
ថ្ងៃដំបូងនៃការហ្វឹកហាត់របស់កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម ២២ ឆ្នាំ នៅសិង្ហបុរី នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។ រូបថត FFC
ភ្នំពេញៈ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម ២២ ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda បាននិងកំពុងបោះជំរំហ្វឹកហាត់លើទឹកដីសិង្ហបុរី បន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់ប្រទេសទំនើប ១ នេះ កាលពីថ្ងៃទី ២០ ខែមីនា ហើយពួកគេ ក៏នឹងត្រូវចូលរួមប្រកួតពានរង្វាន់ Merlion Cup 2023 ពីថ្ងៃទី ២៤-២៦ ខែមីនា នៅទីនោះផងដែរ។
យ៉ាងណាក៏ដោយ ក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៤ នាក់ ដែលបានចេញទៅហ្វឹកហាត់ ក្នុងដំណាក់កាលទី២ នៅសិង្ហបុរីនេះ គ្មានវត្តមានខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើម សារ ទី របស់ក្លិបវិសាខា និង អ៊ាន ពិសី របស់ក្រុមព្រះខ័នរាជស្វាយរៀងនោះទេ ដោយសារអ្នកទាំង ២ នេះ ត្រូវបានជម្រុះចេញ ជាមួយខ្សែការពារ វាំង ដាវីន របស់បឹងកេត អ៊ីម វ៉ាឃីម របស់ក្រុមសូលទីឡូអង្គរ រី លាភផេង របស់ស្វាយរៀង និងខ្សែបម្រើ ទេព ហ្វីលីប របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បន្ទាប់ពីបានបញ្ចប់ការបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ជាមួយក្រុមជម្រើសជាតិ កាលពីថ្ងៃទី១៥ ខែមីនា។
ខ្សែប្រយុទ្ធ សារ ទី ត្រូវបានជម្រុះចេញពីក្រុមជម្រើសជាតិកម្ពុជា ដោយសារគេមានរបួសជាប់ខ្លួន មិនអាចបន្តបេសកកម្មបោះជំរំហ្វឹកហាត់ ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯងនេះបាន។ សាមីខ្លួនបានឱ្យដឹងថា រូបគេមិនបានចូលហ្វឹកហាត់ជាមួយក្រុមតាំងពីការបោះជំរំនៅប្រទេសថៃ។ សារ ទី បានបង្ហោះសារបែបអស់សង្ឃឹមថា៖«មួយរយៈហើយ ដែលខ្ញុំមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុម។ ហេតុអ្វីសំណាងអាក្រក់ធ្លាក់មកកាន់ខ្ញុំបែបនេះ?»។
ជាមួយគ្នានេះ កីឡាករមិនសូវបានកម្ពស់ តែមានល្បឿនលឿន អ៊ាន ពិសី បាននិងកំពុងលួងលោមខ្លួនឯង សម្រាប់ការបាត់ឱកាសដ៏សំខាន់បំផុត ក្នុងអាជីពនេះ ព្រោះកាលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ ពិសី ធ្លាប់បានជួបការខកចិត្តបែបនេះម្តងហើយ ដោយកាលនោះ អ៊ាន ពិសី បានជាប់ក្នុងបញ្ជីឈ្មោះ២០នាក់ចុងក្រោយជាមួយ សារ ទី ដែរ។ ប៉ុន្តែនៅមុនការប្រកួតស៊ីហ្គេមចាប់ផ្តើម ពិសី បានមានរបួស ហើយត្រូវបញ្ជូនត្រឡប់មកផ្ទះទាំងសោកស្តាយ និងដាក់ជំនួសវិញ ដោយកីឡា ណារ៉ុង កក្កដា។
