ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង បឺត សង្ឃឹម បាន​ផ្តួល​អ្នក​លេងកាំភ្លើង​ភ្លោះ វ៉ាន់ វឿន ឱ្យ​សន្លប់ ក្នុង​ទឹក​​​ទី​៣ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​អន្តរ​ជាតិ IPCC Kun Khmer នៃ​​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស រដូវ​កាល​ទី​២ ឆ្នាំ​២០២៣ ចំណែក​ជើង​ខ្លាំង ព្រំ សំណាង, ម៉ឺន មេឃា និង ឈឿង ល្វៃ ក៏​បាន​យក​ឈ្នះ​កីឡាករ​បរទេស ស្របពេល​ដែល​សង្វៀន​ថោន បាន​បង្ហាញពី​ផ្នត់គំនិត​ជាតិនិយម លើ​ការ​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ តាម​រយៈ​កម្មវិធីនេះ ​ដ៏​គួរ​ឱ្យ​​ទាក់​ទាញ​​ខ្លាំងបំផុត។

សម្រាប់​ការ​ប្រកួតផ្តាច់​ព្រ័ត្រ ដែល​​​​ធ្វើ​​នៅ​ទីតាំង​ផ្សារ​ទំនើប​ជីបម៉ុង 271 មេ​ហ្គា​ម៉​ល កាល​ពី​យប់​ថ្ងៃទី​២៥ ខែមីនា កន្លងមក​នេះ បឺត សង្ឃឹម ដែល​ត្រូវបានគេដាក់​រហស្សនាម ថា «អ្នក​​លេង​ចិត្ត​សាស្ត្រ» នោះ ​ពិតជា​ប្រកួត​ប្រកប​ដោយ​ចិត្ត​សាស្រ្ត​មែន ដោយ​រូបគេ អាច​គេច​ផុត​​ពី​ការ​ទាត់ និង​ការ​ព្យាយាមតាម​វាយសម្រុក​ពីសំណាក់ វ៉ាន់ វឿន បាន​ដោយ​មិន​លំបាក​ទេ ហើយ​ស្រប​ពេល​​នោះ បឺត សង្ឃឹម បាន​វាយសង​ទៅវិញ​ប្រកប​ដោយ​គុណ​ភាព ដើម្បី​ផ្តួល វ៉ាន់ វឿន ឱ្យ​សន្លប់​ត្រឹមទឹក​ទី​៣។

កណ្តាប់​ដៃ​វាយ​ចូល​ពោះ​ពេញ​ទំហឹង​របស់ បឺត សង្ឃឹម បាន​ធ្វើ​ឱ្យ វ៉ាន់ វឿន លុតជង្គង់ ឈឺរមួលខ្លាំង និងត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់ នៅទឹកទី​២ ហើយឈាន​ចូលទឹក​ទី​៣ បឺត សង្ឃឹម បាន​ម៉ាត់​ចូល​របួស​ចាស់​នេះជាបន្ត​បន្ទាប់​ទៀត ធ្វើ​ឱ្យអា​ជ្ញាកណ្តាល​រាប់​ វ៉ាន់ វឿន ជា​លើក​ទី​២ និងឈាន​​ដល់​បញ្ឈប់ការ​ប្រកួត នៅចុង​ទឹកទី​៣នេះតែម្តង បន្ទាប់ពី សង្ឃឹម បាន​ទាត់ បុកជង្គង់ និង​ម៉ាត់​ធ្វើ​ឱ្យ វ៉ាន់ វឿន ដួល និងលែង​មាន​លទ្ធភាពបន្តការ​ប្រកួតទៀត​​នោះ។

