
លោកហ៊ុន សែន ថតរូបក្នុងពិធីជួបជុំសំណេះសំណាលជាមួយកីឡាករ កីឡាការិនី កាលពីថ្ងៃទី ៣ មេសា។ រូប SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹម និងការជឿជាក់ទៅលើក្រុមជម្រើសជាតិកម្ពុជា ទាំងផ្នែកជនពិការ និងមិនពិការថា ពួកគេ នឹងអាចដណ្តើមបានមេដាយទ្វេដង ជូនប្រទេសជាតិ ពីការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ស្របពេលកម្ពុជា បានត្រៀមខ្លួនគ្រប់បែបយ៉ាង ដោយរលូន សម្រាប់ការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ លើកដំបូងនេះ។
ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាចថ្ងៃទី ៣ ខែមេសា លោក ហ៊ុន សែន បានទទួលស្គាល់ថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិ នៅតាមប្រភេទកីឡានីមួយៗ ពិតជាមានការហត់នឿយ ចំពោះការព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមការប្រកួតនេះ ប៉ុន្តែនេះជាភារកិច្ចយ៉ាងធំ ដែលគ្រប់ផ្នែកទាំងអស់ ត្រូវខំប្រឹងបន្ថែមទៀត ដើម្បីភាពជោគជ័យ សម្រាប់មុខមាត់ប្រទេសជាតិ។
លោក ហ៊ុន សែន បានថ្លែង នៅចំពោះមុខថ្នាក់ដឹកនាំកីឡា ព្រឹទ្ធាចារ្យកីឡា កីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម សរុបប្រមាណ ៤ ២៦៤ នាក់នាពិធីជួបជុំនោះថា៖ «ឆ្នាំនេះ អ្នកទាំងអស់គ្នា ហត់នឿយណាស់ហើយក្នុងការហ្វឹកហាត់ ក៏ប៉ុន្តែយើងត្រូវតែមានការហ្វឹកហាត់បន្ថែមទៀត ដើម្បីធានាជោគជ័យ ហើយជោគជ័យរបស់យើង មិនមែនបានមកពីការបន្ថែមការប្រកួតដោយខ្វះបច្ចេកទេស ខុសបច្ចេកទេស ឬរហូតទៅដល់ប្រើប្រាស់នូវសារធាតុញៀននោះទេ»។
លោកបន្ថែមថា៖ «ទាំងកីឡាធម្មតា និងផ្នែកបងប្អូនពិការ ដែលខ្ញុំសង្ឃឹមថា ឆ្នាំនេះ ខ្ញុំរង់ចាំទទួលយកនូវមេដាយ ដោយមានចំនួនច្រើន ដែលចេញពីកីឡាពិការរបស់យើង ព្រោះថា នៅក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កីឡាជនពិការរបស់យើងតែងតែទទួលបានមេដាយច្រើនជារៀងរាល់ឆ្នាំ ហើយតាមឯកឧត្តម យី វាសនា និយាយថា ឆ្នាំនេះ អាចមានមេដាយលើសទ្វេដង ខ្ញុំរង់ចាំមើល»។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ក៏បានដាក់ក្តីសង្ឃឹមទៅលើក្រុមកីឡាករ កីឡាការិនីមិនមានពិការភាព ថា ពួកគេ នឹងដណ្តើមបានមេដាយច្រើន ពីការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នេះ។ លោកបញ្ជាក់ថា៖ «ខ្ញុំក៏សង្ឃឹមរង់ចាំកីឡាករ កីឡាការិនី របស់យើង នឹងទទួលបានមេដាយទ្វេដង បើប្រៀបធៀបទៅនឹងការប្រកួតតាមប្រទេសនានា ព្រោះយើងប្រកួតក្នុងផ្ទះរបស់យើង»។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដែលអានដោយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាអនុប្រធានអចិន្រៃ្តយ៍ CAMSOC-CAMAPGOC បានឱ្យដឹងថា ការប្រកួតស៊ីហ្គេម លើកទី ៣២ ដែលចាប់ផ្តើមពីថ្ងៃទី ៥ ដល់ទី ១៧ ខែឧសភា គឺមានការប្រកួត នៅលើប្រភេទកីឡាចំនួន ៣៧ និងវិញ្ញាសាប្រកួតចំនួន ៥៨១ អនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចំណែកការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា មាន ១៣ ប្រកួតកីឡា និងវិញ្ញាសាប្រកួត ៤៣១ អនុម័តដោយសហព័ន្ធកីឡាជនពិការអាស៊ាន។
លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានឱ្យដឹងទៀតថា ចំពោះការចុះឈ្មោះប្រតិភូកីឡាទាំង ១១ ប្រទេស ដែលបានបិទបញ្ចប់ កាលពីថ្ងៃទី ២៤ ខែមីនានោះ គឺមានចំនួនសរុប ១២ ៤០៤ នាក់ ក្នុងនោះប្រតិភូកីឡាកម្ពុជា ចំនួន ១ ១៥៨ នាក់ ប្រ៊ុយណេ ១១៣ នាក់ ឥណ្ឌូនេស៊ី ១ ៨០២ នាក់ ឡាវ ៦៥៦ នាក់ ម៉ាឡេស៊ី ១ ៥៣២ នាក់ មីយ៉ាន់ម៉ា ៦៩៤ នាក់ ហ្វីលីពីន ១ ៣៤២ នាក់ សិង្ហបុរី ១ ២២៨ នាក់ ថៃ ១ ៩៨៥ នាក់ ទីម័រខាងកើត ១៧១ នាក់ និងប្រតិភូកីឡាវៀតណាម ចំនួន ១ ៦៦៣ នាក់។
ជាមួយចំនួនប្រតិភូកីឡាដែលនឹងត្រូវមកចូលរួមប្រកួតស៊ីហ្គេមអាស៊ាន ប៉ារ៉ាហ្គេម នៅកម្ពុជានេះ លោក ហ៊ុន សែន បានថ្លែងថា៖ «យោងតាមរបាយការណ៍របស់ឯកឧត្តម ថោង ខុន គឺប្រតិភូកីឡាមានពីគ្រប់ប្រទេស មានរហូតដល់ ១២ ៤០៤ នាក់ ដូច្នេះគ្រាន់តែមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅ វាមិនមែនជាការងាយស្រួលទេ។ នេះអាចនិយាយបានថា ជាការទទួលភ្ញៀវទ្រង់ទ្រាយធំ ដែលយើងមិនធ្លាប់មានពីមុនមក»។
យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវតែរក្សាស្ថានភាពឱ្យបានល្អប្រសើរ សម្រាប់ការធ្វើដំណើរនានា របស់ប្រតិភូកីឡា មកពីបណ្តាប្រទេសផ្សេងៗ រាប់ទាំងកីឡាករ កីឡាការិនីក្នុងប្រទេសយើងផងដែរ ហើយជាមួយគ្នានេះ លោក ហ៊ុន សែន បានស្នើសុំឱ្យអ្នករស់នៅភ្នំពេញ មានការយោគយល់ ចំពោះការកកស្ទុះចរាចរណ៍ផ្សេងៗ ក្នុងអំឡុងការប្រកួតនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «នៅពេលមានការជាប់គាំងណាមួយ ដើម្បីយើងចេញទៅដឹកកីឡាករពីប្រទេសនានា ទៅកាន់តំបន់ប្រកួត និងចេញពីតំបន់ប្រកួត ទៅកន្លែងស្នាក់នៅ។ យើងធ្វើម្ចាស់ផ្ទះ ត្រូវមានការទទួលខុសត្រូវមួយ ដើម្បីធានានូវកម្មវិធីប្រកួត និងធានាទៅដល់សុវត្ថិភាពកីឡាករ កីឡាការិនី ដែលមានរហូតដល់ ១២ ៤០៤ នាក់ បូកបន្ថែមទៅដោយអ្នកគាំទ្រទាំងឡាយ មកកាន់ប្រទេសយើង»។
ជាមួយការខិតខំប្រឹងប្រែងរៀបចំ ដោយមានការទទួលខុសត្រូវ និងការតាំងចិត្តខ្ពស់ ពីគ្រប់ផ្នែកពាក់ព័ន្ធនេះ លោកនាយករដ្ឋមន្ត្រី មានការរំពឹងថា លោក ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ នឹងអាចមើលឃើញពីលទ្ធផលដ៏ល្អ ដែលជាកិត្តិយស និងមោទនភាពជាតិ សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូងនេះ។
លោកបន្ថែមថា៖ «ខ្ញុំកំពុងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរ ប្រកបទៅដោយកិត្តិយស និងមោទនភាពជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាមួយសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងមហាគ្រួសារកីឡាជាតិយើង ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កម្ពុជាឆ្នាំ ២០២៣ ទទួលបានជោគជ័យដ៏ធំធេង និងធានាឱ្យក្រុមជម្រើសជាតិកម្ពុជា សម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម»៕