ព្រះសីហនុៈ ទិវា​រត់ប្រ​ណាំង​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​ព្រះ​សីហនុ​ដែល​បាន​ខក​ខាន​ធ្វើ​អស់​រយៈ​ពេល ​៤ ​ឆ្នាំ​មក​ហើយ​នោះ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញនៅ​ឆ្នេរ​អូរ​ឈើ​ទាល​នា​ថ្ងៃទី ​២ ​ខែ​មេសា ឆ្នាំ​ ២០២៣ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ ព្រម​ទាំង​បន្ថែម​គុណ​តម្លៃ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណើរ​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និងអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។​

​ការប្រ​កួត​ពី​ការ​រៀប​ចំ​ទិវា​រត់ប្រ​ណាំង​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ា​រ៉ា​តុងលើក​ទី​៨ នៅ​ខេត្ត​ព្រះ​សីហនុ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ក្នុង​សន្និសី​ទ​សារ​ព័ត៌​មាន​នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃទី​ ២៥ ខែ​មីនា ហើយ​លោក វ៉ា​ត់ ចំរើន បាន​អះ​អាង​ថា នេះ​ជា​គោល​ដៅ​ប្រចាំ​ឆ្នាំ​របស់ NOCC ដើម្បី​គាំទ្រ និ​ង​ជំរុញ​វិស័យ​ទេ​សចរណ៍ បរិស្ថាន​បៃ​តង ភាព​ស្រស់​ស្អាត​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសី​ហនុ​ព្រម​ទាំង​ស្វែង​រក​ថវិកា​ដើម្បី​បរិ​ច្ចាគ​ដល់​ការ​ងារ​សប្បុ​រស​ធម៌​។​

​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍ និង​ជា​អគ្គ​លេខាធិ​ការ NOCC លោក វ៉ា​ត់ ចំរើន បាន​ថ្លែង​ថា​៖ «​ការរៀប​ចំ​ទិវា​រត់​ប្រណាំ​ងនៅ​តំបន់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​នេះ គឺ​យើង​មាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​ទាក់ទា​ញ​ភ្ញៀវទេស​ចរ​អន្តរជាតិ​ឱ្យមក​កម្ពុជា​កាន់​តែច្រើន ជាពិសេស​​គឺ​គោល​ដៅ​ទេសច​រណ៍​ក្នុង​ស្រុក​។ នេះ​ជាការ​បន្ត​និរន្ត​រភាព​ក្នុង​ការ​រៀប​ចំ​ឡើង​វិញ ដើម្បី​ជំរុញ​ការ​អភិ​វឌ្ឍ​វិស័យ​កីឡា​តាម​រយៈ​ការរត់​ប្រណាំង​មហា​ជន​ដើម្បី​សប្បុរ​សធ​ម៌ បរិស្ថាន និង​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ដល់​គុណ​តម្លៃ​ដល់​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះស៊ី​​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​»​។​

​ទន្ទឹម​នឹង​នេះ លោក វ៉ា​ត់ ចំរើន ដែល​ជា​អគ្គ​លេខាធិកា​រ​គ​ណៈកម្មាធិ​កា​រ​ជាតិ CAMSOC ផង​នោះ បាន​ឱ្យដឹង​​ទៀត​ថា ទិវា​រត់​ប្រ​ណាំង​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​៨​នេះ ក៏ត្រូវ​បាន​រៀបចំ​ឡើង​វិញ ក្នុង​គោល​បំណង​ អប​អរសា​ទរ​ដល់​ដំណើរ​ការ​ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជាស​ម្រាប់​ការប្រ​កួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​នៅឆ្នាំ​​នេះ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់ថា​​៖«​ទិវា​រត់​ប្រណាំង​អន្តរ​ជាតិ​នេះ ជា​បុ​រេ​ព្រឹត្តិ​ការណ៍ សម្រាប់​អបអរ​សាទរ​ដល់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​ជា​ចលនា​ផ្សព្វ​ផ្សាយ​មួយទៀ​តក្នុង​ការ​បំផុស​ដល់​ដំណើរការ​ព្រឹត្តិកា​រណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​កម្ពុជា ហើយ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ ក៏​នឹងត្រូវ​រៀបចំ​ការ​ប្រកួត​៣​ប្រភេទ​កីឡាគឺ​ទូកក្តោង ម៉ូតូ​ទឹក បាល់​ទះ​ឆ្នេរ​ខ្សាច់ សម្រាប់​ការ​ប្រកួត​​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ខែឧ​សភា ខាង​មុខ​ផង​ដែរ​»​។