ការ​ផ្តួល វ៉ាន់ វឿន ឱ្យ​សន្លប់ ដើម្បី​​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ IPCC Kun Khmer ទម្ងន់ ​៦០ ​​គីឡូក្រាម អមដោយ​​ប្រាក់​រង្វាន់​ ៤៨ លាន​រៀលនេះ បាន​ធ្វើ​ឱ្យ បឺត សង្ឃឹម មាន​ឈ្មោះ​បោះ​សំឡេង​កាន់តែ​ខ្លាំង ហើយ​អ្នកទស្សនា​ស្ទើរពេញ​មួយ​ប្រទេស បាន​សរសើរ​ពី​បច្ចេក​ទេស និង​កល​​ល្បិច​ប្រកួតដ៏វៃ​ឆ្លាត​របស់​គេ។

ជាមួយ​គ្នា​នេះ បឺត សង្ឃឹម បាន​និយាយ​ថា៖ ​«​នេះ​ជាខ្សែ​ក្រវាត់​ទី​២ ដែល​ខ្ញុំដណ្តើម​បាន​ក្នុង​អាជីព ខណៈខ្សែ​ក្រវាត់​ទី​១ ខ្ញុំ​ដណ្តើម​បាន នៅ​សង្វៀន CNC។ ខ្ញុំ​ពិតជា​រំភើប​ចិត្ត​ខ្លាំង និង​មាន​មោទ​នភាព​ចំពោះ​ខ្លួន​ឯង ដែល​អាច​ដណ្តើមខ្សែ​ក្រវាត់​ទី២​នេះ​បាន ព្រោះ​វាពិតជា​មានការ​លំបាក​ ប៉ុន្តែ​ភាព​ជាក់​ស្តែងនៅលើ​សង្វៀន វាពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ចិត្តសាស្រ្ត ក្នុង​ការ​ប្រកួត ហើយ​ជា​លទ្ធផល ​ខ្ញុំ​អាច​ធ្វើ​បាន»។

ដោយ​ឡែក​សម្រាប់ការ​ប្រកួត​មិត្តភាព​អន្តរ​ជាតិ​រវាង ព្រំ សំណាង និង​ជើង​ខ្លាំង​របស់រុស្ស៊ី Vladimir Gabov ពិតជា​មាន​ភាព​ស្វិត​ស្វាញ និង​ជក់​ចិត្ត​ខ្លាំង​បំផុត។ សំណាង បាន​វាយ​កែង​បណ្តាល​ឱ្យ Vladimir Gabov មាន​ឈាម​ហូរ​ចេញពី​ចំហៀង​ក្បាល​ខាង​ស្តាំ តាំង​ពីទឹក​ទី​១ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​មិន​ធ្លាប់​ចាញ់​របស់រុស្ស៊ីម្នាក់​នេះ ពិតជា​មាន​សមត្ថ​ភាព​ខ្លាំង ដោយ​រូបគេមាន​បច្ចេក​ទេស​វាយ​កណ្តាប់​ដៃ​ឆ្វេងស្តាំ បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឱ្យ ព្រំ សំណាង ចង់​ផ្ងារ​ជើង​ម្តងៗ​ផង​ដែរ។

តាម​ស្ថាន​ភាព​ប្រកួត​ជាក់​ស្តែង​នោះ Vladimir Gabov បាន​វាយ​ចំគោលដៅ​បាន​ច្រើន​ជាង សម្រាប់ការ​​ប្រកួត​២ទឹក​ដំបូង គ្រាន់​តែ​រូបគេ បាន​បង្ហាញ​ភាពហេវ​ហត់ខ្លាំង ​នៅចុងទឹក​ទី​២ ហើយ​ការ​​តាម​វាយសង្គ្រុបដោយ​ជង្គង់ និង​វាយ​កែង​របស់ ព្រំ សំណាង បាន​ធ្វើ​ឱ្យ Vladimir Gabov មាន​ការ​ធ្លាក់​កម្លាំង​កាន់​តែ​ខ្លាំង នៅ​ទឹកទី​៣។