ជុំវិញការបាត់បង់ឱកាសបង្ហាញខ្លួន នៅស៊ីហ្គេម ជាលើកទី២នេះ អ៊ាន ពិសី បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនបែបនេះថា៖«ខ្ញុំមិនបោះបង់ក្តីស្រមៃខ្ញុំឡើយ ដរាបណាជើងខ្ញុំនៅជាន់លើវាលស្មៅមួយនេះ។ យើងព្យាយាម នឹងបានសម្រេច ប៉ុន្តែបើយើងព្យាយាមធ្វើវាហើយ យើងអត់ខំប្រឹងប្រែងវាទេ យើងនឹងមិនបានវាមកវិញឡើយ។ លើកទឹកចិត្តខ្លួនឯង ហើយញញឹមដើរទៅមុខបន្តទៀត បើមានឱកាសម្តងទៀត យើងត្រូវចាប់វាឱ្យបាន»។
ចំណែកកីឡាករទាំង២៤នាក់ ដែលកំពុងបន្តការបោះជំរំហ្វឹកហាត់ នៅសិង្ហបុរី ពេលនេះ រួមមាន អ្នកចាំទី កយ សាលីម, រ៉េត លីហេង, វីរៈ ដារ៉ា ខ្សែការពារ ឈុំ សុខហៃ, កើត ពេជ្រ, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា, នី សុខរី, សុផល ឌីម៉ង់, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, ជា សុខម៉េង, ផាត សុខា ខ្សែបម្រើ ស៊ិន សុវណ្ណមករា, ញាន សុស៊ីដាន, ជូ ស៊ីនទី, មិន រតនៈ, លីម អារុណរ៉េយមិន ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ, សៀង ចន្ធា, វឿន វ៉ា, គី រីណា, ហាវ សុខនេត្រ។
អ្នកទាំង២៤នាក់នេះ នឹងបន្តបោះជំរំហ្វឹកហាត់ នៅប្រទេសសិង្ហបុរី រហូតដល់ថ្ងៃទី២៧ ខែមីនានេះ ហើយក្នុងអំឡុងពេលនេះ ក្រុមU22កម្ពុជា នឹងចូលរួមការប្រកួតពានរង្វាន់ Merlion Cup ផងដែរ ដោយពាននេះ មានក្រុមចូលរួមចំនួន៤ គឺក្រុមU22ម្ចាស់ផ្ទះសិង្ហបុរី, U22 ហុងកុង, U22 ម៉ាឡេស៊ី និងក្រុមU22កម្ពុជា។
សម្រាប់ការប្រកួតពាន Merlion Cup នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជម្រុះជាមួយក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន JalanBesar នាថ្ងៃទី២៤ ខែមីនា ចំណែកក្រុមម្ចាស់ផ្ទះសិង្ហបុរី ត្រូវប៉ះក្រុមU22 ហុងកុង។ ចំណែកក្រុមឈ្នះ ក្នុងវគ្គនេះ នឹងត្រូវឡើងទៅប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា រីឯក្រុមចាញ់ ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ និងលេខ៤ ក្នុងពេលនោះដែរ ហើយទូរទស្សន៍ BTV Cambodia ទទួលបានសិទ្ធិជាដៃគូផ្សាយផ្ទាល់ក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នេះ។
បើទោះបីជាពាន Merlion Cup 2023 នេះ មានក្រុមតំណាងឱ្យប្រទេសអាស៊ាន ចូលរួមត្រឹម៣ក្រុម រួមទាំងក្រុមហុងកុង ប៉ុន្តែការប្រកួតនេះ បានក្លាយជាជំនួបដ៏សំខាន់របស់ក្រុមU22កម្ពជា សិង្ហបុរី និងម៉ាឡេស៊ី ក្នុងការដកស្រង់បទពិសោធន៍ និងស្ទាបស្ទង់កម្លាំងពិតពីគ្នាទៅវិញទៅមក មុនពេលក្រុមទាំង៣នេះ ត្រូវចូលរួមប្រកួតផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ជាមួយក្រុមតំណាងមកពីប្រទេសក្នុងតំបន់អាស៊ាន ចំនួន៨ទៀត។ ការប្រកួតកីឡាបាល់ទាត់បុរសនេះ ត្រូវធ្វើឡើងមុនគេ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា តទៅ ប៉ុន្តែពិធីចាប់ឆ្នោត បែងចែកពូល នៅមិនទាន់បានធ្វើនៅឡើយទេ៕