បុរសជនជាតិ​អាហ្សង់ទីន លោក Félix Dalmás ត្រូវបានសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា តែង​តាំងឱ្យ​​​ធ្វើជា​គ្រូ​បង្គោល​របស់​ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា ជំនួសអ្នក​ចាត់​ការទូទៅ​ លោក Keisuke Honda ដែល​នឹង​បញ្ចប់​តួនាទី ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ក្រោយ​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នាថ្ងៃទី​១៧ ​ខែឧសភា ខាងមុខ​នេះ។

សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ប្រកាស​នៅលើ​ផេចហ្វេសប៊ុក​របស់​ខ្លួន នៅមុននេះ​បន្តិច​ថា៖ «លោក Félix Dalmás គឺជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ និង​ឈុត​​​អាយុ​ក្រោម២៣ឆ្នាំ។ លោក Félix Dalmás នឹងចូលមកកាន់តំណែងរបស់ខ្លួនជាផ្លូវការ នៅ​​ក្រោយ​​ចប់​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។

ការ​ប្រកាស​ពីព័ត៌មាន​ដ៏​គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបាន​ធ្វើ​ឡើង នៅ​ក្នុងសន្និសីទ​កាសែត ស្តី​ពី​ការ​ប្រកាស​គ្រូ​បង្គោល​ថ្មី ដែល​ត្រូវបាន​ធ្វើ​ឡើង នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះតែម្តង។ ជាមួយ​គ្នា​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​ឱ្យ​ដឹង​ថា លោក Félix Dalmás នឹង​ត្រូវ​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ក្នុងកិច្ចសន្យា​​រយៈ​ពេល​៤​ឆ្នាំ ដោយចាប់​ផ្តើម​​ពី​​ឆ្នាំ​២០២៣​នេះ ដល់​ឆ្នាំ​២០២៦។

លោក Félix Dalmás ពេល​ថតជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក្នុងសន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​អាទិត្យនេះ។ រូប​ថត សហការី

ជាមួយគ្នា​នេះ លោក Félix Dalmás បាន​បង្ហាញការ​សប្បាយ​រីក​រាយ​ខ្លាំង សម្រាប់ការ​វិល​​មក​​ដឹក​​នាំ​ក្រុម​ជម្រើសជាតិកម្ពុជា ជា​លើក​ទី​២នេះ ព្រោះ​លោក​ធ្លាប់​បានចូល​រួម​ដឹកនាំ​​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​លោក Keisuke Honda ជា​លើក​ដំបូង នៅ​​ខែសីហា ឆ្នាំ​២០១៨។ ប៉ុន្តែ​​ Félix បានសម្រេច​លាឈប់ពី​តួនាទី​ជាគ្រូ​បង្គោល ដោយសារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន​មួយចំនួន នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១។

លោក Félix Dalmás បាន​និយាយ ក្នុងសន្និសីទកាសែត​ថា៖​ «ខ្ញុំ​ពិតជា​មាន​ការរីករាយ​ខ្លាំងមែនទែន សម្រាប់ការ​វិល​ត្រឡប់មកដឹកនាំ​ក្រុម​កម្ពុជា ជា​ថ្មី។ យើងនឹង​ត្រូវ​ចាប់​​ផ្តើម​​កសាង​​នូវ​​អ្វីដែល​យើង ធ្លាប់​មានរួច​ហើយកន្លងមក ដោយ​យើង​ត្រូវ​ធ្វើការ​ងារជាមួយ​គ្នាបន្ត​ទៀត ដើម្បី​ភាពរីក​ចម្រើន​ទៅមុខ»៕