ភ្នំពេញ៖ ការ​ទន្ទឹម​រង់ចាំ​អស់​រយៈពេល ​៣២ ​ឆ្នាំ ដើម្បី​ឈ្នះមេដាយមាស​ម្តង​ទៀត របស់​ក្រុមជម្រើសជាតិ​​ឥណ្ឌូនេស៊ី បាន​កើតមាន​ឡើងជាថ្មី ក្នុងពេល​ដែល​ពួកគេ បាន​យក​ឈ្នះក្រុម​ជម្រើសជាតិ​ថៃ ទាំង​ចម្រូងចម្រាស ក្នុង​លទ្ធផល ៥-២ នៅពហុកីឡដ្ឋានជាតិ កាលពី​យប់ថ្ងៃទី​១៦ ខែឧសភា ហើយក៏ជាពេលដែល​អាជ្ញាកណ្តាល បានប្រើ​កាត​ក្រហម​ច្រើនបំផុត ក្នុង​ប្រវត្តិស៊ីហ្គេម ដើម្បី​ពិន័យ​ និងអន្តរាគមន៍​ទៅលើការ​ប្រតាយប្រតប់គ្នា ដោយហិង្សា រវាងក្រុមទាំង​២​នេះ​ផងដែរ។

ចំពោះហេតុការណ៍ ដែលនាំមុខ​ឱ្យមានការ​ប្រតាយប្រតប់គ្នាពេញ​ទី​លាន ចំនួន​២ដង​នោះ អាជ្ញាកណ្តាលជនជាតិអូម៉ង់ លោក​ Matar Ali Al-Hatmi Qasim បានពិន័យកាត​ក្រហមចំនួន​៨ ទៅកាន់​​អ្នកដែលបានពាក់ព័ន្ធ ក្នុង​នោះមាន​កីឡាករ​ និងក្រុមការងារ​របស់​ថៃ ចំនួន៤នាក់ និងក្រុម​ឥណ្ឌូនេស៊ី ៤នាក់ ហើយកីឡាករ​ថៃ ចំនួន​២នាក់​ទៀត ក៏ត្រូវបានបណ្តេញចេញ ជាមួយការ​ពិន័យកាត​លឿង​ចំនួន២ ស្មើ​កាត​ក្រហម ផងដែរ។

តាម​រយៈ​ការ​ប្រកួត​នោះ ​ខ្សែ​ប្រយុទ្ធ Ramadhan Sananta បាន​ជួយ​ឱ្យក្រុមឥណ្ឌូនេស៊ី នាំមុខ ២-០ នៅក្នុងតង់ទី​១ តាម​រយៈការ​រកបានគ្រាប់បាល់ដ៏​ល្អ​របស់គេ នៅនាទីទី​ ២១ និងទី ៤៥+៥ មុន​ពេល​ខ្សែ​ប្រយុទ្ធ​របស់ថៃ Anan Yodsangwal វាយបក​បាន​១​គ្រាប់វិញ នៅ​នាទីទី​៦៥​។

ក្រុម​ឥណ្ឌូនេស៊ី បានព្យាយាម​លេង​ទប់ ដើម្បី​រក្សាគ្រាប់បាល់​​នាំ​មុខ ២-១ នេះ រហូត​ដល់នាទី ៩០+៧ ហើយនៅពេល​អាជ្ញាកណ្តាល​ផ្តុំកញ្ចែ​នោះ ក្រុមឥណ្ឌូនេស៊ី បាននាំ​គ្នារត់​ចូល​ទៅ​លាន ដើម្បី​អបអរ​ជ័យជម្នះ​របស់គេ ហើយ​អ្នកគាំ​ទ្រ​រាប់ម៉ឺន​នាក់ ដែលបានចូលរួមទស្សនា​ផ្ទាល់ ក៏បាន​ស្រែកអបអរ​យ៉ាងកងរំពង​ដូចគ្នា។

ប៉ុន្តែ​ភ្លាម​នោះ លោកអាជ្ញាកណ្តាល Matar Ali Al-Hatmi Qasim បាន​ធ្វើការ​អន្តរាគមន៍ ដោយបាន​ប្រាប់ទៅ​ក្រុម​ឥណ្ឌូនេស៊ី ​ថា ការប្រកួត​មិនទាន់បញ្ចប់​ទេ ការ​ផ្លុំកញ្ចែ​របស់លោក គឺ​ផ្តល់បាល់ហ្វ្រីឃីក​ទៅ​ឱ្យ​ក្រុម​ថៃ ហើយ​មិនទាន់ទាំង​បានសម្រួល​អារម្មណ៍វិញ​ផង ខ្សែ​ប្រយុទ្ធ​ពាក់លេខ​៩​របស់ថៃ Yotsakorn បាន​រត់ទៅ​ឆក់​យក​បាល់ពីការប្រជែង​គ្នា នៃ​ការ​ទាត់​ហ្រ្វីឃីក​នោះបាន រួច​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អបំផុត ដើម្បី​ជួយ​សង្រ្គោះ​ក្រុម​ថៃ ឱ្យតាមស្មើ ២-២ ក្នុង​វិនាទី​ចុងក្រោយ​នោះ។