ជាមួយ​គ្នា​នេះ ការ​ចាប់​កាច់​ផ្តួល​របស់ ព្រំ សំណាង នៅចុង​ទឹកទី​៣​នេះ បាន​ធ្វើ​ឱ្យ​Vladimir Gabov ដួល ហើយ​ការ​បង្ហាញ​ភាព​ទ្រុឌ​ទ្រោម​​របស់​កីឡាករ​រុស្ស៊ីម្នាក់នេះ ដោយ​បាន​​​ក្រោក​ឈរឡើង​យឺតពេក​នោះ នាំ​ឱ្យ​អាជ្ញា​កណ្តាល​រាប់​ទៅលើ​រូបគេ ហើយ​ការ​រាប់នេះ​ហើយ ដែល​បានជួយ​ឱ្យ ព្រំ សំណាង អាច​ទទួល​បានជ័យ​ជម្នះ ខណៈ សំណាង ក៏មាន​ការ​ធ្លាក់​កម្លាំងស្ទើរ​អស់​ខ្យល់​ដូចគ្នា។

ចំពោះ​ការ​បង្ហាញ​ភាព​ទន់ជ្រាយ និងឆាប់​ធ្លាក់​កម្លាំង សម្រាប់​ការ​យក​ឈ្នះ​លើ​កីឡាករ ​ធ្លាប់​ឈ្នះ​៥៥ និងស្មើ​៥ដង Vladimir Gabov នេះ ព្រំ សំណាង បានសារ​ភាព​ ក្រោយ​ប្រកាស​លទ្ធ​ផល​ថា៖​ «កីឡាករ Vladimir Gabov មាន​គុណភាព​ល្អ គឺ​មាន​សមត្ថ​ភាព​ល្អ​ពិត​មែន ប៉ុន្តែ​ខ្ញុំសូមជម្រាបពុក​ម៉ែ​បងប្អូន តាម​ត្រង់​ថា ខ្ញុំ​មាន​កម្មវិធី​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​ខ្ញុំរាង​ទ្រុឌ​ទ្រោម​​សុខភាព​បន្តិច សម្រាប់​ការ​ប្រកួតនេះ»។

យ៉ាង​ណា​មិញ ​ម្ចាស់មេដាយ​មាស​ស៊ីហ្គេម លើ​ជំនាញ​កីឡាវ៉ូវីណាម ម៉ឺន មេឃា បាន​ម៉ាត់​​​ឱ្យ​កីឡាករ​អ៊ុយក្រែន Luca Lassalle សន្លប់​ត្រឹម​ទឹកទី​២ ចំណែក​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម ឈឿង ល្វៃ បាន​ទាត់​ចូលកញ្ចឹងក បណ្តាល​ឱ្យ​កីឡាករ​ថៃ Wathaphon Khamsunthong សន្លប់​ធំ​ត្រឹមទឹក​ទី​១ ប៉ុន្តែ អេលីត សាន់ បាន​ចាញ់​ពិន្ទុ​ថៃ Rambong។

ចំពោះ​​ការ​ប្រកួត ១ទល់​៣​នាក់ តាម​បែប​ Mas Fight ១​ទឹក៩នាទី​​​ រវាង​​ជើងខ្លាំង ធឿន ធារ៉ា និង​កីឡាករ​បរទេស​ទាំង​៣នាក់​វិញ បាន​បញ្ចប់​ដោយ​លទ្ធផលស្មើ​គ្នា ព្រោះ​ការ​ប្រកួត​ដ៏​គ្រោះ​ថ្នាក់នេះ ធារ៉ា បាន​ផ្តួលឱ្យ​សន្លប់ បានតែ​​កីឡាករ​ម៉ាឡេស៊ី Boboy Redwolves ម្នាក់​ទេ ចំណែក​​កីឡាករ​ថៃ Denkaosen ដែល​ប្រកួតចូល​ប្រកួត​មុនគេ និង​​ឡាវ Yakkhomphant ដែល​ប្រកួត​ក្រោយ​គេ មិនសន្លប់ឡើយ។ រីឯ​ការ​ប្រកួត Mas Fight រវាង មឿន សុខហ៊ុច និង​ជើងខ្លាំង​ថៃ Natthaphum ក៏​បានស្មើ​គ្នា ដោយ​គ្មាន​អ្នក​សន្លប់​ផងដែរ។

