ភ្នំពេញៈ លោ​ក​ឧត្ត​​មសេនីយ៍ GEN OSOTH BHAVILAI ប្រ​ធា​ន​សហព័ន្ធ​កីឡាជន​ពិការ​អាស៊ីអាគ្នេយ៍ (APSF) បាន​ចាត់ទុក​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជ​ទាន «ព្រះ​អ​គ្គិ​ជ័​យកី​ឡា» ក្រោម​​វត្តមាន​របស់​​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ថ្នាក់​ដឹក​កំពូលៗ​របស់​កម្ពុជា នៅ​ប្រាសាទ​អង្គរ​វត្ត កាលពី​ព្រឹក​​​​​ថ្ងៃទី​ ២១ ខែ​មីនា​​ថា ជា​ព្រឹត្តិការ​ណ៍ដ៏អាស្ចារ្យ និង​ជាកេរមរតក ​បញ្ជាក់​​ពីការ​ប្តេជ្ញាចិត្ត​របស់​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម លើកទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣ ​នេះ។

តាង​នាម​ឱ្យ​សហ​ព័ន្ធ​កី​ឡា​ជន​ពិកា​រអា​ស៊ី​អា​គ្នេ​យ៍ (ASEAN Para Sports Federation​)និង​ស​ហគ​មន៍​​​ប៉ា​រ៉ាឡាំ​ពិ​ក​អាស៊ា​ន (ASEAN paralympic community) លោក GEN OSOTH BHAVILAI បាន​​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ថ្លៃថ្លា​បំផុត​ ចំពោះ​ព្រះបាទ នរោត្តម សីហមុនី ដែល​ស្តេច​យា​ង​ជា​ព្រះរា​ជាធិ​ប​តី​ភាព​ ក្នុ​ងព្រះ​រា​ជ​ពិ​ធី​ប្រោ​ស​ព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» នេះ ស្របពេល​ដែល​ពលរដ្ឋកម្ពុ​ជា​ទាំ​ងអ​ស់ និង​សហគមន៍​ជន​មាន​ពិការ​ភាព​​​អាស៊ាន ពិតជា​រំភើ​បរី​ក​រាយ​ ​និង​ទន្ទឹង​ឆ្ពោះ​ទៅរ​ក​ការ​​ប្រ​កួត​​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម ​នៅ​កម្ពុជា​នេះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិតជា​មានកិ​ត្តិ​យស​ណាស់​ ​ដែល​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​​ដែល​ជា​សញ្ញា​ចាប់​ផ្តើម​កីឡា​ស៊ីហ្គេម លើកទី​៣២​ និង​កីឡា​អា​ស៊ាន​ប៉ារ៉ា​ហ្គេម​ ​លើក​ទី​១២ ឆ្នាំ២០២៣ នៅកម្ពុជា។ ថ្ងៃនេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ប្រារព្ធព្រះរាជពិធីសុំ​ព្រះអគ្គិជ័យ​កីឡា ជា​ផ្លូវការ​នៅ​ប្រាសាទអង្គរវ​ត្ត​​ដ៏ល្បី​ល្បាញ​ទូ​ទាំ​ងពិ​​ភព​លោ​ក​ ដែល​នឹង​ស្ថិត​ជាប់​​ក្នុង​បេះ​ដូង​របស់​យើង​ទាំង​អស់គ្នា ស្រប​ពេល​ប្រទេស​កម្ពុ​ជា​ រៀ​ប​ចំព្រឹ​ត្តិកា​រ​ណ៍​ព​ហុ​កី​ឡា ​ជាលើ​ក​ដំបូង ក្នុង​ប្រវត្តិ​សាស្ត្រ»។

