម្បីមុខមាត់ កេរ្តិ៍ឈ្មោះ ដែលជាកម្លាំងថាមពល បង្ហាញពិភពលោកឱ្យស្គាល់យល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងថែមទៀត នាបច្ចុប្បន្ននេះ។
លោកទៀ បាញ់ បញ្ជាក់ថា៖«ព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់ លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោកឱ្យយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ឯករាជ្យពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យ ហេតុនេះទើបរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដ៏ធំបែបនេះ»៕