
ទិដ្ឋភាពហាត់សមនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលកន្លងទៅ។ រូបថត Cambodia 2023
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាមិនឱ្យមានការលក់សំបុត្រ ក្នុងការប្រកួតកីឡាស៊ីហ្គេមឡើយ ដោយត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចូលទស្សនាដោយសេរី គ្មានការបង់ប្រាក់ ហើយការប្រកួតតាមវិញ្ញាសានានា ក៏មិនតម្រូវឱ្យបង់ថ្លៃណាមួយផងដែរ។ នេះបើតាមសារជាសំឡេងលោកនាយករដ្ឋមន្ត្រី តាមរយៈប្រព័ន្ធតេឡេក្រាមថ្ងៃទី ៣០ ខែមីនា។
លោកបញ្ជាក់ថា៖ «ក្រុមណា ផ្នែកណា ដែលអនុវត្តខុសពីបទបញ្ជានេះនឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ឬចំពោះមុខច្បាប់ទៀតផង»។
លោក ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោកបានទទួលព័ត៌មានពីលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថា មានការផ្សព្វផ្សាយទាក់ទងនឹងការលក់សំបុត្រ ចូលរួមក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម ក្នុងពេលខាងមុខដែលរឿងនេះលោកមិនយល់ព្រមជាដាច់ខាត ក្នុងការលក់សំបុត្រ ទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងទៀតនៅក្នុងរយៈពេលស៊ីហ្គេម។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា កម្ពុជាបានចំណាយប្រាក់ទាំងមូលដ្ឋានសម្ភារបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញនូវការប្រកួតនេះឡើង។
លោកថ្លែងថា៖ «ខ្ញុំមិនយល់ព្រមដាច់ខាត ឱ្យមានការលក់សំបុត្រ ទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀតនៅក្នុងរយៈពេលស៊ីហ្គេម។ ខ្ញុំមិនយល់ព្រមដាច់ខាតជាមួយនឹងការធ្វើបែបនេះ។ តើអ្នកឮថា មានការផ្សព្វផ្សាយតាមវេបសាយខាងផ្នែកកីឡាដែលមិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនាទៀ បាញ់ ហើយក៏កាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកលើកឡើងទៀតថា ទាំងអស់គ្នាបានធ្វើកិច្ចការងារជាច្រើនមកហើយ ត្រូវបន្តការយកចិត្តទុកដាក់លើកិច្ចការងារថែមទៀតកុំឱ្យដូចពាក្យមួយថា ធ្វើបុណ្យមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់។
លោកបន្តថា៖ «សូមចាំនូវពាក្យនេះ៖យើងចាយលុយរាប់រយលានដុល្លារ តែយើងប្រមូលលុយតាមរយៈនៃការលក់សំបុត្រឱ្យជនជាតិឯងដែលត្រូវចូលទស្សនានេះរបៀបម៉េចទៅ តើបានប៉ុន្មានទៅ អ្នកទាំងអស់គ្នាចង់បានលុយ សូមមកទទួលយកលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ»។
ជាមួយគ្នានេះលោក ហ៊ុន សែន បានសម្តែងការខកចិត្ត ដោយមិននឹកស្មានថា មន្ត្រីមួយចំនួន ខ្វះការគិតគូរយកចិត្តទុកដាក់លើបញ្ហានេះ ហើយលោកនឹងស្រាវជ្រាវរកអ្នកទទួលខុសត្រូវ លើបញ្ហាការផ្សព្វផ្សាយ អំពីការលក់សំបុត្រទាំងពេលចូលបើក និងពេលចូលបិទកីឡាស៊ីហ្គេម ព្រោះនេះមិនមែនជាការលេងសើចនោះឡើយ ប៉ុន្តែជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ដែលបានរង់ចាំអស់រយៈពេល ៤៤ ឆ្នាំមកហើយ និងចំណាយធនធានអស់យ៉ាងច្រើន ទាំងពេលវេលា និងថវិកាដើម្បីកើតចេញជារូបរាងនៃការប្រកួតដ៏ អស្ចារ្យ ១ នេះ។
នៅចុងបញ្ចប់នៃសារសំឡេង លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា គ្មានការបង់ប្រាក់ណាមួយ ត្រូវធ្វើសម្រាប់អ្នកចូលទៅក្នុងពិធីបើកនិងពិធីបិទ និងចូលទៅទស្សនាគ្រប់វិញ្ញាសា នៃការប្រកួត មិនអនុញ្ញាតឱ្យមានអ្នកលក់សំបុត្រនោះឡើយ។ ក្នុងករណីដែលមានការទាមទារណាមួយលោកសូមឱ្យប្រើហ្វេសប៊ុកបញ្ជូនព័ត៌មានឱ្យបានរហ័ស ដើម្បីរកឱ្យឃើញជនដែលបង្កប់ខ្លួនក្រោមរូបភាពនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម។
ពាក់ព័ន្ធនឹងបញ្ហានេះភ្នំពេញប៉ុស្តិ៍មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទេនៅថ្ងៃទី ៣០ ខែមីនា៕