ភ្នំពេញៈ អ្នក​ជំនាញ​របស់​គ​ណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេ​យ៍ លើក​ទី​៣២​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​ ២០២៣ (CAMSOC-CAMAPGOC) បាន​ចាត់​ទុក​​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​នឹ​ងត្រូវ​ចូល​រួម​បម្រើ​ដល់​ព្រឹត្តិ​ការណ៍​នាពេ​លខា​ងមុ​ខថា ជា​សរសៃ​ឈាម​ដ៏​មាន​សារៈ​សំខាន់ ​មិន​អាច​ខ្វះ​បាន​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​ឱ្យ​ព្រឹត្តិ​ការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​ទាំង​២​នេះ​របស់​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​។

​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​ស្ម័គ្រចិ​ត្ត ​សម្រាប់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ឆ្នាំ​២០២៣ នៅ​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា(តិចណូ)កាល​ពី​ថ្ងៃទី​២៥​ ខែ​មីនា លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិ​ការ​CAMSOC-CA​MA​PGOC បាន​ឱ្យដឹង​ថា ដើម្បី​បម្រើ​ដល់​ព្រឹត្តិ​ការណ៍​កីឡា​ទាំង​២​នេះ ​កម្ពុជា​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​៧​០០០​នាក់ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ជាម​នុស្ស​ដ៏​សំខាន់ ​ប្រៀប​ដូច​សរសៃ​ឈាម​ក្នុង​ខ្លួន​មនុស្ស ​ដែល​នឹង​ទទួល​បដិ​សណ្ឋារ​កិច្ច​ដ​ល់​ប្រតិភូ​កីឡា​អន្តរ​ជាតិ​ ដោយ​រឿង​ទី​១​សំខាន់​មុន​គេគឺ​អ្នក​ស្ម័គ្រ​ចិត្ត ត្រូវ​ផ្តល់​ស្នាម​ញញឹ​ម រួស​រាយ​រាក់​ទាក់​ដល់​ប្រតិភូ​កីឡា ដើម្បី​ផ្តល់​ភាព​កក់​ក្តៅក្នុ​ងនាម​យើង​ជា​ម្ចាស់​ផ្ទះ​ទាំង​អស់​គ្នា​។

​លោក ​វ៉ា​ត់ ចំរើន បាន​ថ្លែង​ថា​៖ «​ក្នុង​វិស័យ​កីឡា ​អ្នក​ស្ម័គ្រ​ចិត្ត គឺជា​សរសៃឈា​ម​ដ៏​មាន​សារៈ​សំខាន់​ ដើម្បី​ផ្តល់​ថាម​ពល​ដល់​ដំណើរ​ការ​ហ្គេម​ទាំង​មូល​ឱ្យ​រលូន និង​ជោគ​ជ័យ​។ ប្រសិន​បើ​អ្នក​ស្ម័គ្រ​ចិត្ត​ មិ​នបាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ប្រតិភូ​កីឡា​ឱ្យបាន​ល្អ​ប្រសើរ​ទេ ​នោះ​ដំណើរកា​រ​ហ្គេ​ម នឹង​រអាក់​រអួល​មិនល្អ​ប្រសើរ​ឡើយ​។ ដូច្នេះ​យើង​សុំ​ស្នើ​ដល់​អ្នក​ស្ម័គ្រ​ចិត្តទាំង​អស់​គ្នា ប្រឹង​ប្រែង​បម្រើ​ប្រតិភូ​កីឡា​ឱ្យបាន​ល្អដើម្បី​ជោគ​ជ័យ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​កម្ពុជា​យើង​ទាំង​អស់​គ្នា​»​។​

​ជា​មួយ​គ្នា​នោះ ​លោក វ៉ា​ត់ ចំរើន បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​គ្នា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យបាន​ខ្ពស់​ ក្នុង​កា​រជួយ​ជ្រោម​ជ្រែង​ដល់​សកម្ម​ភាព​ការងារ​ស្ម័គ្រ​ចិត្ត​ឱ្យបាន​ប្រសើរ​ជា​ពិសេស​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​កីឡាករ ​កីឡា​ការិនី​មាន​ពិកា​រភាព ដែល​មក​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដែល​នឹង​ដំណើរ​ការ ពីថ្ងៃ​ទី​​៣ដល់​ទី​៩ ​ខែមិថុនា ឆ្នាំ​២០២៣ ​តាមរយៈ​ការជួយ​សម្រប​សម្រួល​ដ​ល់​អត្ត​ព​លិ​ក​ពិការ​ ដែ​លមាន​ការ​លំបាក​ជាង​អត្ត​ព​លិ​ក​មិន​ពិការ​។​

