ភ្នំពេញៈ គិតត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣​នេះ កម្ពុជា​បាន​ឈ្នះមេដាយ​ស៊ីហ្គេម​សរុប​ចំនួន ១២ ក្នុងនោះ​មេដាយ​ប្រភេទលេខ១ (មេដាយមាស) ចំនួន ៦ មេដាយ​លេខ២ (មេដាយប្រាក់) ចំនួន ៤ និងមេដាយ លេខ ៣ (មេដាយសំរិទ្ធ) ចំនួន ២ ។ នេះបើតាម​តារាង​មេដាយ​ស៊ីហ្គេម ថ្ងៃទី០៦ ខែឧសភា​នេះ។

តារាង​មេដាយ​នោះ​បង្ហាញ​ឱ្យដឹង​ទៀតថា ក្រៅពី​កម្ពុជា ប្រទេស ហ្វីលីពីន​ក៏បាន​ឈ្នះមេដាយ​ចំនួន ១៤ ក្នុងនោះ មេដាយលេខ១​ចំនួន ៤ លេខ២ ចំនួន ៦ និងលេខ៣​ចំនួន ៤។

គិតត្រឹម​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃ​នេះ កម្ពុជា​ឈ្នះ​មេដាយ​ស៊ីហ្គេម​ចំនួន ១២ ហើយ

រីឯប្រទេស​ថៃ បានឈ្នះ​មេដាយ​ចំនួន ៤ ក្នុងនោះ មេដាយ​លេខ១ ចំនួន១ លេខ២ចំនួន ២ និងមេដាយ​លេខ ៣ ចំនួន ១ផងដែរ។ ស្រដៀង​នេះ ប្រទេស​ឡាវ ក៏បាន​ឈ្នះមេដាយ​ចំនួន ៤ ក្នុងនោះ​មេដាយ​ប្រភេទ​លេខ១ចំនួន១ និងមេដាយ​លេខ៣ ចំនួន ៣ ។ រីឯប្រទេស វៀតណាម ឈ្នះ​មេដាយ៥ ក្នុងនោះ មាន​មេដាយ​លេខ២ចំនួន ១ និងមេដាយ​លេខ ៣ ចំនួន ៤។

តារាង​ដដែល​នោះ​បង្ហាញទៀត​ថា​ ប្រទេស​មីយ៉ាន់ម៉ា​ក៏បាន​ឈ្នះ​មេដាយ​ចំនួន ៤ រួមមាន មេដាយ​លេខ២ ចំនួន ១ និងមេដាយ​លេខ ៣ចំនួន ៣។ ដោយឡែក​ប្រទេស ម៉ាឡេស៊ី និង សិង្ហបុរី ឈ្នះ​មេដាយ​ម្នាក់១ ជា​មេដាយ​ប្រភេទ​លេខ ៣៕​