​គិត​មក​ទល់ពេលនេះ​មាន​​អ្នក​បាន​ចុះឈ្មោះ​ចូលរួម​ទិវា​រត់ប្រ​ណាំង​អន្តរជា​តិ​ពាក់ក​ណ្តាល​ម៉ា​រ៉ា​តុងនៅ​ខេត្ត​ព្រះសីហនុ​ប្រមាណ​១០០០​នាក់​ហើយ ស្របពេល​គណៈ​កម្មកា​រ​រៀបចំ​ទិវា​កីឡា​នេះកំពុង​​ត្រៀម​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយដើ​ម្បី​ជំរុញ​ឱ្យ​ដំណើរ​ការ​រ​ត់ប្រណាំ​ង​អន្តរ​ជាតិនៅ​​តំបន់​ឆ្នេរ​អូរ​ឈើទា​លប្រ​ព្រឹតទៅ​ដោយ​​រលូន​ និង​ផ្តល់​ភាពកក់​ក្តៅ​ដល់​កីឡាក​រ កីឡាកា​រិនី​ជាតិ និង​អន្តរជា​តិ​។​

​ជាមួយ​គ្នានេះ លោក សែម ផល្លា នាយក​ចាត់​ការ​ទូទៅ​ទិវា​រត់ប្រ​ណាំង​អន្តរ​ជាតិ​នៅ​កម្ពុជា​បានឱ្យ​ដឹងថា​ ទិវា​រត់ប្រណាំង​នៅ​ឆ្នេរ​អូរ​ឈើទា​លនា​ថ្ងៃទី​២ ខែមេសា​ ខាងមុ​ខ មាន​៤​វិញ្ញាសា គឺ​រត់​ពាក់ក​ណ្តាល​ម៉ា​រ៉ា​តុង​ចម្ងាយ​២១​គីឡូ​ម៉ែត្រ ​រត់​ចម្ងាយ​១០​គីឡូម៉ែ​ត្រ រត់​៥​គី​ឡូម៉ែត្រ​ និង​៣​គី​ឡូម៉ែត្រ ។​លោក​បង្ហាញកា​រ​ជឿថា ស្ថាន​ភាព​ផ្លូវ និង​បរិយាកា​ស​អំណោយផ​លល្អនៅ​​ព្រះ​សីហនុ​ នឹង​ផ្តល់​ភាព​កក់ក្តៅ​សម្រា​ប់​អ្នក​ចូលរួម​ទាំងអ​ស់ជា​មិនខា​ន​ឡើយ​។​

«​ដោយ​សារ​ស្ថាន​ភាព​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្លូវថ្នល់មា​ន​ភាពស្រ​ស់ស្អាត​ទាក់ទា​ញខ្លាំង ហើយ​វិញ្ញាសា​រត់​២១​​គីឡូម៉ែត្រ ត្រូវ​រត់​លើ​ដង​ផ្លូវ​ជាប់​មាត់​ឆ្នេរស​មុទ្ររហូ​តដល់​ទៅ​៨​គីឡូ​ម៉ែត្រ​នោះ គឺ​វា​​នឹង​ធ្វើឱ្យ​អ្នករត់​ប្រណាំង​ទាំ​ងឡាយ កាន់​តែ​ស្រស់ស្រា​យ និង​សប្បាយរី​ករា​យ​ទ្វេដង​»​។ លោក​សែម​ ផល្លា បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​ប្រមាណ​១០០០​នាក់ ​គឺមាន​អ្នក​រត់​អន្តរ​ជាតិ ជាង​១០០​នាក់ មកពី​២៤​ប្រទេស ក្នុ​ងនោះ​​មាន​ចិន ​ថៃ និង​ម៉ាឡេស៊ី ច្រើន​ជាង​គេ​៕