​លោក​បាន​សង្កត់ធ្ង​ន់ថា​៖ «​អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​មាន​មោទន​ភាព​ជាតិ​ទាំង​អស់គ្នា​ ព្រោះ​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ចូល​រួម​បំពេញ​ការ​ងារ​បម្រើ​ជាតិ​ ដោយ​ហេតុថា​ ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ​ មា​នការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១៦​លាន​នាក់ ​ជា​ពិសេស គឺ​អង្គ​ព្រះ​មហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុ​ត ព្រះអង្គ​បាន​ប្រោស​ព្រះរាជទា​នព្រះ​អគ្គិ​ជ័យ​កីឡា ​ដើម្បី​ប្រារព្ធ​ពិធី​ដង្ហែ​ភ្លើង​គប់​កីឡា​ទៅកាន់​ប្រទេស​អា​ស៊ា​ន ហើយ​ក៏​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​ទាំង​អស់​គ្នា ​ដែល​នេះ​ អ្នក​ស្ម័គ្រចិត្ត​បាន​ចូលរួម​ធ្វើ​កិច្ចការ​ជាតិ ​ជា​មួយ​នឹង​មោទន​ភាព​ជា​ប្រវត្តិ​សាស្ត្រ​នេះ​»​។​

​ជា​មួយគ្នា​​នោះ​ លោក សុខ សប្បាយ​ណា ប្រធាន​គណៈ​កម្មការអ្នក​ស្ម័គ្រ​ចិត្ត​នៃ​គណៈ​កម្មាធិ​ការ​ជាតិ ​CAMS​OC-CAM​AP​GOC​បាន​អះ​អាង​ថា ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ​ជា​របស់​យើង​ទាំ​ងអស់​គ្នា ​ដូច្នេះ​សូម​បង​ប្អូន​អ្នក​ស្ម័គ្រ​ចិត្ត​ប្រឹង​ប្រែង​ធ្វើ​វា​ឱ្យ​បាន​ល្អ​បំផុត ​ដើម្បី​សង្គម​ជាតិ​ និង​ប្រទេស​ជាតិ​យើង​ ព្រោះ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម មិន​មែន​តែ​របស់​សស​យក និង​មិន​មែន​តែ​របស់ ​CAMS​OC នោះ​ទេ តែ​ជា​របស់​យើង​ទាំ​ងអស់​គ្នា​។​

​លោក​បាន​បន្ថែម​ថា ការរួ​មចំណែ​ក​របស់​ប្រជាព​លរដ្ឋ​ខ្មែរ ​និង​ជា​ពិសេ​សអ្នក​ស្ម័គ្រ​ចិត្ត ដែល​លះបង់​ពេល​វេលា កម្លាំង​កាយ​ចិត្ត​ដើម្បី​ចូលរួម​ជួយ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​គឺជា​ឱកាស​បង្ហាញ​ពិភព​លោក​ឱ្យឃើញ​យ៉ាង​ច្បាស់​ថា​នេះហើ​យ​ជា​ខ្មែរ​ នេះ​ហើយ​ជាការ​ស្វាគ​មន៍​របស់​ខ្មែរ​ទៅកាន់​ពិភព​លោក​ ដើម្បី​បង្ហាញ​ពិភព​លោក​ឃើញ​ថា កម្ពុ​ជា​មាន​មោទន​ភាព​ប៉ុន​ណា ពេល​រៀប​ចំ​ស៊ី​ហ្គេម​បាន​ល្អ​បំផុត​។​

​លោក ​សប្បាយ​​ណា បា​ន​បញ្ជាក់​ថា​៖«​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ ​យើង​ត្រូវតែ​ផ្គត់​ផ្គង់​ឱ្យបាន​ល្អឥតខ្ចោះ​​ដល់​ភ្ញៀវ​។ ក្នុង​ករណី​មាន​ឆក​ល្វែង​ចំណុច​ណា​មួយ​ មិន​ថា ​អ្នកស្ម័​គ្រចិត្ត​ឬ​ប្រជា​ជន​ណាម្នាក់​​នោះទេ​ ត្រូវតែ​​រួមគ្នា​ដោះ​ស្រាយ ពីព្រោះ​គ្រប់​គ្នា​​ត្រូវ​ប្រកាន់​ខ្ជាប់​ឱ្យ​បាន​នូវ​ភាព​ជា​ម្ចាស់ផ្ទះ ​និង​ទទួល​ស្វាគ​មន៍​យ៉ាង​កក់​ក្ដៅ​ជានិច្ច​។ ពេល​មាន​បញ្ហា​អ្វី​មួយ​ក្នុង​ស៊ី​ហ្គេម​កំពុ​ងដំណើ​រការ ហើយ​យើង​រវល់​តែ​ឈ្លោះ​គ្នា ដាក់​បន្ទុក​ឱ្យ​គ្នា មិន​រួមគ្នា​ដោះ​ស្រាយ នោះ​ប្រា​កដ​ណាស់ ​បញ្ហា​នឹង​មិន​ត្រូវបាន​ដោះ​ស្រា​យ​ដោយ​រលូន​ឡើយ ​អ៊ីចឹង​រាល់​បញ្ហា​ទាំង​អស់​យើង​ត្រូវ​រួមគ្នា​ដោះ​ស្រាយ​»៕