ប្រធាន APSF រូបនេះ បានប​ន្ថែម​ថា៖ «ព្រះរាជ​ពិធីសុំ ព្រះអ​គ្គិជ័​​យកីឡា នេះ មិន​មែន​ត្រឹម​ជា​ព្រឹត្តិ​កា​រណ៍​ដ៏អ​ស្ចារ្យ និង​ជា​កេរមរតក​បញ្ជាក់ពី​កា​រ​ប្តេជ្ញា​ចិត្ត​រប​ស់ម្ចា​ស់​ផ្ទះ​កម្ពុ​ជា ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​បង្ហាញឱ្យ​ឃើញ និង​បំផុស​ស្មារតី​ជា​ថ្មី​នៃ​ចំណងមិត្តភាព ដែល​បាន​ចាប់​ផ្តើម​បដិស​ន្ធិ​ជាយូរ​ណា​ស់ម​ក​ហើយ ក្នុង​ចំណោម​ប្រជា​ជន​អាស៊ាន។ វាបង្ហា​ញ​នូ​វឱ​កាស​ ដែ​លប្រ​​ជាជ​ន​អាស៊ាន​ទាំ​ងមូ​លរៀ​ប​ចំ និង​អបអរ​រួមគ្នា​ជា​ផ្នែក​មួយ​នៃ​ហ្គេមនេះ»។

ទន្ទឹម​នឹង​នេះ លោក GEN OSOTH BHAVILAI បាន​ឱ្យ​ដឹង​ថា វត្តមាន​ថ្នាក់ដឹកនាំ​របស់ APSF នៅ​ក្នុងពិធី​ព្រះរាជទាន «ព្រះអ​គ្គិជ័​យ​កី​ឡា» និងរ​ត់​ភ្លើង​គប់ នៅអង្គរ ​កាល​ពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា​​​នោះ ​វាជា​ស​ក្ខីភា​ព​នៃ​កិច្ច​ស​ហប្រ​តិ​បត្តិការ​ជិត​ស្និ​ទ្ធរវាង APSF និង​គណៈ​កម្មាធិកា​រ​ជាតិ CAMAPGO​C ​ដើ​ម្បី​ឆ្ពោះទៅ​រ​ក​ការ​រៀប​ចំ​កី​ឡា​អាស៊ា​ន​ប៉ារ៉ា​ហ្គេ​ម លើក​ទី​១២​ ដោយ​រលូ​ន និង​​ជោគជ័យ។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​សូមថ្លែង​អំ​ណ​រ​ព្រះរា​ជ​គុណ​ដ៏​ស្មោះអ​ស់​ពីដូ​​ងចិ​ត្ត​ ចំពោះ​ព្រះករុ​ណា​ព្រះ​បា​ទ នរោត្តម សីហមុនី និង​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ព្រម​ទាំង​ប្រជា​ជន​កម្ពុជា​ទាំង​អស់ សម្រាប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​រៀបចំ​ព្រឹត្តិ​ការណ៍​​ថ្ងៃ​នេះ ដោយ​ជោគ​ជ័យ និង​សំ​ខាន់​​បំ​ផុត​ ​រៀ​បចំ​​កីឡា ​ដែល​នាំម​កនូ​វ​ស​ន្តិភា​ព​ និងសមភាព។ ​យើងត្រូវ​​រស់​នៅ​ជាមួយ​ស្មារតី​នៃ​ចលនា​អាស៊ាន​រួមគ្នា ក្នុងសំឡេងតែមួយ ធ្វើការ​រួមគ្នា​ឆ្ពោះ​ទៅ​ជំរុញ​សន្តិភាព និង​ការ​យោគ​យល់គ្នា ស្រប​​តាម​បាវចនា កីឡា​រស់​ក្នុង​ស​ន្តិភា​ព»។

គិត​ត្រឹម​ថ្ងៃទី​២២ ខែមីនា​នេះ ​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ សម្រាប់​​​​​​​ក្រុម​កីឡាករ-​កីឡាការិនី​មានពិការភាព នៅសល់​ពេល​ត្រឹម​៧៣​ថ្ងៃទៀត​ទេ ដោយ​ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​បើក​នៅ​ថ្ងៃ​ទី៣ និង​បញ្ចប់​ថ្ងៃទី​៩ ខែមិថុនា ហើយនៅ​ក្នុងពិធីរត់​ភ្លើង​គប់​នៅជុំ​វិញ​វង់តូចអង្គរ កាលពីព្រឹក​ថ្ងៃទី​២១ ខែមីនា​នោះ កីឡាករ កីឡាការិនី​ជនពិការ​ជា​ច្រើន​នាក់ ត្រូវបាន​គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រៀបចំ​ឱ្យ​ចូលរួម​ការរត់​ភ្លើងគប់ បណ្តាក់​​គ្នានោះដែរ ដោយម្នាក់ៗ​បានបង្ហាញ​នូវមោទនភាព ជាមួយការ​ទទួល​បាន​ឱកាស​​ដ៏ពិសេស​នេះ។