យ៉ាង​ណាមិញ សម្រាប់​ការ​ប្រកួត WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស រដូវ​កាល​ទី​២ ដែលមាន​អ្នក​ទស្សនា​ផ្ទាល់​ណែនណាន់តាន់​តាប់ រកកន្លែង​ឈរ​មិនចង់បាន និងមាន​អ្នក​ទស្សនា​តាម​ការ​​ផ្សាយ​ផ្ទាល់​ជាង​៣៥​​ម៉ឺននាក់នោះ គឺ​សង្វៀន​ថោន និង​ម្ចាស់​ឧបត្ថម្ភ បាន​បញ្ចូល​ឱ្យមានការ​បង្ហាញ និងសម្តែង​នូវ​​ល្ខោន​ខោល រឿង​រាមកេរ្តិ៍ ព្រមទាំង​ការ​ដង្ហែ​ក្បួន​កីឡា​តាមសម័យអង្គរ និង​​បង្ហាញ​​​ពី​​ខ្សែ​វីដេអូ ដែល​បាន​នាំ​យក​កីឡាករ ម៉ឺន មេឃា និង ធឿន ធារ៉ា ទៅថត​ដោយ​ផ្ទាល់ នៅ​អង្គរ​វត្ត និង​កន្លែង​សំខាន់ៗ នៅ​ភ្នំគូ​លែន​ផង​ដែរ។

ជុំវិញ​ការ​បង្ហាញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ មិន​ធ្លាប់​មាន​នេះ លោក គឹម ស្រ៊ុន​កុសល ជា​ទីប្រឹក្សា​ទូរទស្ស​ន៍ថោន និងជា​តំណាង Mas Fight ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រាប់ កាលពី​ថ្ងៃអាទិត្យ​ថា៖​ «កម្ម​វិធី​របស់​យើង បាន​ព្យាយាម​បង្ហាញ​ពី​វប្បធម៌​ អត្ត​សញ្ញាណ និង​ដួង​ព្រលឹង​របស់​យើង ព្រោះ​ល្ខោន​ខោល រឿងរាមកេរ្តិ៍​នេះ វាពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​ក្បាច់គុន​ខ្មែរ ព្រម​ទាំង​អរិយធម៌ និង​វប្បធម៌​របស់​​យើង ដែល​មានអាយុ​កាល​រាប់ពាន់​ឆ្នាំ ដោយ​ដូនតា​របស់​យើង បាន​​ឆ្លាក់​នៅលើ​ប្រាង្គ​ប្រា​សាទ»។

លោក​បាន​បន្ថែម​ថា៖ «​យើងក៏​បាន​បង្ហាញ​ពី​ក្បួន​ដង្ហែ​កីឡា​ករ​តាមសម័យ​អង្គរ ដើម្បី​បង្ហាញ​​ឱ្យ​កីឡាករ​ចូលរួម​ទាំង​៥​ប្រទេស និង​អន្តរជាតិ បានឃើញ ដែល​​មាន​លក្ខណៈ​អ៊ឹកអធិកគ​គ្រឹក​គគ្រេង មិន​ធ្លាប់​បាន​​​​ធ្វើ​ពីមុន​មក។ ចំណែក​ខ្សែ​វីដេអូ​ អមការ​ចេញ​ដំណើរ​របស់ ម៉ឺន មេឃា និង ធឿន ធារ៉ា វិញ វា​ជា​លទ្ធផល​ដ៏​ធំធេង និងជាទី​មោទន​ភាព ព្រោះ​មិន​​ងាយ​មាន​បរទេស​ណា​ធ្វើបាន​ដូច​យើង​ទេ ដ្បិតអី​​គេ​​គ្មាន​​ចម្លាក់ និងប្រាសាទ​បុរាណ​ មក​ថតដូច​យើង។ ដូច្នេះ​ព្រឹត្តិការណ៍​​របស់​​យើង ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​មែន​ទែន​»៕