ទីភ្នាក់ងារ​រ៉យទ័រ​ បាន​ផ្សាយព័ត៌មាន​ដោយស្រង់​ប្រភព​ដែលខ្លួន​ទុកចិត្ត​មក​ថា ​ការ​ចាប់ឆ្នោត​សម្រាប់​ការប្រកួត​បាល់​ទាត់​ពិភពលោក​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ​២០​ ឆ្នាំនៅ​ប្រទេស​ឥណ្ឌូនេស៊ី​ នឹង​ត្រូវ​ពន្យា​រពេល។​

សមាគម​កីឡា​បាល់ទាត់​ឥណ្ឌូនេស៊ី ​(PSSI)​ លើកឡើង​ថា​ ការ​ចាប់​ឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃ​សុក្រ ​២៤​ មីនា​ត្រូវ​បាន​លុបចោល។ ​ខណៈ​ដែល​សហព័ន្ធ​បាល់ទាត់​ពិភព​លោក ​FIFA កំពុង​ត្រួត​ពិនិត្យ​លើការ​ត្រៀមខ្លួន​ក្នុង​នាមជា​ម្ចាស់ផ្ទះ​របស់​ឥណ្ឌូនេស៊ី។

ការប្រកួត ​U20​-World​ Cup ​មាន​ប្រ​ទេស​ចំនួន ​២៤៤ ​ចូលរួម​ ហើយ​កម្មវិធី​ប្រកួត​ គ្រោង​នឹងធ្វើ​ឡើង​ ចាប់​ពីថ្ងៃទី ​២០​ ខែ​ឧសភា ​ដល់ថ្ងៃទី ១១ ​ខែ​មិថុនា ​នៅ​បណ្ដា​ទីក្រុង​ចំនួន​៦​ នៃ​ប្រទេស​ឥណ្ឌូនេស៊ី។​ ប្រទេស​អ៊ីស្រាអែល​ ទើបតែ​បាន​ចូលរួម​ព្រឹត្តិ​ការណ៍នេះ​ជា​លើ​ដំបូង​ដែលមាន​កៅអី​ក្នុងនាម​ជា​ក្រុម​មកពី​តំបន់​អ៊ឺរ៉ុប។

កាលពី​ដើម​ខែនេះ ​កាសែត ​Jakarta Post​ របស់​ឥណ្ដូនេស៊ី ​បាន​រាយ​ការណ៍ថា ​អភិបាល​ខេត្ត​ Bali​ លោក ​Wayan Koster ​បាន​ផ្ញើលិខិត​ទៅ​ក្រសួង​យុវជន​ និង​កីឡា​ឥណ្ឌូនេស៊ី​ដោយ​សុំ​ឱ្យ​ពួកគេ៖«អនុវត្ត​គោល​នយោបាយ​ហាមឃាត់​ក្រុម​អ៊ីស្រាអែល​មិនឱ្យ​ប្រកួត​ប្រជែង​នៅ​កោះបាលី»​ ក្រោម​ហេតុផល​​អ៊ីស្រាអែល​មាន​ជម្លោះ​ជា​មួយ​ប៉ាឡេស្ទីន​។

លិខិត​នោះ​ក៏​ត្រូវ​បាន​ផ្ញើ​ទៅសមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី​ ដែរ។​ ទីភ្នាក់ងារ​រ៉យទ័រ​មិន​អាច​ទាក់​ទង​​ការិយាល័យ​អភិ បាល​ខេត្ត​បាលី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា​ ៖«​អភិបាល​កោះ​បាលី​លោក ​Wayan Koste​r បាន​ច្រានចោល​វត្តមាន​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​ព្រឹត្តិការណ៍ ​FIFA U-20 World Cup ...​ នេះអាច​ជា​ហេតុផល​សម្រាប់ ​FIFA​ ក្នុងការ​លុបចោល​ការ​ចាប់ឆ្នោត ​U-20 World Cup»។​ សេចក្ដី​ថ្លែងការណ៍​បន្ថែមថា​ ៖«សម្រាប់ ​FIFA​ ការ​បដិសេធ​របស់​អភិបាល​កោះបាលី(​ដែល​ច្រាន​ចោល​វត្តមាន​ក្រុម​អ៊ីស្រាអែល​)​ គឺដូចគ្នា​នឹង​ការ​លុបចោល​រាល់ការ​ធានា​រៀប​ចំការ​ប្រកួត​របស់​អាជ្ញាធរ​កោះ​បាលី​ដូច្នេះដែរ​»។

កាល​ពីដើម​ខែនេះ ​ក្រុម​អ្នកតវ៉ា​បាន​ដើរ​ដង្ហែ​ក្នុង​រដ្ឋធានី​ហ្សាការតា ​ដោយ​គ្រវីទង់​ជាតិ​ឥណ្ឌូនេ ស៊ី ​និង​ប៉ាឡេស្ទីន ​ដើម្បី​ទាមទារ​ឱ្យ​ច្រានចោល​វត្តមាន​អ៊ីស្រាអែល​លេង​ក្នុង​ព្រឹត្តិការណ៍នេះ។​

ប្រជាជន​ឥណ្ឌូ​នេស៊ី​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម។ ប្រជាជន​អ៊ិស្លាម​ឥណ្ឌូនេ ស៊ី​ភាគច្រើន​អនុវត្ត​បែប​សាសនា​អ៊ិស្លាម​កម្រិត​មធ្យម ​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​បាន​ឃើញការ​កើនឡើង​នៃ​លទ្ធិ​អភិរក្ស​សាសនា ​ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​នយោបាយ​។

ក្នុង​រយៈពេល​១ ឆ្នាំ​កន្លងមក​ កង​កម្លាំង​អ៊ីស្រាអែល​បាន​ចាប់ខ្លួន​រាប់ពាន់​នាក់​នៅតំបន់​ West Bank​ និង​បាន​សម្លាប់​ជន​ជាតិប៉ាឡេ​ស្ទីន​មាន​ទាំង​សកម្មប្រយុទ្ធ ​និង​ជនស៊ីវិល​ប្រមាណ​ជាង ២០០ ​នាក់។​ ទន្ទឹម​នឹង​នេះ ​ជនជាតិ​អ៊ីស្រាអែល​ជាង ​៤០ ​នាក់ ​និង​អ៊ុយក្រែន ​៣ ​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន។

សមាជិក​គណៈកម្មាធិ​ការ​ប្រតិបត្តិ​សមាគម​បាល់ទាល់​ឥណ្ឌូនេស៊ី​ លោក Arya Sinulingga បាន​និយាយថា​គាត់មាន​ការ​ព្រួយ​បារម្ភថា FIFA​ អាច​នឹង​ទាត់​ឥណ្ឌូនេស៊ី​ចេញពី​ពិភព​បាល់​ទាត់​ដោយសារ​តែ​ស្ថានការណ៍​នយោបាយ​បាន​ជ្រៀតជ្រែក​ចូល​បាល់ទាត់។

លោក​Sinulingga ​បញ្ជាក់ថា ​សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី ​សង្ឃឹមថា​ នឹងមាន​ដំណោះ​ស្រាយ​មួយ​ដែល​ស្ថានភាព​នយោបាយ​ត្រូវ​បំបែក​ចេញ​ពីកីឡា​៕