ជាក់​ស្តែង កីឡាការិ​នីពិ​កា​រជើ​​ង ជាម្ចា​ស់​មេ​ដាយ​មា​សអា​ស៊ា​ន​​ប៉ា​រ៉ាហ្គេ​ម​ លើក​ទី១១ នៅ​ប្រ​ទេស​ឥ​ណ្ឌូនេ​ស៊ី​ វ៉ិត ចន្ថា ដែល​​បាន​ទ​ទួល​កា​រ​ប្រោស​ព្រះ​រាជ​ទា​ន «ព្រះ​អ​គ្គិ​ជ័យ​កីឡា» ពីព្រះ​ក​រុណា​ព្រះបា​ទស​ម្ដេ​ច​ព្រះប​រ​មនាថ នរោត្តម សីហមុនី ដោយ​ផ្ទាល់​ជាមួយ​​កីឡាករ​តេក្វាន់ វ៉ា មិ​ថុ​នា ​ដើម្បី​ជាកិ​ច្ច​រ​ត់ភ្លើ​ង​គ​ប់នោះ បាន​បង្ហាញ​ក្តីរំ​ភើ​ប​​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។

កីឡាការិនី វ៉ិត ចន្ថា បាន​បញ្ជាក់​ថា៖ «ខ្ញុំរំភើប​រហូត​ដល់ស្រក់​ទឹក​ភ្នែក ព្រោះ​នេះ​ជា​កិត្តិយស​​ដ៏​ធំធេង​​សម្រាប់​ប្រទេស​ជាតិ​របស់​យើង ក៏ដូច​ជាខ្លួន​ឯង​ផ្ទាល់។ ខ្ញុំធ្លាប់​ជាក្មេង​ស្នាក់​នៅ​ជាមួយគេ ខ្ញុំ​ធ្លាប់​លាងចាន បោកខោអាវ បម្រើ​នៅផ្ទះគេ និង​ជា​ក្មេង​មាន​ពិការភាព ដែល​មិន​ធ្លាប់​ស្រមៃថា នឹង​បាន​​ក្លាយ​ខ្លួន​ទទួល​បាន​កិត្តិយស​បែប​នេះ​ទេ»។

កីឡាករ​តេក្វាន់​ដូ WT វ៉ា មិថុនា ដែល​ទើប​បាន​ឈ្នះ​​មេដាយ​មា​ស ក្នុងកា​រ​​ប្រ​កួ​ត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ឆ្នាំ​២០២២​នោះ បាន​និយាយ​ថា៖​ «ខ្ញុំ​មាន​សេចក្តី​រីករាយ និ​ងមា​ន​កិត្តិ​យស​ខ្លាំង​ណា​ស់ ​ដែ​ល​​ទទួ​ល​ការ​ប្រោស​ព្រះ​រាជ​ទាន​ព្រះអគ្គិ​ជ័យ​​កីឡា ពីអង្គ​ព្រះ​មហា​ក្ស​ត្រ ​ហើយ​ជា​មួយ​គ្នានេះ​ ​ខ្ញុំ​បា​ន​​ដា​ក់​គោល​ដៅ​ដណ្តើ​ម​ឱ្យបា​ន​មេដា​យ​មាស​ ជាថ្មី​ម្តងទៀត ​ក្នុ​ងស៊ីហ្គេម​ នៅ​ក​ម្ពុ​ជា ​ដើម្បី​ថែរ​ក្សាកា​រពា​រ​មេដា​យមា​ស​ ​ក្នុង​នាម​ជា​​កី​ឡា​ករ​ម្ចាស់​ផ្ទះ»៕