ក្រុម​ថៃ បាន​នាំ​គ្នារត់​អបអរសាទរគ្រាប់បាល់នេះ ពេញ​ទីលាន ស្របពេល​ក្រុម​ឥណ្ឌូនេស៊ី ក៏បាន​លើកគ្នាទៅ​តវ៉ាជាមួយក្រុម​អាជ្ញាកណ្តាល ចំពោះពេលវេលាចុង​ក្រោយនេះ​ផងដែរ ហើយជាមួយ​អារម្មណ៍​ពុះកញ្រ្ជោល​ដូចគ្នានេះ ក្រុមទាំង​២ បានប៉ះទង្គិច​គ្នា​ រហូតមានការ​អន្តរាគមន៍​ពី​កង​កម្លាំង ទើបអាចទប់ស្ថានការណ៍នេះបាន​។ ក្នុង​ហេតុការណ៍លើក​ទី​១ នៅនាទីទី​៩២នេះ លោកអាជ្ញាកណ្តាល បានពិន័យកាត​ក្រហមទៅអ្នកចាំទី​ថៃ Prasobchoke Chokemore និង​ខ្សែការពារពាក់លេខ​៤​របស់​​ក្រុមឥណ្ឌូនេស៊ី Komang Teguh Trisnanda។

ក្រោយ​ហេតុការណ៍នេះ បានបញ្ចប់ ការ​ប្រកួត​បន្ថែម​នាទី ១៥នាទី លើកទី​១ ក៏បានចាប់​ផ្តើម ហើយ​នៅនាទីទី​ ៩៨ ខ្សែ​ប្រយុទ្ធ YOTSAKON BURAPHA ក៏​រកបានគ្រាប់បាល់​នាំមុខ ៣-២ ឱ្យ​ឥណ្ឌូនេស៊ី ប៉ុន្តែ​ភ្លាម​នោះ ​ក្រុម​ការងារ និងគ្រូ​បង្វឹក​របស់​ក្រុមទាំង​២ ពិសេសខាង​ថៃ បានផ្ទុះកំហឹង នាំឱ្យ​មានការ​ប្រតាយ​ប្រតប់គ្នា​ខ្លាំង ដោយក្នុង​នោះ​គ្រូ​ជំនួយ​របស់​ក្រុម​ឥណ្ឌូនេស៊ី ម្នាក់ ត្រូវបាន​ខាង​ថៃ វាយឡើង​ឈាម​មាត់។

ចំពោះការ​វាយប្រតាយប្រតប់​គ្នាលើកនេះ អាជ្ញាកណ្តាល បាន​ផ្តល់​កាត​ក្រហម​ទៅឱ្យ​ខាង​ថៃ ចំនួន​៣​នាក់ រួមមាន​គ្រូចាំទី​លោក PRASOBCHOKE CHOKEMOR ព្រមទាំងលោក MAYEID MAD-ADAM និងលោក PATTARAWUT WONGSRIPHUEK ដែលជា​ក្រុមការងារ​របស់ថៃ ចំណែកកីឡាករ TITAN AGUNG BAGUS FAWWAZI គ្រូចាំទី SAHARI GULTOM និងក្រុមការងារ​ឥណ្ឌូនេស៊ី លោក TEGAR DIORKTA ANDIAS ​ ក៏ត្រូ​វបាន​ពិន័យកាត​ក្រហម​ផងដែរ។

បន្ទាប់ទៀត ខ្សែការពារលេខ​៤ JONATHAN KHEMDEE ក៏ត្រូវបាន​ពិន័យ​កាត​ក្រហម ក្រោយ​ទទួលបាន​កាតលឿង ជាលើកទី​២ មុនពេល​កីឡាករ MUHAMMAD FAJAR FATHUR RACHMAN បានស៊ុតគ្រាប់បាល់ទី​៤ ឱ្យឥណ្ឌូនេស៊ី ហើយក្នុងពេលនោះ​ កីឡាករ TEERASAK POEIPHIMAI របស់ថៃ ក៏បាន​ទទួល​កាតលឿងទី​២ ស្មើកាត​ក្រហម ក្នុងនាទីទី​១១៨ ដូចគ្នា។ នៅនាទី ១២០ កីឡាករ BECKHAM PUTRA NUGRAHA បានស៊ុត​បញ្ចូល​ទី​១​គ្រាប់​ទៀត ដើម្បីជួយ​ឱ្យ ក្រុមឥណ្ឌូនេស៊ី បាន​យក​ឈ្នះក្រុមថៃ ដែលនៅសល់សមាជិក​ត្រឹម​៨នាក់ ទល់នឹង​១០នាក់ នៅលើទីលាន។

ជាមួយការយក​ឈ្នះក្រុម​ថៃ ដោយ​លទ្ធផល ៥-២ ដោយចម្រូងចម្រាស​នេះ បានជួយ​ឱ្យក្រុមឥណ្ឌូនេស៊ី ឈ្នះបានមេដាយមាស ជាថ្មី​ម្តង​ទៀត បន្ទាប់ពី​រង់ចាំអស់​រយៈពេល​៣២​ឆ្នាំ ព្រោះ​ក្រុម​ឥណ្ឌូនេស៊ី បានឈ្នះ​មេដាយមាស លើ​ការ​ប្រកួតបាល់​ទាត់បុរស​នេះ ជាលើកទី​១ នៅ​ឆ្នាំ​១៩៨៧ ក្នុងពេលពួកគេ ធ្វើជាម្ចាស់​ផ្ទះ និង​ឈ្នះ​មេដាយមាស លើកទី​២ នៅឆ្នាំ​១៩៩១ ក្នុងពេល​ប្រទេស​ហ្វីលីពីន បាន​ធ្វើ​ជាម្ចាស់​ផ្ទះ៕