
ព្រះមហាក្សត្រនរោត្តម សីហមុនី ព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃម្សិលមិញ។ រូបថត SPM
សៀមរាបៈ ព្រះរាជពិធីព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» របស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា និងថ្នាក់ដឹកនាំផ្នែកកីឡាប្រចាំនៅតំបន់អាស៊ាន ជាច្រើនរូប ហើយពិធីនេះបានស្តែងឱ្យឃើញពីអត្ថន័យយ៉ាងធំធេង ចំពោះកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រ លើកដំបូងនេះ។
នៅក្នុងព្រះរាជពិធីនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅដល់បរិវេណប្រាសាទអង្គរតូច នៅវេលាព្រឹកម៉ោង ៨ ហើយត្រូវបានទទួលព្រះរាជដំណើរស្តេចយាង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ លោកស្រីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ម៉ែន សំអន ព្រមទាំងលោករដ្ឋមន្ត្រី ជា សុផារ៉ា លោក ថោង ខុន លោកស្រី ភឿង សកុណា និងលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប។
ជាមួយការចាប់ផ្តើមព្រះរាជពិធីនោះ ព្រះមហាក្សត្របានថ្វាយគ្រឿងសក្ការបូជា នៅព្រះទីនាំងបុស្បុកតម្កល់ «ព្រះអគ្គិជ័យកីឡា» ចំពីមុខប្រាសាទអង្គរវត្ត ហើយព្រះអង្គ បានព្រះរាជទានព្រះអគ្គិជ័យកីឡា (សម្តេចចៅហ្វាវាំង ថ្វាយដងឆ្នួន) ដល់គប់កីឡា ដែលកាន់ដោយកីឡាការិនីលោតចម្ងាយ វ៉ិត ចន្ថា និងកីឡាករតេក្វាន់ដូ វ៉ា មិថុនា អមដោយអត្តពលិក ៧ នាក់ទៀត។
បន្ទាប់ពីបានទទួលភ្លើងព្រះអគ្គិជ័យកីឡាហើយ ម្ចាស់មេដាយមាសស៊ីហ្គេម វ៉ិត ចន្ថា និងវ៉ា មិថុនា រួមទាំងអត្តពលិកមួយចំនួនទៀត បានរត់បណ្តាក់គ្នា កាន់ភ្លើងគប់នេះ នៅជុំវិញវង់តូចអង្គរ ដែលមានរយៈចម្ងាយ ៨,៣ គីឡូម៉ែត្រ មុនពេលគណៈកម្មាធិការជាតិ CAMSOC នាំយកភ្លើងគប់នេះ ទៅតម្កល់ទុក នៅវត្តរាជបូរណ៌ ហើយនៅថ្ងៃទី ២២ ខែមីនា ភ្លើងគប់នេះ នឹងត្រូវដង្ហែតាមយន្តហោះ ដើម្បីទៅរត់នៅតាមបណ្តាប្រទេសចំនួន ១០ ដោយចាប់ផ្តើមពីវៀតណាម មុនគេ រួចបន្តទៅហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយនៅប្រទេសឡាវ។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានឱ្យដឹងក្នុងពិធីនោះថា «ព្រះអគ្គិជ័យកីឡា» មានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធ «ភ្លើងកីឡាអូឡាំពិក» កាលពីជាង ២ ០០០ ឆ្នាំ មុនគ្រិស្តសករាជ។ រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិកបុរាណ បានយកភ្លើងពីកម្តៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន។

អត្តពលិករត់បណ្ដាក់គ្នាកាន់ភ្លើងគប់ជុំវិញអង្គរវត្ត។ រូបថត Hun Many page
លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងនោះ បញ្ជាក់ថា៖ «ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពល នៃជីវិតមនុស្សសត្វ និងជាសភាវធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមបាវចនា កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព»។
អនុប្រធានអចិន្រៃ្តយ៍ CAMSOC លោក ថោង ខុន បានបន្ថែមថា៖ «ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ ទៅកាន់ប្រទេសសមាជិកមុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ផ្តើម ចេញពីប្រវត្តិ និងខ្លឹមសារ ព្រះអគ្គិជ័យកីឡានេះ ទើបព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡា ទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games ASEAN Para Games ឆ្នាំ ២០២៣»។
ជាមួយគ្នានេះ លោក ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ថ្លែងថា ផែនការប្រារព្ធពិធីរត់ភ្លើងគប់នេះ បានរៀបចំឡើងមានភាពហ្មត់ចត់ ប្រទាក់ក្រឡាគ្នាយ៉ាងស្អិតល្មួត និងគ្រប់ជ្រុងជ្រោយ ដោយមានកិច្ចសហការល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់រវាង CAMSOC-CAMAPGOC, NOCC, ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ, អាជ្ញាធរ រាជធានីខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា ប្រចាំបណ្តាប្រទេសនៅអាស៊ាន និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិនៃបណ្ដាប្រទេសអាស៊ាន ដែលភ្លើងគប់កីឡាត្រូវដង្ហែឆ្លងកាត់។
លោកថ្លែងថា៖ «ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ប្រារព្ធឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហាឱឡារិកនេះ បានបង្កប់ដោយប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ដែលជាសិល្បៈ និងវប្បធម៌ដ៏ចំណាស់មួយ នៅក្នុងតំបន់ និងជាព្រះអគ្គិជ័យកីឡា ប្រកបដោយអច្ឆរិយភាព ដែលមិនត្រឹមតែឆ្លុះបញ្ចាំងអំពីអំណាចទេវតាថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះអគ្គិតំណាងឱ្យភាពរុងរឿងនៃកីឡានៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា កីឡារស់ក្នុងសន្តិភាព»៕